មនុស្ស​៤​នាក់​ស្លាប់​និង​ជាង​១០​នាក់​សម្រាក​នៅ​ពេទ្យ​ ដោយសារ​ពុល​ស្រា​ស​នៅ​ខេត្ត​កំពត​

នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុករណីពុលស្រាស ស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

អាជ្ញាធរខេត្តកំពតបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤នាក់ស្លាប់និងជាង១០នាក់ទៀតពុលស្រាស ខណៈម្ចាស់សិប្បកម្ម សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់។

ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់ វីអូឌី នៅថ្ងៃអាទិត្យទី៤ ខែកក្កដានេះថា ​ប្រជាពលរដ្ឋនៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច បានស្រាសពីម្ចាស់សិប្បកម្មបិតស្រាក្នុងភូមិរបស់ខ្លួនយកទៅពិសាកាលពីថ្ងៃទី៣ ខែកក្កដាម្សិលមិញ បណ្តាលឱ្យពុលស្លាប់ជាបន្តបន្ទាប់ចំនួន៤នាក់ ក្នុងនោះ មានប្រុស២នាក់ ស្រី២នាក់ ខណៈ១២នាក់ផ្សេងទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តនៅឡើយ។

ស្នងការរូបនោះបញ្ជាក់ថា ក្រោយពីមានមនុស្សស្លាប់ជាបន្តបន្ទាប់ សមត្ថកិច្ចខេត្តបានសហការជាមួយមន្ត្រីជំនាញចុះយកសំណាកស្រាសនោះទៅវិភាគ រកឃើញថា ម្ចាស់សិប្បកម្មបិតស្រាបានលាយជាតិមេតាណុលលើសកម្រិត ទើបបណ្តាលឱ្យពលរដ្ឋទិញយកទៅពិសាបណ្តាលឱ្យពុលស្លាប់បែបនេះ។ ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ម្ចាស់សិប្បកម្មនោះមកផ្តន្ទាទោសតាមច្បាប់ ។

លោកមានប្រសាសន៍ថា៖ «យើងស្គាល់ទីតាំងបិតស្រាស យើងស្គាល់អត្តសញ្ញាណអស់ហើយ ឥលូវនេះគាត់ [ម្ចាស់សិប្បកម្មបិតស្រាស] គេចពីមូលដ្ឋាន។ អ៊ីចឹងអំឡុងពេល៧ថ្ងៃ បើយើងឃើញ យើងនឹងឃាត់ខ្លួន បើសិនជាគាត់នៅតែបន្តគេចខ្លួន យើងនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការសុំដីកាដើម្បីចាប់ខ្លួននៅពេលក្រោយ»។

ដោយឡែក ពាក់ព័ន្ធនឹងករណីនេះដែរ លោក ម៉ៅ ច័ន្ទមធុរិទ្ធ អះអាងថា សមត្ថកិច្ចជំនាញនឹងធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីរកទីតាំងដែលបិតស្រាសមិនមានច្បាប់មកចាត់វិធានការច្បាប់ផងដែរ។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពត លោក យន់ ផល្លី មានប្រសាសន៍ថា អាជ្ញាធរត្រូវពង្រឹងការអនុវត្តច្បាប់ ត្រួតពិនិត្យ​ទីតាំងសិប្បកម្មបិតស្រាស និងកន្លែងចែកចាយ ធ្វើយ៉ាងណាឱ្យស្រាដែលផលិតចេញមកនោះស្របតាមបច្ចេកទេសឬតាមការណែនាំរបស់មន្ទីរពាក់ព័ន្ធ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព​ពលរដ្ឋបន្តទៀត។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរគួរតែមានវិធានការតឹងរ៉ឹងចំពោះអ្នកដែលបិតស្រាដែលគ្មានស្តង់ដារ វានឹងធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងមានហានិភ័យខ្ពស់ទៀតនៅតាមបណ្តាភូមិឃុំឬស្រុកផ្សេងៗទៀតក៏ថាបានដែរ។ [អាជ្ញាធរ] គួរតែមានវិធានការតឹងរ៉ឹងទប់ស្កាត់ កុំឱ្យមានបញ្ហាហ្នឹងកើតឡើងជាបន្តបន្ទាប់ទៀត»។

គួររំឭកថា អាជ្ញាធរខេត្តកំពតធ្លាប់ឱ្យវីអូឌីដឹងថា តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួន​ម្ចាស់សិប្បកម្មផលិតស្រា-ស ចំនួន២នាក់ បញ្ជូនទៅតុលាការ ក្រោយ​ពីពលរដ្ឋ​ចំនួន១០នាក់បាន​ស្លាប់និងជាង៣០នាក់​ទៀតត្រូវ​បាន​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយ​សារ​ពុល​ស្រាស​ក្នុងកម្មវិធីបុណ្យសពមួយកន្លែង ស្ថិត​នៅភូមិធ្នង់ ឃុំ​ឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ស្តីពីករណីស្លាប់បណ្តាលមកពីការពុលស្រានៅស្រុកល្វាឯម ខេត្តកណ្តាល បានឱ្យដឹងដែរថា បើតាមលទ្ធផលទទួលបានមកពី​មជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល​ ទៅលើសំណាក​​ស្រាចំនួន​២៨​ (ស្រាថ្នាំ១៥សំណាក ស្រា-ស១៣សំណាក)។ ក្នុង​​នោះ ​ស្រាចំនួន២០សំណាក ត្រូវបានរកឃើញថា​មានសារធាតុមេតាណុល (Methanol) លើសកម្រិត ដែលធំជាង០,៥ភាគរយ (>0,៥%) ដែលធ្វើឱ្យពុល ខណៈកម្រិតមិនពុលនោះ មិនត្រូវលើសពី០,១%ឡើយ។

​ក្រសួងសន្និដ្ឋានថា ករណីស្លាប់ពលរដ្ឋចំនួន១២នាក់ នៅភូមិចំនួន២ នៅស្រុកល្វាឯមនោះ ប​ណ្តាលមកពីពលរដ្ឋទាំងនោះពិសាស្រា-សនិងស្រាថ្នាំដែលមានសារជាតិមេតាណុលខ្ពស់ ខណៈម្ចាស់ទីតាំងផលិតស្រាត្រូវឃាត់ខ្លួននិងបញ្ជូនទៅតុលាការផងដែរ។

ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានអំពាវនាវដល់ពលរដ្ឋឱ្យបញ្ឈប់ការពិសាស្រា-សឬស្រាថ្នាំដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវជាបន្ទាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់សុខភាពឬរហូតបាត់បង់ជីវិត។

គួររំឭកថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ជិត១០​នាក់បានស្លាប់ និងជាង១០០​នាក់បានធ្លាក់ខ្លួនឈឺ ហើយត្រូវព្យាបាលនៅមន្ទីរពេទ្យ​ ដោយសារពុលស្រា-សដូចគ្នានេះផងដែរ។

ដោយឡែក កាលពីចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ​ នៅខេត្តបន្ទាយ​មានជ័យ ក៏មានមនុស្សចំនួន៧នាក់បានស្លាប់ និង​ជិត៤០នាក់ទៀតត្រូវបាន​បញ្ជូនទៅសង្គ្រោះបន្ទាន់​នៅមន្ទីរ​ពេទ្យ ក្រោយ​ពីពួកគេបានទទួលទានស្រាថ្នាំយីហោម៉ាក «តាំងគួយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ