អាជ្ញាធរ​ខេត្ត​កំពត​ផ្អាក​អាជីវ​កម្ម​ស្រា-ស​ ​ក្រោយ​រក​ឃើញ​គ្មាន​ច្បាប់​​និង​​បង្ក​ឱ្យ​​អ្នក​​ទទួល​​ទាន​​១១​នាក់​​ស្លាប់​

នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុករណីពុលស្រាស ស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

អាជ្ញាធរខេត្តកំពត បានសម្រេចឱ្យផ្អាកអាជីវកម្មផលិតស្រាសមួយកន្លែងនៅស្រុកកំពង់ត្រាច ក្រោយរកឃើញថា គ្មានច្បាប់អនុញ្ញាត បង្ក​ឱ្យអ្នកទទួល​ទាន១១នាក់​ស្លាប់ និង១២នាក់​ទៀតកំពុង​ជួយ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។

តាមរយៈលិខិតចុះថ្ងៃទី៥ ខែ​កក្កដា ឆ្នាំ២០២១ អាជ្ញាធរខេត្តកំពត បានជូនដំណឹងទៅអាជ្ញាធរស្រុកកំពង់ត្រាច ពីការសម្រេចឱ្យផ្អាកការធ្វើអាជីវកម្មផលិតស្រា-សមួយកន្លែង​នៅក្នុងមូលដ្ឋាន​នេះ។

រដ្ឋបាលខេត្តបញ្ជាក់ថា មូលហេតុ​នៃការផ្អាកនេះ ដោយសារការធ្វើអាជីវកម្មនោះ «គ្មានច្បាប់អនុញ្ញាតពីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងភូមិសាស្ត្រទូទាំងខេត្តកំពត»

រដ្ឋបាល​ខេត្ត​បានគូសបញ្ជាក់ថា កន្លងមក ទីតាំងផលិតស្រានេះបានលក់និង​ចែកចាយស្រាក្លែងក្លាយ ឬ​មិន​​ធ្វើ​តាម​បច្ចេកទេស​ត្រឹម​ត្រូវ​មួយ​ចំនួន និងបាន​បង្ក​គ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋជាបន្តបន្ទាប់​។ យ៉ាង​ណា អាជ្ញាធរខេត្តកំពត មិនបានប្រាប់ពីចំនួនអ្នករងគ្រោះទេ។

ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ឱ្យដឹងថា គិតត្រឹមថ្ងៃចន្ទ អ្នកដែលទទួលទានស្រានេះ​ចំនួន​១១​នាក់បាន​ស្លាប់ និង​១២នាក់កំពុងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែក​ម្ចាស់អាជីវ​កម្មវិញ លោកថា បានរត់គេចខ្លួន ហើយថា ពេលនេះ កម្លាំងជំនាញកំពុង​តែតាមរក ដើម្បីនាំខ្លួនមកទទួល​ខុស​ត្រូវ​ចំពោះមុ​ខច្បាប់។ 

លោកថា៖ «អ្នក​ព្យាបាល​១២នាក់ ព្យាបាលនៅកំពង់ត្រាច៦នាក់ នៅដំណាក់ចង្អើរ ខេត្តកែប៦នាក់​ [សុខ​ភាព​គាត់យ៉ាងម៉េចដែរឥលូវ?] គាត់បានធូរស្រាលហើយ»

កាលពីខែឧសភា ឆ្នាំ២០២១ ​ម្ចាស់សិប្បកម្មផលិតស្រា-ស ចំនួន​២នាក់ នៅស្រុកកំពង់ត្រាចនេះ ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ក្រោយ​ពីអាជ្ញាធរ​រកឃើញអ្នកទទួលទានស្រា​១០នាក់បាន​ស្លាប់ និង៣០នាក់​ទៀតត្រូវ​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយ​សារ​ពុល​ស្រា-សរបស់សិប្បកម្មនេះ ​ក្នុង​កម្មវិធីបុណ្យសពមួយកន្លែង ស្ថិត​នៅភូមិធ្នង់ ឃុំ​ឫស្សី​ស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

ករណីនេះ ក្រសួងសុខាភិបាលរកឃើញស្រាដែល​បានផលិតនោះមានសារធាតុមេតាណុល (Methanol) លើសកម្រិត ដែលធ្វើឱ្យអ្នកទទួលទាន​ស្លាប់។

ប៉ុន្មា​នឆ្នាំចុងក្រោយនេះ ករណីពុលស្រាសឬពុលស្រាថ្នាំបានសម្លាប់ពលរដ្ឋជាបន្តបន្ទាប់នៅខេត្តក្រចេះ កណ្តាល ពោធិ៍សាត់ កំពង់ឆ្នាំង និងបន្ទាយមានជ័យ ជាដើម។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា ការយកជាតិមេតាណុល​ទៅ​លាយ ដើម្បីផលិតស្រា ជាគ្រោះថ្នាក់ដល់សុខភាពអ្នកទទួលទាន។

អ្នកជំនាញសុខាភិបាលរូបនេះបានគូសបញ្ជាក់ថា ដើម្បីកាត់បន្ថយការស្លាប់នៅក្នុងសហគមន៍ វាជាការចូលរួមទាំងអស់គ្នា ដែលអ្នកផលិតស្រាត្រូវធ្វើតាមបច្ចេកទេស គិតពីសុខភាពសាធារណៈ ពលរដ្ឋត្រូវចេះពិនិត្យ​ផលិតផលគ្មានគ្រោះថ្នាក់ កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងឱ្យបានច្រើនបំផុត។

លោកស្រីថា៖ «តាមបច្ចេកទេសសុខាភិបាល មិនត្រូវយក​មេតាណុល​មកលាយស្រាដើម្បីបរិភោគទេ អាហ្នឹង​គឺដាច់​ខាត​ហើយ! អ៊ីចឹងសូមឱ្យបញ្ឈប់ជាបន្ទាន់ ដែលវាធ្វើឱ្យប៉ះពាល់សុខភាពរហូតដល់បាត់បង់ជីវិតនេះ។ អ៊ីចឹងវាជាការសំខាន់ណាស់ វាអត់មានអីថាយើង​ធ្វើមិនបានទេ គឺអាចធ្វើបាន! ទី១ អ្នកផលិតកុំយកមេតាណុល​យក​មកលាយ អាហ្នឹងចាំបាច់ហើយ»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មើលឃើញថា ការពុលស្រាបានសម្លាប់​មនុស្សជាច្រើននាក់​នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែល​លោក​ចាត់​ទុក​ថា ​ជាហា​និភ័យដល់សុខភាពសាធារណៈ បើស្ថាប័ន​ពាក់ព័ន្ធមិនពិនិត្យ​លើ​ការបង្កើតច្បាប់គ្រប់គ្រង​ឡើងវិញ ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ ខណៈ​ការផលិតស្រា-សនៅ​តាម​មូលដ្ឋាន បានងាកចេញពីការផលិតបែបប្រពៃណីទៅហើយនោះ។

លោកថា៖ «ស្រាក្តី ស្រាបៀរក្តី នៅតាមមូលដ្ឋានហ្នឹង! យើងគួរតែមានច្បាប់ជាតិមួយ​ ដើម្បីគ្រប់គ្រងការលក់​គ្រឿង​ស្រវឹង​ជាទូទៅតែ​ម្តង ដោយសារបញ្ហានេះជាហានិភ័យសាធារណៈ។​ យើងគួរតែរៀបចំ​ជា​ប្រព័ន្ធតែម្តង​ក្នុងការគ្រប់គ្រងរឿងហ្នឹង កុំឱ្យមានបញ្ហាមួយ យើងទៅដោះមួយ […] ព្រោះរឿងហ្នឹងធ្វើឱ្យមនុស្សស្លាប់ច្រើន ខ្ញុំគិតថា យើងគួរតែមានច្បាប់ជាក់លាក់ ហើយច្បាប់ហ្នឹងត្រូវដាក់បន្ទុកឱ្យអ្នកពាក់ព័ន្ធទទួលខុស​ត្រូវ»។

តាមសេចក្តីព្រាងច្បាប់ស្តីការការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ បានចែងពីគោលបំណង​ការពារ​សុខភាពសាធារណៈ បរិស្ថាន និងកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចនិងសង្គម។ មាត្រា៥នៃសេចក្តីព្រាងច្បាប់​នេះ ចែងថា ក្រសួងសុខាភិបាលជាស្ថាប័នបង្គោលជាតិ មានសមត្ថកិច្ចក្នុងការអនុវត្តបទប្បញ្ញត្តិនៃច្បាប់នេះ។

សេចក្តីព្រាងច្បាប់ដែលមាន១១ជំពូក និង៣៩មាត្រានេះ ក៏បានហាមលក់ឱ្យជនដែលមានអាយុក្រោម២១ឆ្នាំ ស្ត្រី​មានផ្ទៃពោះ ហាមលក់ឱ្យជនដែលមានអាការ​ស្រវឹង ហាមលក់គ្រឿងស្រវឹងគ្រប់​ប្រភេទចាប់ពីម៉ោង​១២​យប់ ដល់ម៉ោង៦ភ្លឺ លើកលែងតែទីតាំងមួយ​ចំនួន​ដែលកំណត់ដោយអនុក្រឹត្យ។

ប៉ុន្តែបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង អំឡុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់យោយល់ កាលពីថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ២០១៩ បានបញ្ជាក់​ថា សេចក្តីព្រាងនេះបានដាក់​បញ្ចូល​ទៅក្នុងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណីអាហារ តាម​ការស្នើឡើង​ពី​ក្រសួង​ពាណិជ្ជកម្មហើយ៕ 


អត្ថបទទាក់ទង

បទ​វិភាគ​៖​ តើ​កម្ពុជា​ត្រូវ​មាន​យន្តការ​បែប​ណា​ខ្លះ​ ដើម្បី​ទប់​ស្កាត់​ករណី​ពុល​ស្រា?

ករណីពុលចំណីអាហារ ពិសេសពុលស្រា-សឬ​ស្រាថ្នាំ បានកើតឡើងនៅកម្ពុជាម្តងហើយម្តងទៀត បង្កឱ្យមានពលរដ្ឋ​រងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិតជាច្រើននាក់​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ