បទ​យក​ការណ៍​៖​ របរ​ដាំ​បន្លែ​លើ​ផ្ទៃ​បឹង​ទំពុន​​ឈាន​ទៅ​រក​ការ​​បាត់​បង់​ទាំង​ស្រុង​ ក្រោយ​ផ្ទៃ​បឹង​ចេះ​តែ​រួម​តូច​ដោយ​ការ​អភិវឌ្ឍ​​

ទិដ្ឋភាពបឹងទំពុន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។(ឆពណ្ណ បញ្ញា)

ប្រជាពលរដ្ឋមួយចំនួននៅ«តំបន់បឹងទំពុន»ដែល​ប្រកបមុខរបរជាអ្នកដាំ​បន្លែយកទៅលក់នៅទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ អាចរកចំណូលចិញ្ចឹមជីវិត ផ្គត់ផ្គង់ការចាយវាយប្រចាំថ្ងៃ រួមទាំងការបង់ធានាគារប្រចាំខែ និងការសិក្សារបស់កូនបានមួយកម្រិតធំ។ យ៉ាងណា ប្រជាពលរដ្ឋបង្ហាញក្តី​បារម្ភខ្លាចបាត់បង់មុខរបរ​ គ្មានប្រាក់ចំណូលចិញ្ចឹមគ្រួសារ​ ដោយសារតែបឹងនេះប្រឈមការបាត់បង់ទាំងស្រុងនាថ្ងៃអនាគត ក្រោមគម្រោងនៃការអភិវឌ្ឍឥតឈប់ឈរ។

បឹងទំពុន ជាបឹងធម្មជាតិដ៏ធំមួយដែលមានទីតាំងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ​ស្ថិតនៅសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ ​ព្រមទាំងសង្កាត់​ដង្កោ និងសង្កាត់ជើងឯក ខណ្ឌដង្កោ ​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។

បឹងធម្មជាតិមួយនេះបានផ្តល់មុខងារសំខាន់ៗសម្រាប់ជីវិតនៃការរស់នៅទាំងមនុស្ស សត្វ និងរុក្ខជាតិ ហើយ​រឹតតែ​សំខាន់ទៀតនោះ បឹងនេះគឺជាកន្លែងស្តុកទុកទឹកកខ្វក់ និងទឹកភ្លៀង ដើម្បីបញ្ចៀសពីការលិចលង់​ក្រុងភ្នំពេញ។ ម៉្យាងបឹងនេះក៏បានចូលរួមចំណែកបង្កើតជាមុខរបរឬ​ការងារសម្រាប់ពលរដ្ឋជាច្រើន​ទៀតផង ដូចជា ដាំបន្លែលើផ្ទៃបឹង ជាដើម។

ជាក់ស្តែង ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលប្រកប​របរ​​ដាំបន្លែ​ ដូចជា ត្រកួន និងកញ្ឆែត ​ជាដើមនោះ បានបង្ហាញភាពរីករាយជាមួយនឹងមុខរបរដាំបន្លែលើផ្ទៃបឹងទំពុនរបស់ខ្លួន​។

យ៉ាងណា ភាពរីករាយរបស់ពលរដ្ឋដែលអាស្រ័យផលលើផ្ទៃបឹងធម្មជាតិមួយនេះហាក់ប្រែជាក្រៀមក្រំវិញ បន្ទាប់ពីពួកគាត់មើលឃើញពីភាពមិនប្រាកដប្រជាចំពោះវាសនាបឹងទំពុននេះដែលនឹងអាចបាត់បង់ទាំងស្រុងនៅថ្ងៃអនាគត ហើយមុខរបរដាំបន្លែរបស់ពួកគាត់ក៏នឹងបាត់បង់ទាំងស្រុងទៅតាមនោះដែរ។

បុរសម្នាក់ដែលកំពុងមមាញឹកនឹងការរៀបចំត្រកួនដាក់រ៉ឺម៉កនៅទីផ្សារ លោក ឡត ជឿន រួមជាមួយប្រពន្ធ និងកម្មករបេះត្រកួនចំនួន៦នាក់ទៀត រៀបរាប់ទាំងខ្លួនប្រឡាក់ទៅដោយស្លែនិងទឹកបឹងដែលមានក្លិនស្អុយផង ​ថាគ្រួសារលោកប្រកបរបរដាំបន្លែនៅលើ​ផ្ទៃបឹងទំពុននេះជិត១០ឆ្នាំមកហើយ។ ចំណែកទីតាំងដែលលោកដាំបន្លែ​លើបឹងនេះ មិនមែន​ជាកម្មសិទ្ធិរបស់លោក​ទេ តែជាទីតាំងដែលលោកជួលគេក្នុងមួយឆ្នាំ២០០​ដុល្លារ។

បុរសវ័យ៥៦រូបនេះ​បន្តថា ​អាជីពដាំបន្លែនេះអាច​ចិញ្ចឹមជីវិតគ្រួសារលោកបាន ដោយក្នុងមួយថ្ងៃលោកអាចរកចំណូលបានពី៣០ទៅ៤០​ម៉ឺនរៀល ប៉ុន្តែមួយរយៈនេះមានបញ្ហា ដោយសារតែវិបត្តិកូវីដ-១៩។

យ៉ាងណា​ ដំណាំបន្លែរបស់លោកក៏ត្រូវចំណាយដើមទុនខ្ទង់៤០០ ០០០រៀល​ ទៅលើការទិញថ្នាំមកបាញ់ និងការមើលថែជាទូទៅ ទម្រាំតែអាចបេះមកលក់នៅទីផ្សារបាន។

​លោក ឡត ជឿន អះអាងថា បឹងទំពុននេះបានផ្ដល់​ផលប្រយោជន៍ច្រើនសម្រាប់​គ្រួសារលោកនិងប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលអាចជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។ ​

លោកបន្ថែមថា៖ «និយាយទៅ ជួយបានច្រើននៅក្នុងបឹងហ្នឹង! ពិសេសជាងគេនៅពេលគេបិទខ្ទប់ហ្នឹង បានអ្នកមកបេះត្រកួន បេះអីហ្នឹង បានលុយគ្រាន់ចាយ។ បើអ្នកធ្វើការភាគច្រើនគឺឈប់ ជាប់គាំង! បើនេះ[មុខរបរដាំត្រកួនលើផ្ទៃបឹង] អាចចុះមករៀងរាល់ថ្ងៃ អត់សូវខានទេ! ខានខ្លះដែរ ខានកាលគេបិទខ្ទប់ប៉ុន្មានថ្ងៃ។ […] សំខាន់បំផុត តែអត់ស៊ី នឹងប្រឹងស្វែងរក រកមួយថ្ងៃស៊ីមួយថ្ងៃ អ្នកបេះត្រកួន មិនដូចយើងអ្នកដាំ មាននៅសល់។»

ភ្លាមក្រោយបង្ហាញពីភាពរីករាយក្នុងការរកចំណូលនេះ លោកក៏ប្រែទឹកមុខស្រពោនភ្លាមៗ ​ត្បិតកសិកររូបនេះមានក្ដីបារម្ភចំពោះអនាគត​បឹងទំពុន​ដែលអាចនឹងត្រូវបានលុបទាំងស្រុងនៅពេលខាងមុខ ដោយយកទៅ​អភិវឌ្ឍ​ជាអគារធំៗ ជាដើមនោះ។ ​

លោកបន្តថា៖ «បារម្ភដែរ ប៉ុន្តែគ្រាន់ថាដីរបស់គេ គេចង់លុបថ្មើរណាក៏បាន។ រាល់ថ្ងៃ វែកដាំខ្លះ កន្លែងណាវាលៗចេះតែវែកដាំទៅ តែដីខ្លះ គេមិនឱ្យ​ដាំទេ។ មើលមួយជួរក្នុងនេះ គេលែងឱ្យ​ដាំហើយ ដូចកន្លែងនេះ [កន្លែងដំណាំដែលលោកដាំ] ក៏គេលែងឱ្យ​ដាំដែរ តែយើងចេះតែនៅដាំទៅ។ ថ្ងៃណាគេកាត់ចោល កាត់ចោលខ្ទេច​»។

ជាអ្នកប្រកបរបរនេសាទនៅលើផ្ទៃបឹងទំពុន​ លោក ជឹម ធី ​និយាយថា កាលពីមិនទាន់នេសាទត្រី លោកនិងប្រពន្ធបាននាំគ្នាដាំត្រកួនយកមកលក់ ដើម្បីទទួលបានថវិកាខ្លះគ្រាន់ចិញ្ចឹមជីវិត។ ប៉ុន្តែចាប់តាំងពីមានការ​កសាងអគារធំៗជាច្រើនមក កន្លែងដែលលោកធ្លាប់ដាំត្រកួននោះ​ត្រូវបានក្រុមហ៊ុនចាក់ដីលុប ដើម្បី​សាងសង់អគារទំនើបៗ។ ​

ពលរដ្ឋដដែលបន្តថា បើបៀបធៀបកាលពីមិនទាន់មានការលុបបឹងជាទ្រង់​ទ្រាយ​ធំដូច​បច្ចុប្បន្ន លោក​អាចរក​ចំណូលពីការនេសាទត្រីបាន​ប្រមាណ១០០ ០០០រៀល​ឡើងទៅក្នុងមួយថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន​ លោករកចំណូលបានត្រឹមតែ១០ ០០០​​រៀល ទៅ៣០ ០០០​រៀលតែប៉ុណ្ណោះ ព្រោះទំហំបឹងកាន់តែរួមតូច ហើយត្រីកាន់តែតិច ត្បិតត្រីដែលបាត់បង់ស្ទើរតែប្រមាណ៧០ភាគរយទៅហើយ។

លោក ជឹម ធី និយាយថា​៖ «​ និយាយពីកូនចង់ទៅធ្វើការឯណា ក៏អត់ខ្វះលុយឱ្យ​ធ្វើដែរ។ ពីដើម កូនរៀនកូរ៉េអាចមានលុយឱ្យ​រៀនបាន តែឥលូវអត់មានលទ្ធភាព រកអត់បាន។ ឥលូវបាន [ត្រី] ត្រឹម៣គីឡូ ទៅ៥​គីឡូ»។

​បុរសវ័យ៥៣ឆ្នាំរូបនេះ បានអះអាងថា ត្រីនៅក្នុងបឹងនេះបានបាត់បង់ចាប់តាំងពីមានការធ្វើផ្លូវ​៦០ម៉ែត្រ និងការបន្តការលុបជាបន្តបន្ទាប់ ដែលធ្វើឱ្យ​បឹងកាន់តែរួមតូចទៅ។

យ៉ាងណា លោកចង់ឱ្យ​រដ្ឋាភិបាលជួយអន្តរាគមន៍ដែរ ប៉ុន្តែមិនដឹងធ្វើម៉េច​ ព្រោះដីទាំងហ្នឹងសុទ្ធតែជាដីរបស់គេ ហើយមានបោះបង្គោលព័ទ្ធជុំវិញថែមទៀត។ លោកថា មិនយូរទេ បឹងនេះនឹងលុបអស់ ហើយមានតែអគារ​​ធំៗជំនួសវិញ។

លោកស្នើដូច្នេះថា៖ «ថាចង់សំណូមកុំឱ្យ​គេលុបដែរ ប៉ុន្តែមិនដឹងធ្វើម៉េច បើយើងឋាន:តូចទាបអ៊ីចឹង មិនដឹងជាធ្វើម៉េចទេ ចង់ឱ្យ​អង្គការ​សហប្រជាជាតិគេមើលផង ឱ្យ​គេមើលប្រជាជនរកស៊ីនៅតាមបឹងតាមអី ដាំបន្លែដាំអីតាមបឹងអ៊ីចឹង […] ធ្វើម៉េចឱ្យ​ប្រជាជនយើងរស់ស្រួលផង សព្វថ្ងៃពិបាកណាស់»។

មមាញឹកជាមួយនឹងការបេះបន្លែកញ្ឆែត រួមទាំងការផ្តោះផ្តងសំណើច​ជាមួយនឹងអ្នកបេះបន្លែក្បែរគ្នានៅលើផ្ទៃបឹងទំពុនផងនោះ អ្នកស្រី រ័ត្ន មុំ មានប្រសាសន៍ថា អ្នកស្រីមកប្រកបអាជីព​បេះបន្លែឱ្យគេនៅបឹងទំពុន​ជិត១០ឆ្នាំមកហើយ។ អ្នកស្រីបន្តថា របរបេះបន្លែឱ្យគេនេះអាចរកចំណូលបានក្នុងមួយថ្ងៃចាប់ពី៥០ ០០០រៀល ទៅ៦០ ០០០រៀល ដោយការងារនេះមិនមានអ្នកណាមកបង្ខំឬមកជេរស្ដីនោះទេ ព្រោះជាការងារឯករាជ្យមួយ ហើយចំណូលបានច្រើនឬតិចអាស្រ័យលើការខំប្រឹងរបស់បុគ្គលម្នាក់ៗ។

អ្នកស្រីថា បឹងមួយនេះអាចជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋបានច្រើន រួមទាំងលោកស្រី ហើយអាចជាផ្នែកមួយក្នុងការផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារនៅក្នុងស្រុក ដោយមិនចាំបាច់នាំចូលមកពីប្រទេសជិតខាងទៀតផង។ តែយ៉ាងណា ស្រ្ដីវ័យ៥២ឆ្នាំរូបនេះបានបង្ហាញក្ដីបារម្ភខ្លាចបាត់បង់ចំណូលក្នុងថ្ងៃណាមួយ ប្រសិនបើ​បឹងទំពុន​ត្រូវលុបទាំងស្រុងនៅពេលខាងមុខ។

អ្នកស្រី រ័ត្ន មុំ មានប្រសាសន៍ថា៖ «វាចេះតែបារម្ភហើយ បើសិនជាគេបិទបឹងបិទអ៊ីចឹង មុខរបរវាចេះតែមានហើយ អាជីពដែលត្រូវរក ប៉ុន្តែគ្រាន់ថា កន្លែងនេះជារបរអត់ដើម [ដើមទុន] អាចទប់ទល់គ្រាន់បើ។ បើយើងទៅរក វាមិនខ្វះទេមុខរបរ ប៉ុន្តែភាគច្រើនសុទ្ធតែត្រូវចំណាយដើមទុន បើក្រៅពីកន្លែងចុះបឹងនេះ ហ្នឹងហើយ! ប៉ុន្តែកន្លែងនេះ បើទោះបីជាយើងស៊ីឈ្នួលគេមែន ប៉ុន្តែយើងអាចចំណាយទៅលើការហូបចុក អ៊ីចឹងទៅសល់ប៉ុន្មាន យើងស​ល់! ផុតពីបឹងនេះទៅ យើងទៅរកស៊ីផ្សេងសុទ្ធតែត្រូវចំណាយដើមទុន មិនដឹងចំណេញប៉ុន្មាន ខាតប៉ុន្មាន យើងមិនទៀង»។

បើយោងតាមរបាយការណ៍មួយរបស់សមាគមធាងធ្នោត ចេញផ្សាយកាលពីឆ្នាំ២០១៩ ដោយដាក់ចំណងជើង​ថា «បឹងចុងក្រោយក្នុងរាជធានីភ្នំពេញ» បានបង្ហាញថា បឹងនេះជាផ្នែកមួយដែលមានសារៈ​សំខាន់បំផុ​តសម្រាប់បរិស្ថាន ដូចជា ការពារទឹកជំនន់ តំបន់ប្រព្រឹត្តកម្មទឹកកខ្វក់តាមធម្មជាតិ ជាតំបន់ពណ៌​បៃតង។

របាយការណ៍ដដែលបានបង្ហាញថា «បឹងនេះមានមុខងារប្រើប្រាស់ច្រើនយ៉ាងបន្ថែមទៀត ដូចជា អាងស្ដុកទឹក និងរំដោះទឹកភ្លៀងដ៏សំខាន់ប្រមាណ ៧០% ពីរាជធានីភ្នំពេញ ជាអាងបន្សុទ្ធទឹកកខ្វក់ក្នុងក្រុងបែបធម្មជាតិ ជាតំបន់ផ្តល់នូវបរិយាកាសត្រជាក់ដល់ទីក្រុង ជាតំបន់កសិកម្ម ជម្រកពពួកត្រី និងបក្សាបក្សីជាច្រើនប្រភេទកំពុងរស់នៅ»។

បើតាមសមាគមធាងត្នោត បឹងទំពុនលាតសន្ធឹងលើផ្ទៃដីទំហំ២ ៦០០ហិកតា ប៉ុន្តែនៅឆ្នាំ២០០៨ រដ្ឋាភិបាលកម្ពុជាបានកំណត់យកត្រឹម៥២០ហិកតាប៉ុណ្ណោះជាផ្ទៃបឹងរក្សាទុក និងកំណត់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

បន្ទាប់ពីរដ្ឋាភិបាលបានកំណត់ផ្ទៃបឹងទំពុនសម្រាប់រក្សាទុកជាផ្លូវការ សមាគមធាងត្នោត អះអាងថា បឹងមួយនេះត្រូវបានកែសម្រួលផ្ទៃបឹងចំនួន៦លើក ចាប់តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៨។

​លើកទី​១ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ​ចុះ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ សម្រេច​កែសម្រួលឬកាត់​ផ្ទៃបឹងទំហំ១៧ហិកតា។ តែក្នុងអនុក្រឹត្យ មិនបាន​បញ្ជាក់ច្បាស់អំពីមូលហេតុនៃការកែសម្រួលផ្ទៃបឹងនេះ​ឡើយ​ ហើយក៏មិនដឹងថា ផ្ទៃបឹងនេះកាត់ចេញផ្ដល់ឱ្យបុគ្គល​ណាជាអ្នកគ្រប់គ្រងនោះដែរ ក៏ប៉ុន្តែបច្ចុប្បន្ន ទីតាំងដែលរដ្ឋាភិបាលកាត់ចេញពេលនោះ ជាផ្នែកមួយនៃគម្រោងរបស់ក្រុមហ៊ុន ជីប ម៉ុង។

សមាគមដដែលថា ការកាត់ផ្ទៃបឹងទំពុនជាលើកទី២ គឺធ្វើឡើង​កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ដោយអនុក្រឹត្យរាជរដ្ឋាភិបាលបាន​សម្រេចកាត់ផ្ទៃដីនិងបឹងទំហំ៤៧,០៧ហិកតា ពីផ្ទៃ«បឹងជើងឯក»ដែលបានកំណត់ក្នុងអនុក្រឹត្យលេខ១២៤ ដើម្បីធ្វើអនុប្បយោគដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិប្រជាពលរដ្ឋដែលបានកាន់កាប់ប្រើប្រាស់ជាក់ស្ដែង ដែលមាន១៥​ចំណុច។ ទីតាំងនេះស្ថិតក្នុងភូមិខ្វា និងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងនោះក៏មានដីរបស់ឧកញ៉ានិងអ្នកមានមួយចំនួនផងដែរ។

ប្រភពដដែលបន្តថា សម្រាប់ការកាត់ផ្ទៃបឹងជាលើកទី៣ ធ្វើឡើងនៅថ្ងៃទី១៨ ខែមក​រា ឆ្នាំ២០១៨ ​ដោយរដ្ឋាភិបាលសម្រេចកាត់ផ្ទៃបឹងចំនួន៣០ហិកតាបន្ថែមទៀត ប្រគល់ទៅឱ្យក្រុមហ៊ុន អ៊ីង ហូល ឌីង (ING Holding., Ltd) ធ្វើជាកម្មសិទិ្ធ ជាថ្នូរនឹងផ្ទៃដីទំហំ១០ហិកតារបស់ក្រុមហ៊ុន ING Holding​ ស្ថិតនៅក្នុងភូមិសាស្រ្តទីក្រុងរណប តំបន់បឹងជើងឯក ដែលក្រុមហ៊ុនបានប្រគល់ជូនក្រសួងមហាផ្ទៃសម្រាប់សាងសង់អគារផ្សេងៗ មានន័យថា រាជរដ្ឋាភិបាលបានផ្តល់សំណង៣ដងឱ្យទៅក្រុមហ៊ុន ក៏ប៉ុន្តែទីតាំងនេះ ក្រោយមក ត្រូវបានរដ្ឋាភិបាលដកហូតនិងប្រគល់ទៅឱ្យបុគ្គលផ្សេងវិញ។​

ដោយឡែក ការកាត់ផ្ទៃបឹងជាលើកទី៤ ធ្វើឡើងនៅ​ខែកុម្ភៈ ឆ្នាំ២០១៨ដដែល ដោយអនុក្រឹត្យរបស់រដ្ឋាភិបាល សម្រេចកាត់ផ្ទៃដីទំហំជាង៤៧ហិកតា (៤៧៣​ ១៧៦ម៉ែត្រក្រឡា) ពីផ្ទៃបឹងជើងឯក ដើម្បីធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋសម្រាប់ផ្ដល់ជូនបុគ្គលចំនួនពីរ ទី១ ក្រុមហ៊ុន អ័រគីដេវីឡា ដែលមានម្ចាស់កម្មសិទ្ធិជាកូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា លើទំហំផ្ទៃដីជាង៣៧ហិកតា (៣៧៤​ ៦៧៨ ម៉ែត្រការ៉េ) និងឈ្មោះ ខូវ គីមបាក់ ទំហំជិត១០ហិកតា (៩៨ ៤៩៨ម៉ែត្រក្រឡា)។

ផ្ទៃបឹងទំពុនទំហំ១៩០ហិកតាបន្ថែមទៀត ត្រូវបានកាត់ជាលើកទី៥ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ តាមរយៈការធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជូនក្រុមហ៊ុន ING Holding ដដែល សម្រាប់ធ្វើជាកម្មសិទ្ធិយកទៅអភិវឌ្ឍ។ ក៏ប៉ុន្តែទីតាំងនេះ ក្រោយមកក៏ត្រូវបានរដ្ឋាភិបាលដកហូតនិងប្រគល់ឱ្យឧកញ៉ាពីរនាក់ជំនួសវិញ គឺឧកញ៉ា ឃុន លាង និងឧកញ៉ា ថៃ ជាហួត។

សមាគម​ធាងត្នោត បន្តថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយទៀត សម្រេចកាត់ផ្ទៃបឹងទំពុនជាលើកទី៦ តាមរយៈការធ្វើអនុប្បយោគផ្ទៃបឹងទំហំជិត២ហិកតា (១៩ ៧៣៦ម៉ែត្រក្រឡា) ទៅជាដីឯកជនរបស់រដ្ឋបន្ថែមទៀត និងប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញជាកម្មសិទ្ធិ ដើម្បីសាងសង់ស្ថានីយ​ប្រព្រឹត្តកម្មទឹកកខ្វក់។

តាមរយៈការកាត់ផ្ទៃបឹងទៅឱ្យក្រុមហ៊ុនឯកជន ក្រុមឧកញ៉ា និងរដ្ឋ ជាបន្តបន្ទាប់នេះ ផ្ទៃបឹងទំពុនទាំងមូល​ក៏ចេះតែរួមតូចទៅៗ ដោយហ៊ុមព័ទ្ធទៅដោយសំណង់អគារ ផ្ទះល្វែង វីឡា ផ្សារទំនើប ផ្លូវខ្វាត់ខ្វែង ខណៈសកម្មភាពចាក់ដីនិងខ្សាច់លុបបឹងនេះ ក៏ចេះតែបន្តឥតឈប់ឈរ។ បើតាមប្រជាពលរដ្ឋឱ្យដឹងថា បច្ចុប្បន្នមានពលរដ្ឋប្រមាណ២០០គ្រួសារ ដែលរស់នៅអាស្រ័យផលផ្ទាល់ពីបឹងទំពុននេះ។

ដោយបារម្ភចំពោះការបាត់បង់មុខរបរនិងខ្លាចបាត់បង់ផ្ទៃបឹងទំពុនទាំងស្រុងនៅថ្ងៃអនាគតនោះ អ្នកស្រី រ័ត្ន មុំ ស្នើរដ្ឋាភិបាល​រក្សាទុកបឹងធម្មជាតិមួយនេះ​ឱ្យនៅគង់វង្សបន្តទៀត។

​អ្នកស្រី រ័ត្ន មុំ ​បន្ថែមថា៖ «ស្នើសុំទៅរដ្ឋាភិបាលជួយដល់កូនចៅ ឱ្យបឹងនេះនៅបានយូរបន្តិច ឱ្យកូនចៅរស់បានយូរបន្តិច ព្រោះគ្នាអ្នកនៅតាមជនបទមករកស៊ី មកកន្លែងនេះ មកស៊ីឈ្នួលគេ បានតែអ៊ីចឹងៗ។ បើបានរដ្ឋាភិបាលគាត់ជួយមែន អរគុណមិនស្ទើរ មិនចាំបាច់បានអី ឱ្យតែបានបឹងនេះរក្សាទុកបានយូរ ដូចថាបើវាបានយូរទៅ បើទោះបីយើងស៊ីឈ្នួលម៉េចក៏ដោយ យើងមានតក់ៗ។»

ជុំវិញក្តីបារម្ភរបស់ពលរដ្ឋ​នេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា ​បដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ដោយលើកឡើងថា នេះជាដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី​ភ្នំពេញ។

វីអូឌី បានព្យាយាមសុំការឆ្លើយតបពី​អ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក ម៉េត មាសភក្តី ជាច្រើនថ្ងៃមកហើយ ប៉ុន្តែមិនមានការឆ្លើយតប។

ចំណែកអភិបាល​រាជធានីភ្នំពេញ លោក ឃួង ស្រេង មិនធ្វើការបកស្រាយចំពោះបញ្ហានេះឡើយ ​ដោយបង្វែរ​ឱ្យ​ទៅសួរ​មន្ត្រីសុរិយោដី ខណៈអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត មិនអាចសុំការបញ្ជាក់បន្ថែមបាន។

យ៉ាងណា អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍​ថា លោកមិនដឹងពីរឿងទាំងនេះច្បាស់នោះទេ ប៉ុន្តែអ្វីដែលលោកដឹង បឹងទំពុននេះ ខាងរដ្ឋបាលរាជធានីភ្នំពេញបានគិតគូរជាខ្លាំង ហើយ​កំពុងធ្វើការសាងសង់​ម៉ាស៊ីនចម្រោះទឹកកខ្វក់ទៀតផង។

លោកអះអាងថា កន្លងមក ផ្ទៃបឹងមួយចំនួន​មិនមែនជាដីរបស់រដ្ឋនោះទេ គឺជាដីរបស់ប្រជាពលរដ្ឋបានលក់ទៅខាងក្រុមហ៊ុនឯកជន ដើម្បីសាងសង់អគារធំៗ ដូចជា បុរី ឬផ្សារទំនើប ​ជាដើម។ ​លោកបន្តថា រដ្ឋបាល​រាជធានីភ្នំពេញមិនមានសិទ្ធ​ហាមឃាត់ការអភិវឌ្ឍនៅ​តំបន់ទាំងនោះទេ ព្រោះដីទាំងហ្នឹងបានលក់ទៅឱ្យ​ឯកជនអស់ហើយ។

យ៉ាងណា លោក​មិនអាចបញ្ជាក់​ពីចំនួនផ្ទៃដីបឹងដែលនៅសល់បច្ចុប្បន្ននោះទេ។

លោកមានប្រសាសន៍ថា៖ «បឹងទំពុននេះ គេកំពុងធ្វើប្រឡាយ ដើម្បីទម្លាក់ [ធ្វើជាតំបន់] ចម្រោះទឹកកខ្វក់។ ខាងជប៉ុនគេ គេជួយអាហ្នឹង ផែនការទឹកកខ្វក់ជប៉ុនកំពុងធ្វើសព្វថ្ងៃ ហើយគេទុកផ្ទៃដី [មិនដឹង] ប៉ុន្មានទេ! ហើយត្រូវទិញពីប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋបានយកដីហ្នឹងអស់ហើយហ្នឹង។ កន្លងមក យើងមិនបានចោទប្រជាពលរដ្ឋថារស់នៅបែបអនាធិបតេយ្យទេ យើងមានតែរកដំណោះស្រាយឱ្យ​​ប្រជាពលរដ្ឋហ្នឹងចាកចេញពីប្រឡាយទឹកស្អុយ ដើម្បីបង្ហូរទឹកកខ្វក់ចូល»។

​នាយក​ប្រតិបត្តិ​សមាគមធាងត្នោត លោក សឿង សារ៉ន មើលឃើញថា បើសិនជារដ្ឋាភិបាលនៅតែបន្តឱ្យ​មាន​ការលុបបឹងនេះជាបន្តទៀត វានឹងបង្កផលប៉ះពាល់ជាខ្លាំងដល់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ដូចជា ​បង្កឱ្យ​មានទឹកជំនន់ជារៀងរាល់ឆ្នាំនៅពេលរដូវវស្សាម្ដងៗ។ លើសពីនេះ អាចនឹងមានការបាត់បង់ជីវចម្រុះ ការបាត់បង់មុខរបរ រួមទាំងមានបញ្ហាជម្លោះដីធ្លីនៅពេលដែលមានការដេញប្រជាពលរដ្ឋចេញពីទីនោះ។

លោក សឿង សារ៉ន បញ្ជាក់ថា៖ «បើសិនបឹងទំពុន ឬបឹងជើងឯក បន្តលុបទៀត វាបង្កផលប៉ះពាល់ជាអវិជ្ជមានជាច្រើន ជាពិសេសប្រជាពលរដ្ឋនៅជុំវិញតំបន់បឹងទំពុន វាមានផលប៉ះពាលជីវចម្រុះ ហើយនឹងបង្កឱ្យ​​មានទឹកជំនន់ជាច្រើនទៀត ដោយសារតែបឹងទំពុន​វាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹក។ មួយទៀត ការបណ្ដេញចេញពីលំនៅឋានក៏អាចកើតមានដែរ ជាពិសេសប្រជាសហគមន៍​ដែល​រស់នៅទីនោះ»។

កាលពីខែកក្កដា ឆ្នាំ២០២០ របាយការណ៍​អង្គការសិទ្ធិមនុស្ស និងបរិស្ថាន ចំនួន៤ ​​បង្ហាញ​ថា ប្រជាជន​កម្ពុជា​​ជាង​១​​លាន​នាក់​​កំពុង​ប្រឈម​បញ្ហា​ទឹក​ជំនន់ និង​មាន​មនុស្ស​ជាង​១ ០០០​​​គ្រួសារ​ទៀត ​កំពុង​ប្រឈម​​ការបណ្តេញ​​ចេញ បាត់បង់​ប្រាក់​ចំណូល និង​អសន្តិ​សុខ​ស្បៀង​ ដោយ​សារ​គម្រោង​អភវិឌ្ឍន៍​​ផ្សេងៗដែល​​​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​តំបន់​បឹង​ទំពុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ