អ្នក​ភូមិ​​ថា​ ព្រៃ​រាប់​រយ​ហិកតា​ក្នុង​​តំបន់​ការពារ​មួយ​នៅ​ខេត្ត​កោះកុង​រង​ការ​កាប់​បំផ្លាញ​យក​​ធ្វើ​កម្មសិទ្ធិ

ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ព្រៃឈើ​ជាច្រើនហិកតានៅតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្ថិតនៅភូមិប្រលាន ឃុំ​កណ្តោល ស្រុក​បទុម​សាគរ ត្រូវបានពលរដ្ឋអះអាងថា រង​ការ​កាប់​បំផ្លាញនិងទន្ទ្រានយកធ្វើកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ។ (ផ្ដល់ឱ្យ)

ក្រុមប្រជាពលរដ្ឋ​អះអាង​ថា ព្រៃរាប់រយហិកតានៅតំបន់ការពារមួយ ស្ថិតក្នុង​ស្រុក​បទុម​សាគរ ខេត្តកោះ​កុង បាន​​រង​​នូវ​ការ​កាប់បំផ្លាញ​យកដី​ធ្វើជា​​កម្មសិទ្ធិ ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។

ពលរដ្ឋម្នាក់រស់នៅភូមិប្រលាន ឃុំកណ្តោល ស្រុកបទុមសាគរ លោក សុខ សម្បត្តិ​ ប្រាប់ វីអូឌី នៅថ្ងៃច​ន្ទនេះថា ព្រៃឈើ​ប្រហែល៥០០ហិកតា នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្ថិតនៅភូមិប្រលាន ឃុំ​កណ្តោល ស្រុក​បទុម​សាគរ រង​ការ​កាប់​បំផ្លាញនិងទន្ទ្រានយកធ្វើកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ។

លោកបន្តថា សកម្មភាព​ជនខិលខូចរុករានដីព្រៃក្នុងតំបន់ការពារនេះ បានកើតតាំងពីដើមឆ្នាំ២០២១​រហូតមកដល់​បច្ចុប្បន្ន ដោយពុំមានអាជ្ញាធរណាចុះទប់​ស្កាត់និងមានវិធានការច្បាប់តឹងរ៉ឹង​ចំពោះជនល្មើស​ឡើយ។

លោកបន្ថែមថា៖ «ដីហ្នឹង​ បើយើង​ពិនិត្យ​មើល​ទៅ គឺ​កាប់​រាប់​រយ​ហិកតា​ ព្រោះវា​ធំ​ណាស់! អ្នកដែល​គេកាប់​មុន​ហ្នឹង​ ខ្ញុំអត់​ដឹង​ថា គេមក​ពី​ខាង​ណាទេ​។ គេបាន​កាប់ទ្រង់ទ្រាយ​ធំ គេប្រើកម្មករ​កាប់ ហើយអាជ្ញាធរនិង​មន្ត្រីបរិស្ថាន​ដែលមានទីស្នាក់​ការនៅជិត​ហ្នឹង ក៏គេថាអត់ដឹងថាអ្នកណាកាប់ដែរ»

ពលរដ្ឋនៅភូមិប្រលាន ឃុំកណ្ដោលម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិ​​ភាព និយាយថា អ្នក​ដែលប្រព្រឹត្តបទល្មើសព្រៃឈើក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងនោះ ភាគច្រើនជាអ្នកមានលុយមានអំណាច ខណៈប្រជាពលរដ្ឋក្រីក្រមានតិចតួចប៉ុណ្ណោះ។ ពលរដ្ឋរូបនេះបានដាក់​ការសង្ស័យ​ថា បញ្ហានេះអាច​មាន​ជាប់ពាក់ព័ន្ធនឹង​អំពើពុករលួយនិង​ការគប់គិតគ្នា​រវាង​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​តំប​ន់នោះនិងជនល្មើស។

លោកបន្ថែមថា៖ «ព្រៃហ្នឹងគេកាប់ប្រហែលពី៣០០ទៅ​៥០០​ហិកតា ដីហ្នឹងធំណាស់។ គេចូលពីក្នុងចេញមកក្រៅវិញ។ អ្នកមានលុយមានអំណាចកាប់ច្រើន ហើយបរិស្ថានដែលប្រចាំការនៅឆ្ងាយពីទីនោះប្រហែល១០០ម៉ែត្រ​ ក៏គេនៅតែ​កាប់បាន។ យើងមិនដឹង​ថា គេកាប់​បានដោយរបៀបណាទេ»

មេឃុំកណ្តោល លោក ឆឹង ង៉ែ ទទួលស្គាល់ថា ពិតជាមានការកាប់រានព្រៃនៅតំបន់​ការពារដែល​ជា​តំបន់ប្រើ​ប្រាស់​ច្រើន​យ៉ាង​ដងពែ​នមែន ប៉ុន្តែលោកថា ការកាប់ទន្ទ្រាន​​នោះ​មាន​ប្រហែលតែ​​២ទៅ៣​ហិកតាប៉ុណ្ណោះ។

មេឃុំរូបនេះបន្តថា ក្រោយទទួលបានព័ត៌មាន រូបលោកនិងអាជ្ញាធរពាក់ព័ន្ធបានចុះទៅហាមឃាត់ប្រជាពលរដ្ឋ​ឱ្យបញ្ឈប់​សកម្មភាពកាប់និងរុករានព្រៃនោះទៀតហើយ។ លោកថា អាជ្ញាធរមូលដ្ឋាននឹងដាក់សំណើទៅថ្នាក់លើ ដើម្បីសុំដីសម្បទានសង្គមកិច្ចចែកជូនពលរដ្ឋទាំងនោះ។

លោកបន្ថែមថា៖ «ម្សិលមិញ​នេះ ខ្ញុំបានចុះទៅហាមគាត់ ហើយថាដីនេះស្ថិតក្នុងប្លុក​ទឹកប្រៃ និងដីជា​ដីបម្រុងទុកសម្រាប់​ចេញ​ឱ្យ​បងប្អូន ហើយក៏ជាដីស្ថិតក្នុងតំបន់ការពារទៀត។ បងប្អូនកុំ​ទៅកាប់រានទៀត យើង​ធ្វើអ៊ីចឹង ​វាមិនទំនងទេ​។ ម្សិលមិញនេះ គ្នាគាត់មកកាប់ប្រហែល៥០ទៅ៦០នាក់»

មន្ត្រីបរិស្ថានប្រចាំនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង លោក ស៊ិន ប៊ុនថា មានប្រសាសន៍ថា មាន​ករណីកាប់និងរុករានដីព្រៃនៅជាប់តំបន់ការពារដងពែនមែន ប៉ុន្តែលោកមិនអាចបញ្ជាក់ថា​ ការកាប់នោះចូលក្នុងតំបន់​ការពារឬនៅក្រៅតំបន់ការពារនោះឡើយ​ ដោយរង់ចាំមន្ត្រីជំនាញវាស់វែងសិន។

មន្ត្រីរូបនេះបន្តថា ក្រោយវាស់វែងរួច​ បើរកឃើញថា​មាន​ការកាប់​ចូល​ក្នុងតំបន់ការពារមែននោះ មន្ទីរបរិស្ថាន​ខេត្តនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោកបន្ថែមថា៖ «ចាំខ្ញុំដំឡើង​ផែនទីសិន តើវាស្ថិតនៅក្នុងតំបន់អភិរក្សឬតំបន់កាត់ឆ្វៀល​ទុក​ចែក​ប្រជាជន។ បើសិនការកាប់នោះស្ថិតក្នុងតំបន់អភិរក្ស ខ្ញុំនឹងកសាងសំណុំរឿង​ដាក់ជូនតុលាការ»

មន្រ្តី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ​ប្រចាំ​ខេត្តកោះកុង លោក ហ៊ួរ អ៊ី​ន ធ្លាប់មានប្រសាសន៍ថា នៅខេត្តកោះកុងមានករណីចាក់ដីរំលោភចូលឆ្នេរសមុទ្រ ការទន្ទ្រានយកដី​ព្រៃកោង​កាងនិង​ព្រៃតំបន់ការពារផ្សេងទៀត​ស្ទើរតែគ្រប់កន្លែង។ លោកថា សកម្មភាពល្មើសទាំងនោះមិនត្រូវបានអាជ្ញាធរ​ចាត់​វិធានការ​ច្បាប់​តឹងរ៉ឹងទៅលើជនល្មើសទេ ដែលធ្វើឱ្យបញ្ហានេះបន្តកើតមានឥតឈប់​ឈរ។

លោក ហ៊ួរ អ៊ីន បារម្ភពីការបាត់បង់យ៉ាងឆាប់រហ័សនូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទាំងនេះ ប្រសិនបើអាជ្ញាធ​រពាក់ព័ន្ធបណ្តែតបណ្តោយនិង​មិនចាត់វិធានការឱ្យបានតឹងរ៉ឹងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ