ពលករ​ខ្មែរ​នៅ​ថៃ​ដាក់​ញត្តិ​ស្នើ​រ​ដ្ឋា​ភិបាល​ថៃ​​ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​អំឡុង​រីក​រាល​ដាល​​ជំងឺ​កូវីដ-១៩

តំណាងពលករខ្មែរប្រមាណ២០នាក់បានយកញត្តិទៅដាក់នៅរដ្ឋសភាថៃ ក្នុ​ងទីក្រុងបាងកក ដើម្បីស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលថៃ​លើបញ្ហាប្រឈមរបស់ពលករខ្មែរចំនួន៥ចំណុច អំឡុងការរាលដាលនៃកូវីដ-១៩ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មូលនិធិពលករខ្មែរប្រចាំប្រទេសថៃ/ Screenshot)

ពលករខ្មែរដែលកំពុងស្នាក់នៅនិង​ធ្វើការក្នុងប្រទេសថៃមួយចំនួនបានដាក់ញត្តិទៅរដ្ឋសភាថៃ ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលនៃប្រទេសនេះជួយអន្តរាគមន៍ដោះស្រាយបញ្ហាឯកសារផ្លូវច្បាប់ ការស្នាក់នៅ ធ្វើការ និងការ​ព្យា​បា​​លអ្នកដែលឆ្លងជំងឺកូវីដ-១៩ឱ្យបានសមរម្យដូចពលរដ្ឋថៃ។

ប្រធានមូល​និធិពលករខ្មែរប្រចាំប្រទេសថៃ បានប្រាប់ វីអូឌី ឱ្យដឹងតាមទូរសព្ទពីប្រទេសថៃ នៅថ្ងៃទី១ ខែកក្កដា ក្នុងល​ក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា តំណាងពលករខ្មែរប្រមាណ២០នាក់បានយកញត្តិទៅដាក់នៅរដ្ឋសភាថៃ ក្នុ​ងទីក្រុងបាងកក ដើម្បីស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលថៃ​លើបញ្ហាប្រឈមរបស់ពលករខ្មែរចំនួន៥ចំណុច។

ប្រភពដដែលបន្ត​ថា បញ្ហាទាំងនោះរួមមាន ផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរតាមរយៈការចុះឈ្មោះស្នើសុំបណ្ណស៊ីជម្ពូ​ជាលើកទី២ បញ្ឈប់ការចាប់អ្នកដែលពុំមានឯកសារស្នាក់នៅនិងធ្វើការស្របច្បាប់គ្រ​ប់​គ្រាន់ ផ្តល់ស្បៀងអាហារដល់ពលករខ្មែរដែលជាប់នៅតំបន់បិទខ្ទប់ឱ្យបានគ្រប់គ្រាន់ និងព្យាបាល​អ្នកដែល​ឆ្លងជំងឺកូវីដ-១៩ឱ្យដូចជាពលរដ្ឋថៃ។ 

ប្រធានមូលនិធិរូបនោះនិយាយថា៖ «យើងក៏បានដាក់ស្នើទៅខាងរដ្ឋមន្រ្តីនៅមន្ទីរការងារ ហើយនិងដាក់ទៅខាងរដ្ឋសភាថៃ អ៊ីចឹងក៏មានការចេញមកទទួលញត្តិរបស់ពួកយើងអំពីគណៈរដ្ឋមន្ត្រី ក៏ដូចជាតំណាងសមាជិកសភាដែលទទួលបន្ទុកផ្នែកការងារហ្នឹង ហើយបញ្ជាក់ថា ពួកគាត់នឹងយកអ្វីដែលជាទុក្ខលំបាករបស់​ពួកយើង ជាសំណើហ្នឹងទៅពិភាក្សានៅសភា ហើយនឹងរកដំណោះស្រាយ»

ពលករខ្មែរម្នាក់ដែលបានចូលរួម​ដាក់ញត្តិដែរនោះ ប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែរថា មូលហេតុដែល​គាត់ចូលរួមជាមួយមន្រ្តីមូលនិធិពលករខ្មែរប្រចាំប្រទេសថៃ ដោយសាររូបលោកមើលឃើញពីទុក្ខលំបាករបស់ពលរដ្ឋខ្មែរកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសនេះ។ 

លោកថា ពលករខ្មែរមួយចំនួនកំពុងជួប​ការ​លំបាកផ្នែកជីវភាព នៅពេល​អាជ្ញាធរ​បិទខ្ទប់តំបន់ដែលពួកគេស្នាក់​នៅ ហើយមានអ្នក​ខ្លះឆ្លងជំងឺកូវីដ-១៩ តែមិនត្រូវបានអាជ្ញាធរសុខាភិបាលថៃ​យកចិត្តទុកដាក់ព្យាបាលនោះទេ។

ប្រភពដដែលនិយាយថា៖ «បងប្អូនមួយចំនួនឮពាក្យថា ថៃមិនយកចិត្តទុកដាក់ក្នុងការព្យាបាលកូវីដ-១​៩ ​ចំពោះពលករខ្មែរ និងស្របពេលពលករខ្មែររងទុក្ខលំបាកបន្ថែមទៀតនៅពេលអាជ្ញាធរថៃបិទខ្ទប់រយៈពេ​ល១ខែ។ ដូច្នេះ ពួកគាត់ក៏សម្រេចចិត្តទៅដាក់ញត្តិ ដើម្បីសុំអន្តរាគមន៍ពីសភាថៃ»។ 

មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា គាំទ្រចំពោះការដាក់ញត្តិរបស់តំណាងពលករខ្មែរនៅក្នុងប្រទេសថៃ។ លោកលើកឡើងថា សកម្មភាពនេះបង្ហាញពីការប្រើប្រា​ស់​សិទ្ធិបញ្ចេញសំឡេងទាមទារ ដើម្បីឱ្យរដ្ឋាភិបាលម្ចាស់ប្រទេសដឹងឮនិងធ្វើការដោះស្រាយ ខណៈកន្លងមក លោក​មើលឃើញថា បញ្ហាទាំងនេះហាក់កំពុងត្រូវបានមើលរំលង។   

មន្រ្តីឃ្លាំមើលសិទ្ធិពលកររូបនេះបន្ថែមថា ពលករខ្មែរបានជួបឧបសគ្គនិងបញ្ហាជាច្រើនក្នុងការរស់នៅនិងធ្វើការ​ក្នុងប្រទេសក្បែរខាងមួយនេះ តាំងពីមុនវិបត្តិកូវីដ-១៩មកម៉្លេះ។ លោកបន្តថា ស្ថានភាពរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មីដែលវិវត្តកាន់តែធ្ងន់ធ្ងរពេលនេះ កំពុងធ្វើឱ្យពួកគេមួយចំនួន ពិសេសអ្នកគ្មានការងារធ្វើនិងបានឆ្លងជំងឺកូវីដ-១៩ ធ្លាក់ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរ។

លោក ឌីថេ ហូយ៉ា និយាយថា៖ «សកម្មភាពលករខ្មែរនេះ តិចឬច្រើនបានបង្ហាញអំពីសុខទុក្ខនិងតម្រូវការរបស់ពួកគាត់ ឱ្យទាំងរដ្ឋាភិបាលថៃនិងកម្ពុជាបានដឹង ហើយរដ្ឋាភិបាលកម្ពុជាគួរសហការជាមួយរដ្ឋាភិបាលថៃ ដើម្បីឆ្លើយតបចំពោះបញ្ហានេះ»

ទាក់ទងបញ្ហាប្រឈមរបស់ពលករខ្មែរនៅក្នុងប្រទេសថៃដោយសារបញ្ហាជំងឺកូវីដ-១៩នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បាន​ប្រាប់ វីអូឌី ​តាមសារ Telegram កាលពីថ្ងៃទី២៨ ខែមិថុនា សប្តាហ៍មុនថា ក្រ​សួងនិងស្ថានកុង​ស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ កំពុងត្រៀមខ្លួនជួយដោះស្រាយបញ្ហាលំបាករបស់ព​លរដ្ឋខ្មែរជានិច្ច។

បើតាមមន្រ្តីអ្នកនាំពាក្យរូបនេះ ពលករខ្មែរប្រមាណ១លាននាក់កំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃ ខណៈរបាយការណ៍ពីអង្គការសង់ត្រាល់​ថា ពលករខ្មែរដែលចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសនេះទាំង​ស្របច្បាប់និងមិនស្របច្បាប់ គឺមានប្រមាណ១លាន៦សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ