កម្ពុជា​ទទួល​បាន​វត្តមាន​កូន​ផ្សោត​ថ្មី​ទី​ប្រាំ​ ខណៈ​អង្គការ​អភិរក្ស​ថា​អត្រា​ស្លាប់​នៅ​តែ​ជា​ក្តី​បារម្ភ​ខ្លាំង

កូនសត្វផ្សោតទន្លេមេគង្គថ្មីមួយក្បាល ត្រូវបានក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWFបានកត់ត្រាទុកកាលពីថ្ងៃទី២៨ ខែមិថុនា ខណៈវាកំពុងហែលជាមួយសត្វផ្សោតធំមួយហ្វូងដែលមានចំនួន៩ក្បាលផ្សេងទៀត នៅក្នុងទីជម្រកធម្មជាតិនៃអន្លង់សត្វផ្សោតកាំពី ខេត្តក្រចេះ។ (ហ្វេសប៊ុក៖ WWF-Cambodia)

ក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់ការអភិរក្សធនធានធម្មជាតិ (WWF) បានបង្ហាញអំពីវត្តមានកូនផ្សោតថ្មីមួយក្បាលដែលទើបតែមានអាយុប្រមាណមួយសប្តាហ៍ប៉ុណ្ណោះ។

នេះជាកំណត់ត្រានៃកូនសត្វផ្សោតថ្មីទី៥ និងជាអំណរសម្រាប់កម្ពុជា នារយៈពេល៦ខែនៃឆ្នាំ២០២១នេះ​។ ក្រុមអ្នកអភិរក្ស បានប្រទះឃើញកូនផ្សោតថ្មីនេះកំពុងហែលជាមួយសត្វផ្សោតធំៗចំនួន៩ក្បាលផ្សេងទៀត នៅក្នុងដែនជម្រកធម្មជាតិអន្លង់សត្វផ្សោតកាំពី ក្នុងខេត្តក្រចេះ កាលពីថ្ងៃទី២៨ ខែមិថុនា។

ទោះជាយ៉ាងណា បើតាមអង្គការ WWF អត្រាកូនផ្សោតថ្មី និងអត្រាស្លាប់របស់សត្វផ្សោត នៅតែជាក្ដីព្រួយបារម្ភខ្លាំងមួយសម្រាប់សត្វប្រភេទនេះ។

បើតាមអង្គការដដែល លទ្ធផលសរុបប្រចាំឆមាសទី១ ឆ្នាំ២០២១ ដោយគិតចាប់ពីខែមករា ដល់ខែមិថុនា ក្រុមស្រាវជ្រាវបានកត់ត្រាទុកចំនួនកូនផ្សោតកើតថ្មីសរុបចំនួន៥ក្បាល ខណៈអត្រាមរណៈរបស់ផ្សោតមានសរុបចំនួន៦ក្បាល។ រីឯក្នុងចន្លោះរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ មានកូនផ្សោតកើតថ្មីចំនួន៦ក្បាល និងមានផ្សោតស្លាប់ចំនួន៤ក្បាល។

លោក ទេព អស្នារិទ្ធ ប្រធានកិច្ចការសាធារណៈ និងគ្រប់គ្រងព័ត៌មាន នៃអង្គការ WWF បានលើកឡើងថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ លោកថា រាល់កំណើតរបស់កូនផ្សោតថ្មីមួយក្បាលៗ មានសារៈសំខាន់ណាស់សម្រាប់ការរស់រានរបស់សត្វផ្សោតទន្លេមេគង្គដែលមានចំនួននៅសេសសល់តិចតួចដែលកំពុងរស់នៅក្នុងទីជម្រកធម្មជាតិ។ រីឯការការពារសត្វផ្សោតពេញវ័យឱ្យចៀសផុតពីកត្តាគំរាមកំហែងដោយសកម្មភាពមនុស្ស រឹតតែមានភាពចាំបាច់ថែមទៀត ដើម្បីកាត់បន្ថយអត្រាស្លាប់របស់ថនិកសត្វទឹកសាបដ៏សំខាន់ជាសកលមួយប្រភេទនេះ។

លោកបញ្ជាក់ថា សម្រាប់កម្ពុជា សត្វផ្សោតទន្លេមេគង្គ ត្រូវបានការពារយ៉ាងពេញលេញដោយច្បាប់ជលផលនៃព្រះរាជាណាចក្រកម្ពុជា។ លោកថា ទោះជាយ៉ាងណា សត្វផ្សោតនៅតែបន្តប្រឈមយ៉ាងធ្ងន់ធ្ងរ ដោយកត្តាគំរាមកំហែងខ្លាំងឡើងៗជាច្រើន ដូចជា ការជាប់ដោយចៃដន្យទៅនឹងមងនេសាទ ការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅខ្សែទឹកប៉ែកខាងលើនៃទន្លេមេគង្គ ការនេសាទត្រីហួសកម្រិត និងការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ រួមមាន ឧបករណ៍ឆក់ និងវិធីសាស្រ្តនេសាទដែលច្បាប់ហាមឃាត់ផ្សេងទៀត ជាដើម។

លោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា៖ «ផ្អែកលើអត្រានៃការស្លាប់ដ៏គួរឱ្យព្រួយបារម្ភខ្លាំងនេះ អង្គការ WWF សូមអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាសហការរួមគ្នាឱ្យកាន់តែខ្លាំងឡើង ដើម្បីរៀបចំវិធានការអភិរក្សឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការការពារសត្វផ្សោតដ៏សំខាន់នេះឱ្យចៀសផុតពីភាពវិនាសផុតពូជ»

លោកថាបន្តថា ការតាមដានវត្តមាននិងស្ថានភាពសត្វផ្សោតនេះបានប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃកម្មវិធីតាមដាន ដើម្បីប៉ាន់ប្រមាណចំនួនសត្វផ្សោត ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងតំបន់នៃដែនជម្រករបស់សត្វផ្សោតតាមបណ្តោយដងទន្លេមេគង្គ មានចម្ងាយប្រវែង១៨០គីឡូម៉ែត្រ ត្រង់ចន្លោះក្រុងក្រចេះ និងព្រំប្រទល់កម្ពុជា-ឡាវ។

លោក ទេព អស្នារិទ្ធ ថ្លែងថា៖ «អង្គការ WWF សូមកោតសរសើរចំពោះការលះបង់កម្លាំងកាយចិត្តរបស់មន្រ្តីឆ្មាំទន្លេទាំងអស់ដែលបានអនុវត្តការងារល្បាតជាប្រចាំនៅក្នុងតំបន់ដែនជម្រកសត្វផ្សោតតាមបណ្តោយដងទន្លេមេគង្គ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងសូមកោតសរសើរចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការដ៏ប្រសើររបស់រដ្ឋបាលជលផលនិងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ទាំងអស់»

សត្វផ្សោតទន្លេមេគង្គជាប្រភេទថនិកសត្វទឹកសាបមួយក្នុងចំណោមសត្វផ្សោតទឹកសាបចំនួនប្រាំដែលមានសារៈសំខាន់បំផុតជាសកលសម្រាប់ការអភិរក្ស។ សត្វផ្សោតជានិមិត្តរូប និងការចង្អុលបង្ហាញអំពីសុខភាពនិងគុណភាពនៃប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គទាំង​មូល ដែលទាំងជីវចម្រុះនិងមនុស្សពឹងអាស្រ័យសម្រាប់ការរស់នៅប្រចាំថ្ងៃ។

បើតាមលទ្ធផលនៃជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ ដោយរដ្ឋបាលជលផល និងអង្គការ WWF បានបង្ហាញថា មានសត្វផ្សោតចំនួនត្រឹមតែ៨៩ក្បាលប៉ុណ្ណោះដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា៕


វីអូឌី សូមធ្វើការកែតម្រូវ៖ កថាខណ្ឌ «លោកថាបន្តថា ការតាមដានវត្តមាននិងស្ថានភាពសត្វផ្សោតនេះបានប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃកម្មវិធីតាមដាន ដើម្បីប៉ាន់ប្រមាណចំនួនសត្វផ្សោត ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងតំបន់នៃដែនជម្រករបស់សត្វផ្សោតតាមបណ្តោយដងទន្លេមេគង្គ មានចម្ងាយប្រវែង១៨គីឡូម៉ែត្រ ត្រង់ចន្លោះក្រុងក្រចេះ និងព្រំប្រទល់កម្ពុជា-ឡាវ។» ទៅជា «លោកថាបន្តថា ការតាមដានវត្តមាននិងស្ថានភាពសត្វផ្សោតនេះបានប្រព្រឹត្តទៅក្នុងក្របខណ្ឌនៃកម្មវិធីតាមដាន ដើម្បីប៉ាន់ប្រមាណចំនួនសត្វផ្សោត ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងតំបន់នៃដែនជម្រករបស់សត្វផ្សោតតាមបណ្តោយដងទន្លេមេគង្គ មានចម្ងាយប្រវែង១៨០គីឡូម៉ែត្រ ត្រង់ចន្លោះក្រុងក្រចេះ និងព្រំប្រទល់កម្ពុជា-ឡាវ។»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ