នាយក​រដ្ឋ​មន្ត្រី​ថា​កូវីដ​បំប្លែង​ថ្មី (Delta) អាច​ជា​សោក​នាដ​កម្ម​ក្នុង​ប្រទេស​កម្ពុជា

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញវិធានការថ្មីទៀត ដើម្បីទប់ស្កាត់រលកចម្លងជំងឺកូវីដ-១៩បំប្លែងថ្មី (Delta) ដោយបង្ហាញការព្រួយបារម្ភថា មេរោគបំប្លែងថ្មីនេះអាចនឹ​ង​ប​ង្កសោកនាដកម្មដល់កម្ពុជា បើមិនអាចទប់ស្កាត់បាន។

ក្រសួងសុខាភិបាលបានជូនដំណឹងថា ខ្លួនបានរកឃើញជំងឺកូវីដ-១៩បំប្លែងថ្មី (Delta) ២២ករណី គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០​២១ លើពលករវិលត្រឡប់ពីប្រទេសថៃ ស្របពេល​មេរោគនេះ ធ្លាប់វាយលុកនិងបង្កសោកនាដកម្មនៅប្រទេសឥណ្ឌាម្តងរួចមកហើយ។

ក្នុងកិច្ចប្រជុំតាមវីដេអូ ជាមួយមន្ត្រីពាក់ព័ន្ធនៅថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បានថ្លែងថា អត្រាអ្នកស្លាប់និងអ្នកឆ្លងជំងឺកូវីដ-១៩ ពាក់ព័ន្ធ «ព្រឹត្តិការណ៍២០កុម្ភៈ» នាប៉ុន្មានថ្ងៃជាប់គ្នាមកនេះ បានកើនឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភ ត្រឹម២ថ្ងៃជាប់គ្នា មានអ្នកស្លាប់ជាង៥០នាក់។

លោកបន្តថា ទន្ទឹមគ្នានេះ កូវីដបំប្លែងថ្មី «ដែលតា (Delta)» ក៏ត្រូវបានរកឃើញលើពលរដ្ឋខ្មែរដែលឆ្លងដែនពីប្រទេសថៃត្រឡប់មកកម្ពុជាវិញ ដែលបញ្ហានេះ លោកបានដាក់វិធានការ៥ចំណុច ដើម្បីទប់ស្កាត់ទៀតផង។

លោកថា៖ «ត្រូវរៀបចំការព្យាបាលដាច់ដោយឡែក ហើយចត្តាឡីស័កក៏ត្រូវធ្វើរហូត២១ថ្ងៃ មិនមែន១៤ថ្ងៃទេ! ត្រូវប្រុងប្រៀបថា​ ហេ​តុដ៏អាក្រក់ដែលអាចក្លាយជាសោកនាដកម្មនៅក្នុងប្រទេសរបស់យើង ព្រោះប្រភេទនេះមានការវាយលុកខ្លាំងណាស់ៗ»។

បើតាមនាយករដ្ឋមន្ត្រី អាជ្ញាពាក់ព័ន្ធត្រូវទប់ស្កាត់កុំឱ្យមានការធ្វើដំណើរឆ្លងដែនចេញពីប្រទេសកម្ពុជា ត្រូវបង្កើនវិធានការធ្វើចត្តាឡីស័កនៅខេត្តជាប់ព្រំដែន សម្រាប់ពលករដែលវិលត្រឡប់ពីប្រទេសថៃ។

មួយវិញទៀត កងកម្លាំងប្រដាប់អាវុធត្រូវធ្វើតេស្តរហ័ស ពង្រឹងសម​ត្ថ​ភាពមន្ត្រីជំនាញក្នុងវិស័យសុខាភិបាល មន្ទីរពិសោធន៍ រួមទំាងអនុញ្ញាតឱ្យវិស័យឯកជនឬសហគ្រាសអាចប្រើប្រាស់ឧបក​រណ៍​តេ​ស្តរហ័សលើបុគ្គលិករបស់ពួកគេ ដើម្បីទប់ស្កាត់រលកចម្លងទាន់ពេលវេលា។

យ៉ាងណា មេដឹកនាំរូបនេះបានស្តីបន្តោសមន្ត្រីក្រសួងសុខាភិបាលដែលគ្រប់គ្រងសម្ភារបរិក្ខារពេទ្យ ដោយមិនបានផ្តល់ឧបករណ៍តេស្តរហ័សគ្រប់ចំនួនតាមការស្នើសុំរបស់អាជ្ញាធរខេត្តមួយចំនួនដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩តាមតម្រូវការ។ បញ្ហានេះ លោកថា ក្រសួង​សាម៉ីមួយនេះត្រូវកែតម្រូវជាបន្ទាន់។

លោកថា៖ «អ៊ីចឹង ខ្ញុំចេញជាបញ្ជាម្តង មិនចាំបាច់មានការឯកភាពពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលទេ ព្រោះអាហ្នឹងវាអត់អីពិបាកផង វាអត់អីពិបាកផង! ហើយយើងនិយាយគ្នាក៏វាច្រើនណាស់ហើយដែរ តែយើងនៅតែឱបក្រសោបហ្នឹង អាការងារក៏ឱបក្រសោប អាសម្ភារក៏ឱបក្រសោប ​ដេកឱបនៅនឹងភ្នំពេញហ្នឹង មួយខេត្តមាន១ ០០០ធ្វើមួយថ្ងៃអស់ ឡើងមកទៀត អស់តែសាំងឡាន។ ចាំណា! អាកន្លែងហ្នឹង»។

ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន សុំមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះឡើយ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ការដាក់ចេញវិធានការរបស់រដ្ឋាភិបាលនេះ​ ស្របគ្នា​ទៅនឹងការដាក់ចេញវិធានមួយចំនួនបន្ថែមទៀតដល់កងម្លាំង ដើម្បីទប់ស្កាត់ការឆ្លងដែនចេញចូលទៅប្រទេសជិតខាង ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររយៈពេល៦ខែរបស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានធ្វើកាលពីម្សិលមិញ ។

លោកថា៖ «ផែនការដែលមានស្រាប់ យើងបន្តជំរុញការអនុវត្តនិងពង្រឹងបន្ថែមទៀត តែអ្វីដែលថ្មីនេះគឺយើងពង្រឹងបន្ថែមការបង្ការការឆ្លងដល់កម្លាំងរបស់យើង»។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន​ហេង កាលពីថ្ងៃទី២៨ ខែមិថុនានេះ បានចេញសេចក្តីជូនដំណឹងថា ជំងឺកូវីដ-១៩​ ឈ្មោះ «ដែលតា (Delta)» ជាវីរុ​សបំប្លែងខ្លួនថ្មី មានភាព​សាហាវ​ជាង​វីរុសបំប្លែងខ្លួនមុនៗចំ​នួនដល់ទៅ១៥ដង។

នាយកអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បង្ហាញការព្រួយបារម្ភពីរលកចម្លងមេរោគបំប្លែងថ្មីនេះ ខណៈលោកមើលឃើញថា ពលរដ្ឋកម្ពុជាមួយចំនួនហាក់មិនទាន់បានត្រៀមខ្លួនទប់ស្កាត់នឹងជំងឺដ៏កាចសាហាវនេះបាននៅឡើយ ។

លោកថា៖ «បញ្ហាដែលតា [Delta] នេះ យើងឃើញជាឧទាហរណ៍ស្រាប់នៅប្រទេសឥណ្ឌាដែលជាប្រទេសដែលមានធនធានសុខាភិបាលល្អផង គាត់នៅតែមិនអាចឆ្លើយតបបាន ដោយសារមេរោគហ្នឹងវាសាហាវឆ្លងលឿន ហើយពិបាកព្យាបាល […] ។ ដូច្នេះ រដ្ឋាភិបាលគួ​រចា​ត់វិធានការ៤ទៅ១០ជំហានមុនឱ្យហើយ ក្នុងការឆ្លើយតបនៅពេលដែលការឆ្លងហ្នឹងវាមានកម្រិតច្រើន»។

យ៉ាណា លោកផ្តល់យោបល់ថា ដើម្បីជំរុញដល់ការចូលរួមពីប្រជាពលរដ្ឋក្នុងការទប់ស្កាត់វិបត្តិនេះ រដ្ឋាភិបាលត្រូវមានកញ្ចប់ថវិកាសម្រា​ប់ជួយដោះស្រាយបញ្ហាស្បៀង សេដ្ឋកិច្ចគ្រួសារអ្នកដែលរងផលប៉ះពាល់ ខណៈរលកចម្លងបានកើតឡើងម្តងហើយម្តងទៀតរ​ហូ​តជាង១ឆ្នាំមកនេះ។

ក្រសួងសុខាភិបាលបានជូនដំណឹងថា គិតត្រឹមព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ អ្នកឆ្លងសរុបមានជាង៥ម៉ឺននាក់ (៥១ ៣៨៤) អ្នកជាសះស្បើយជាង៤ម៉ឺននាក់(៤៤ ៨៥៨) អ្នកស្លាប់៦២៦នាក់ និងករណីនាំចូលចំនួន២ ៦៨០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ