រយៈពេល៤ថ្ងៃ អ្នកជំងឺកូវីដ-១៩ ចំនួន ១២១ នាក់បានស្លាប់ ខណៈ​ចំនួន​អ្នក​ឆ្លង​ថ្មី​ក៏​មិន​ថយចុះ​

មន្ត្រីជំនាញសុខាភិបាលរៀបចំបូជាសពបុរសអាយុ៦៤ឆ្នាំម្នាក់ដែលមានជំងឺកូវីដ-១៩ នៅឈាបនដ្ឋានវត្តព្រែកស្វាយ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ (វេបសាយ៖ រដ្ឋបាលខេត្តកោះកុង/ kohkong.gov.kh)

អ្នកជំងឺកូវីដ-១៩ ចំនួន​៣៦នាក់​បន្ថែមទៀត បានស្លាប់កាលពីថ្ងៃម្សិលមិញ ដែលធ្វើឱ្យចំនួន​អ្នកស្លាប់​ដោយ​សារជំងឺនេះ ​កើនឡើងដល់ជិត​៧០០​នាក់ ខណៈចំនួន​អ្នកឆ្លងថ្មីក៏​មិនថយចុះ​នោះឡើយ។

យោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាល​ចេញផ្សាយនៅ​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ សរុប ៣៦ នាក់ បានស្លាប់​កាលពីម្សិលមិញ ខណៈអ្នកឆ្លងថ្មី​មានចំនួន ៩៤៨ នាក់ និង​ជាសះស្បើយមាន​ចំនួន ៦១៥ នាក់។ សរុបរយៈពេល ៤ ថ្ងៃ អ្នក​ជំងឺកូវីដ-១៩ ចំនួន ១២១ នាក់បានស្លាប់ ដែលចំនួននេះ ខ្ពស់មិន​ធ្លាប់មាន​ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មក។

កាលពីពេលថ្មីៗ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា កម្ពុជា​បច្ចុប្បន្នបានដើរដល់​បន្ទាត់ក្រហម​ហើយ ក្រោយពីកន្លែង​សង្គ្រោះបន្ទាន់ កន្លែងព្យាបាល​អ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់បានពេញ​សឹងគ្រប់កន្លែងទាំងអស់  ខណៈចំនួនអ្នកឆ្លងថ្មី ក៏បាន​កើន​ឡើង​ជារៀងរាល់ថ្ងៃ។

កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅអភិបាលរាជធានី-ខេត្ត និងក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ឱ្យបញ្ចេញ​ថវិកា​ដើម្បី​ទិញ​ក្តារមឈូស​យកទុក​សម្រាប់​ដាក់​សាកសពអ្នក​ដែលស្លាប់ដោយសារជំងឺកូវីដ-១៩។ លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រីក៏បានប្រាប់ទៅមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ឱ្យប្រមូលឈើដែលបង្ក្រាបបានពីបទល្មើសព្រៃឈើ យកមកធ្វើជាក្តារមឈូស សម្រាប់ដាក់សពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ផងដែរ។

បើតាមរបាយការណ៍ក្រសួងសុខាភិបាលឱ្យដឹងថា គិតត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៥៣, ២៩៨ នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេស សរុប ២៩១៦ ខណៈអ្នកជាសះស្បើយ ៤៦,១២៣ នាក់ និង អ្នកស្លាប់ ចំនួន ៦៩៦ នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ