លោក​ ស ខេង​ ណែនាំ​មន្ត្រី​ឱ្យ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ខណៈ​ការ​បោះឆ្នោត​ជិត​មក​ដល់​

លោក ស ខេង ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ក្រោយ​កិច្ច​ប្រជុំ​រដ្ឋ​សភា​ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

មេដឹកនាំបក្សកាន់អំណាច និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ណែនាំមន្ត្រីឱ្យព្យាយាម​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លីមុន​ការបោះឆ្នោតមកដល់ ដោយឈរ​លើស្មារតីទទួ​លខុសត្រូវ កុំទម្លាក់​កំហុស​ទៅក្រុម​ប្រឆាំង។

ការថ្លែង​របស់​លោក​ ស ខេង ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងរបស់​អភិបាលខេត្តកំពង់ឆ្នាំងថ្មី គឺលោក ស៊ុន វុណ្ណារិទ្ធ ដែលជាអតីតអភិបាលរង ជំនួស​លោក ឈួរ ចាន់ឌឿន ដែលផ្លាស់ទៅ​កាន់​តំណែង​ជារដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទវិញ នា​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០២១។

លោក ស ខេង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បាននិយាយក្នុងពិធីនោះថា ការបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅសល់រយៈពេល​មួយឆ្នាំទៀតប៉ុណ្ណោះ​ ប៉ុន្តែពេលនេះជា​រដូវកាល​ដែល​អ្នកនយោបា​យនានា តែងតែចាប់យកឱកាសនេះឆ្កឹះឬបំផុសឡើង​ពី​​បញ្ហាប្រឈមនានាឬ​ទំនាស់​ដីធ្លី ក្នុង​បំណង​ប​ម្រើ​​ផលប្រយោជន៍នយោបាយរបស់ខ្លួន​ ឈានទៅទទួលបានការគាំទ្រឬសំឡេងឆ្នោតពីអ្នកបោះ​ឆ្នោត។

លោកថា បញ្ហានេះ សមត្ថកិច្ចទាំងអស់ត្រូវចាប់ផ្តើមពីពេលនេះទៅ ទាំងគ្រប់គ្រងសភាពការ និងត្រូវព្យាយាម​ដោះស្រាយបញ្ចាប់វិវាទទាំងនោះ។

លោកថា៖ «ហើយក៏មិនត្រូវមានទស្សនៈខុសឆ្គងថា បញ្ហានេះដោយសារពួកប្រឆាំង ក៏ប៉ុន្តែត្រង់ថាយើងត្រូវមើលខ្លួនយើងមុន តើវា​មា​​នបញ្ហានោះមែនឬក៏អត់? បើមាន ឧទាហរណ៍​ដូចជា​ទំនាស់​ដីធ្លី​មាន​ការរំលោភ​បំពានទៅលើផលប្រយោជន៍និងសិទ្ធិរបស់ប្រ​ជា​ព​លរដ្ឋឬក៏អត់? បើមាន យើងត្រូវទទួលស្គាល់ ត្រូវដោះស្រាយបញ្ចប់វា អាហ្នឹងបានទៅរួច»។

លោក ស ខេង បានគូសបញ្ជាក់ទៀតថា បញ្ហានេះវាមិនត្រឹម​តែកើតឡើង​នៅខេត្តកំពង់ឆ្នាំង​ទេ គឺនៅ​ទូទាំងប្រទេស​បានកម្រើកឡើងបណ្តើរៗហើយ ដែលមានអ្នកតវ៉ាខ្លះឡើងទៅតវ៉ានៅរាជធានី​ភ្នំពេញផងដែរ។

ប៉ុន្តែ​លោកថា ធម្មតាអ្នកនយោបាយគេប្រើមធ្យោបាយផ្សេងៗ ដើម្បី​ទាញយកផលប្រយោជន៍របស់ពួកគេ តែសំខាន់អាជ្ញាធររដ្ឋត្រូវពិនិត្យមើលពីកំហុសខ្លួនឯង ហើយព្យាយាមដោះស្រាយបញ្ចប់​បញ្ហាដោយ​សន្តិវិធី។

លោកបញ្ជាក់​ថា៖ «មានកន្លែងខ្លះ ពីមុន ដែលខ្ញុំរិះគន់ថាយកយោធាទៅអនុវត្តដីកា អាហ្នឹងស្រុកណាដែលគេធ្វើអ៊ីចឹង? វាអត់មានទេ! យោ​ធា​ស​ម្រាប់សង្គ្រាម បើសង្គ្រាមហើយ វាអត់មានច្បាប់ទម្លាប់ទេ ប៉ុន្តែយកយោធា​ទៅអនុវត្តដីកាម៉េច? វាមិនត្រូវ! អានេះវាជាបទពិសោ​ធន៍ខុស​ដែលយើងបានឆ្លងកាត់មក។ តែទោះពីនគរបាលក្តី កងរាជអាវុធហត្ថក្តី ដែលយកទៅដោះស្រាយហ្នឹង ក៏មិនត្រូវប្រើប្រាស់ ដែលគេហៅថាអំពើហិង្សា​ដែលនាំឱ្យមានបញ្ហានោះទេ ត្រូវតែសម្របសម្រួលយកការដោះស្រាយដោយសន្តិវិធី»។

តាមរយៈសារក្រើនរម្លឹករបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​នេះ តំណាងអ្នកមានជម្លោះដីធ្លីនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អ្នកស្រី អ៊ុំ សុភី សង្ឃឹមថា អភិបាលខេត្តថ្មីនឹង​ដោះស្រាយបញ្ចប់​វិវាទដីធ្លីរបស់​ពួកគាត់ ជាមួយក្រុមហ៊ុន KDC របស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឱ្យ​បាន​ឆាប់។

អ្នកស្រីថា៖ «សម្រាប់ខ្ញុំ មានសំណូមពរទៅកាន់អភិបាលខេត្តថ្មីថា លោកនឹងដោះស្រាយដីធ្លីឱ្យពួកខ្ញុំដែលរាំងស្ទះជិត​២០ឆ្នាំហើយ។ ខ្ញុំសង្ឃឹមថា គាត់នឹងយករឿងរបស់ពួកខ្ញុំទៅដោះស្រាយ ព្រោះរឿងរបស់​ពួកខ្ញុំ ពួកខ្ញុំក៏បានដាក់នៅសាលាខេត្តហ្នឹងជាញឹកញាប់ដែរ។ ប៉ុន្តែបើលោក​បែរ​ជាមិនដោះស្រាយ បានន័យថា រើសមកធ្វើអី បើអត់ដោះស្រាយដដែលៗហ្នឹង អ៊ីចឹងពលរដ្ឋនៅតែគ្មានទំនុកចិត្តដដែលហ្នឹង»។

អ្នកស្រី អ៊ុំ សុភី ដែលជាតំណាងពលរដ្ឋ១១៨គ្រួសារ បានបញ្ជាក់ថា ក្រោយតវ៉ាច្រើនឆ្នាំ ពលរដ្ឋមួយចំនួនបានទទួលយកសំណងទាំងបង្ខំចិត្ត ប៉ុន្តែថា នៅ៥២គ្រួសារទៀតដែលបានបាត់បង់ដីជាង១០០ហិកតាទៅលើក្រុមហ៊ុន បានដាក់ពាក្យប្តឹងតវ៉ាទៅតុលាការតាំងពីឆ្នាំ២០១១មក ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ ខណៈក្រុមហ៊ុនបានធ្វើរបងកម្ពស់លិចក្បាលព័ទ្ធ​ដីជម្លោះនោះ​ចាប់ពីឆ្នាំ២០១៤មក។

អភិបាលខេត្តកំពង់ឆ្នាំងដែលទើបចូលកាន់តំណែងថ្មី លោក ស៊ុន សុវណ្ណារិទ្ធ បានបដិសេធអត្ថាធិប្បាយ ដោយប្រាប់ថាជាប់រវល់។ 

អ្នកសម្របសម្រួលគម្រោងធុរកិច្ច នៃ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត បាន​កត់​សម្គាល់​ថា នៅពេលជិត​ដល់រដូវកាលបោះឆ្នោត​ម្តង​ៗ លោក​តែងតែបានឮពី​ការ​​ប្តេជ្ញាចិត្ត​កែលម្អ​​អភិ​បាល​កិច្ចនៅថ្នាក់ក្រោមជាតិ រួមទាំងការដោះស្រាយ​វិវាទដីធ្លី ពីសំណាក់មន្ត្រី​រដ្ឋាភិបាល​។ ប៉ុន្តែលោក​ថា ក្រោយបោះឆ្នោត បញ្ហាចាស់វាបាននៅ​ទ្រឹង និងពេលខ្លះ បញ្ហាថ្មីបានកើតឡើងបន្ថែមទៀត។

មួ​យវិញទៀត លោកថា ប្រសិទ្ធភាពនៃការចង់បញ្ចប់វិវាទដីធ្លីនៅមូលដ្ឋាននឹងមិនអាចទៅរួចទេ បើបក្សកាន់​អំ​ណាចគ្មានឆន្ទៈ​ពិតប្រាកដ​នោះ។

លោកថា៖ «បើមានគណបក្សដែលមានប្រជាប្រិយភាព មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងទៅ អាហ្នឹងដល់ពេលមានបញ្ហាអ្វីកើតឡើងម្នាក់ៗនឹង​ខំប្រឹងដើម្បីយកស្នាដៃ ដើម្បីឱ្យពលរដ្ឋគាំទ្រ ដើម្បីយកសំឡេង​ឆ្នោតអ៊ីចឹង។ ដល់បច្ចុប្បន្ន ដល់ពេលមានគណបក្សនយោបាយតែមួយ អ៊ីចឹងម៉្លោះហើយគេថា ចង់មិនចង់ ធ្វើទៅក៏ប៉ុណ្ណឹង មិនធ្វើក៏ប៉ុណ្ណឹង»។

ជម្លោះដីធ្លីដែលបានកើតឡើងជាបន្តបន្ទាប់មកនេះ ធ្វើឱ្យកសិករខ្លះ​ដែលចេញតវ៉ាដើម្បីការពារដីធ្លាប់អាស្រ័យ​ផលរបស់ខ្លួនខ្លះត្រូវបានឃុំខ្លួន និងខ្លះទៀតបានរងរបួសដោយគ្រាប់កាំភ្លើងរបស់យោធា។

កាលពីថ្ងៃ​ទី៣ ខែមិថុនា ឆ្នាំ២០២១ កសិករតវ៉ាដីធ្លី លោក មុំ ចន្ថា បានរងរបួសធ្លាយស្មាខាងឆ្វេង ក្រោយមានការបាញ់រះពីយោ​ធា​ក្នុងអំឡុងតវ៉ាជម្លោះដីធ្លីមួយកន្លែង ស្ថិតនៅភូមិអង្គស្រែពោធិ៍ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្តាល។

បើ​តាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្ស​លីកាដូ នៅប៉ុន្មាន​ឆ្នាំចុងក្រោយនេះ​ មានការបាញ់ប្រហារ​​ដោយគ្រាប់កាំភ្លើង​ជាច្រើន​​ទៅលើ​អ្ន​ក​​ត​វ៉ាដីធ្លី​ ពីសំណាក់​កងកម្លាំងចម្រុះ ​ក្នុងនោះ​​មានទាំងកម្លាំង​ទាហាន​ផងដែរ​។

លីកាដូ កត់សម្គាល់ថា ​កាលពីខែមករា​ ឆ្នាំ២០១៩​ បុរសម្នាក់​ត្រូវបានបាញ់​ដោយគ្រាប់កាំភ្លើងនៅក្នុង​ខេត្តព្រះសីហនុ​ ដែលប​ណ្ដា​​ល​ឱ្យគាត់ក្លាយជាជនពិការ ​មិនអាច​សូម្បីតែ​ធ្វើចលនា ​បន្ទាប់ពី​កម្លាំងចម្រុះ​បានប្រើប្រាស់​ហិង្សា​ទៅលើអ្នកតវ៉ា ​និងបាន​បា​ញ់ប្រហារ​ដោយគ្រាប់កាំភ្លើង​ អំឡុងពេល​អនុវត្ត​ដីការបស់តុលាការកំពូល​ ជុំវិញវិវាទដីធ្លីមួយ​នៅក្នុងខេត្តនេះ។​

កាលពីខែមីនា​ ឆ្នាំ២០១៨ ​មនុស្សចំនួនបីនាក់​បានត្រូវ​គ្រាប់កាំភ្លើង​នៅខេត្តក្រចេះ​ ​បន្ទាប់ពីកម្លាំងចម្រុះ​បានបាញ់ប្រហារ​ដោយគ្រាប់​កាំភ្លើ​ង​​ទៅលើប្រជាពលរដ្ឋ​ប្រមាណជា​៣០០នាក់ដែលកំពុងតវ៉ា​ប្រឆាំង​នឹងការបណ្ដេញ​ដោយហិង្សា៕


អត្ថបទទាក់ទង

ពលរដ្ឋដែលមានជម្លោះដីធ្លីម្នាក់កាន់អាវប្រឡាក់ដោយឈាមរបស់ជនរងគ្រោះម្នាក់ក្រោយរងការបាញ់ប្រហារពីក្រុមយោធា ដោយពលរដ្ឋអះអាងថា ហេតុការណ៍នេះកើតឡើងពេលពួកគាត់បានលើកគ្នាទៅហាមឃាត់គ្រឿងចក្រឈូសឆាយលើដីធ្លីពួកគាត់ នៅចំណុច​ភូមិអង្គស្រែពោធិ៍ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ (Michael Dickison)

បុរស​ដែល​ត្រូវ​យោធា​បា​ញ់​អំឡុង​​តវ៉ា​​ជម្លោះ​ដីធ្លី​​នៅ​​ខេត្ត​កណ្ដាល​ បន្ត​​ទាមទារ​សំណង​ជំងឺ​ចិត្ត​

អ្នកតវ៉ាមកពីខេត្តកណ្តាលនិងខេត្តតាកែវ អង្គុយនៅក្បែរការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដើម្បីធ្វើពិធីសាសនាបន់ស្រន់សុំឱ្យមានដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាដីធ្លី នៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ (Danielle Keeton-Olsen)

អ្នកភូមិនៅខេត្តកណ្តាលនិងតាកែវ​ធ្វើពិធីដាក់បណ្តាសាចំពោះអ្នកយកដីធ្លីរបស់ពួកគេ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ