ប្រធាន​ពន្ធនា​គារ​ខេត្ត​សៀមរាប​ឆ្លង​ជំងឺ​​​កូវីដ-១៩​​ក្រោយ​ទៅ​ចូល​រួម​បុណ្យ​សព

លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនិងវឌ្ឍនភាពដឹកនាំរបស់ពន្ធនាគារខេត្តកំពង់ធំ និងពន្ធនាគារខេត្តសៀមរាប កាលពីដើមខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Supt. Gen. Chhem Savuth, Director General of Prisons)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឱ្យដឹងថា ប្រធានពន្ធនាគារខេត្តសៀមរាប ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្រោ​យពីគាត់ត្រឡប់មក​ពីចូលរួមបុណ្យសព​បងប្អូននៅខេត្តបន្ទាយមានជ័យ តែមិនមាន​ការចម្លង​ដល់អ្នកជាប់ឃុំ​ទេ។

អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក នុត សវនា ឱ្យដឹងនៅថ្ងៃអង្គារនេះថា ការរកឃើញករណី​វិជ្ជមានកូវីដ-១៩ លើលោក ភាន ឆវ័ន្ត ប្រធានពន្ធនាគារខេត្តសៀមរាប ក្រោយពី​គាត់​សុំច្បាប់ទៅចូលរួមបុណ្យសពម្តាយមីងនៅខេត្តបន្ទាយមានជ័យ។ លោកបន្តថា បច្ចុប្បន្ន មន្ត្រី​រូបនេះកំពុង​សម្រាកព្យាបាល​នៅមន្ទីរសុខាភិបាលខេត្តសៀមរាប។

លោកថា៖ «ដោយឡែក មន្ត្រីពាក់ព័ន្ធមានតែមន្ត្រីរដ្ឋបាលទេ។ មន្ត្រីរដ្ឋបាល យើងបញ្ជូនពួកគាត់ទៅយកសំណាកអស់ហើយ លទ្ធផលអវិជ្ជមាន។ ហើយពេលនេះ​ ពួកគាត់កំពុងធ្វើចត្តាឡីស័កដែរនៅក្នុងបន្ទាយ»។

លោក ភាន ឆវ័ន្ត ត្រូវបានរដ្ឋបាលខេត្តសៀមរាប ប្រកាសថា រកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ ជា​មួយ​អ្នកវិជ្ជមានចំនួន៤៩នាក់ផ្សេង​ទៀត។

បើតាមរបាយការណ៍របស់​អធិការដ្ឋាននគរបាលស្រុកអង្គរធំ ដែល វីអូឌី ​ទទួលបាននៅថ្ងៃនេះ មន្ត្រីនគរ​បាល​ជាន់​ខ្ពស់មួយរូ​បនៅអធិការដ្ឋាននគរបាលស្រុកនេះ គឺលោក សោម វិដេត ក៏ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩នេះដែរ នៅថ្ងៃទី៤ ខែកក្កដា ក្រោយពីគាត់បានជួបប្រធានពន្ធនាគាររូបនេះកាលពីថ្ងៃទី២៦ ខែមិថុនា​មក។

បើតាមរបាយការណ៍ដដែល លោក សោម វិដេត មុនតេស្តឃើញវិជ្ជមាន គឺលោ​ក​បានទៅ​បំពេញការងារក្នុងអង្គភាពរបស់ខ្លួន និង​​ចូលរួមកិច្ចប្រជុំ​ពង្រឹង​ការងារ​សន្តិ​សុខ លុះដល់ថ្ងៃទី២៩ ខែមិថុនា បានទៅ​សម្រាកនៅ​ផ្ទះ ស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ខេត្តសៀ​ម​រាប ហើយថ្ងៃទី៣០ ខែមិថុនា បានសុំច្បាប់ ដោយសារមានអាការមិនស្រួលខ្លួន។ លុះដល់ថ្ងៃទី១ ខែកក្កដា បានដាក់ខ្លួននៅដាច់ដោយឡែកពីគ្រួសារ បន្ទាប់មក​រកឃើញ​វិជ្ជមា​ននៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីទៅធ្វើតេស្តសំណាកនៅសាលាគរុកោសល្យខេត្តសៀមរាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ