អ្នក​ភូមិ​នៅ​ខេត្ត​ក្រចេះ​ ចោទ​​ក្រុមហ៊ុន​ឯកជន​មួយ​ថា​​បាន​ឈូស​ឆាយ​រំលោភ​យក​ដីធ្លី​និង​ប្តឹង​ពួក​គេ​ទៅ​តុលាការ​

ពលរដ្ឋរាប់រយ​នាក់​នៅភូមិ​កសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី បាននាំគ្នា​តវ៉ា​និង​រារាំង​​គ្រឿងចក្រ​​របស់ក្រុម​ហ៊ុន​មួយ​មិនឱ្យ​ឈូសឆាយដី ដោយអះអាងថា ដីនោះជាកម្មសិទ្ធិពួកគេ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋមួយចំនួន​នៅស្រុកចិត្របុរី ខេត្តក្រចេះ ចោទក្រុមហ៊ុនឯកជនមួយថា បានរំលោភយកដីធ្លីនិងបានប្តឹងពួកគេទៅតុលាការថែមទៀត ក្រោយពួកគេនាំគ្នាតវ៉ាប្រឆាំង។

កាលពីម្សិលមិញ ពលរដ្ឋរាប់រយ​នាក់​នៅភូមិ​កសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី បាននាំគ្នា​តវ៉ា​និង​រារាំង​​គ្រឿងចក្រ​​របស់ក្រុម​ហ៊ុន​មួយ​មិនឱ្យ​ឈូសឆាយដីរបស់ពួកគាត់។

ជនជាតិដើមភាគតិចពូនង លោក ស្រឿង សាយ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ដីប្រហែល៨ ០០០​ហិកតារបស់​​ជនជាតិដើមភាគតិចពូនង និង​ពលរដ្ឋខ្មែរ ជាង៦០០​គ្រួសារ ស្ថិតក្នុងភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី មាន​ជម្លោះជាមួយក្រុមហ៊ុនឯកជនមួយឈ្មោះ «មីកាស្តា» តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។ 

លោក ស្រឿង សាយ បានឱ្យដឹងថា ក្នុងចំណោមពលរដ្ឋជាង៦០០គ្រួសារនោះ គឺមានជនដើមភាគតិចប្រហែលជាង៦០ភាគរយ ហើយថា ក្រុមហ៊ុន​បានដាក់គ្រឿងចក្រឈូសឆាយរំលោភយកដីជនជាតិដើមភាគតិច​ ដូចជា ដីអាស្រ័យផលជាក់ស្តែង ចម្ការវិលជុំ ដីសម្រាប់កប់សព ដីអារក្ស និងដីផ្សេងទៀត។ លោកថា ក្រុមហ៊ុន«មីកាស្តា»ឈូសឆាយដីរបស់ជនជាតិដើមភាគតិច ធ្វើជាដីឡូត៍សម្រាប់លក់។

លោកបន្ថែមថា៖ «ក្រុមហ៊ុនបានរំលោភបំពាន​ទៅលើ​ដីធ្លីរបស់ជនជាតិដើមភាគតិច​យើង ដោយ​​គាត់​​បានវាយ​​ព្រៃ កាយ​ផ្នូរ ហើយ​កន្លែង​ប្រាសាទ​​ចាស់ និងចម្ការវិលជុំរបស់ពួកយើង។ នៅពេល​ដែល​យើង​ចូល​ទៅធ្វើអី​នៅក្នុងចម្ការចាស់របស់ពួកយើងហ្នឹង គឺក្រុមហ៊ុនប្រើសន្តិសុខដោយមានអាវុធបាញ់គំរាមកំហែងមកប្រជា​ពលរដ្ឋយើង និងរឹបអូសយកម៉ូតូ។ អ៊ីចឹងហើយបានជាពួកយើងនៅតវ៉ាដេញ​ក្រុមហ៊ុននោះចេញ​ពីកន្លែង​យើង»

ជនជាតិដើមភាគតិចពូនងម្នាក់ទៀត លោក ឆាល ឡុង និយាយថា ជុំវិញ​ជម្លោះដីធ្លីនេះ ខាង​ក្រុមហ៊ុន​បានប្រើស​ន្តិសុខដោយប្រើប្រាស់កាំភ្លើងបាញ់គំរាមកំហែង​ប្រជាពលរដ្ឋ​មិន​ឱ្យ​តវ៉ានិង​ចូលទៅអាស្រ័យ​ផលលើ​ដី​របស់​ខ្លួន ហើយប្តឹងពលរដ្ឋទៅតុលាការថែមទៀត។ 

លោក​ឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ មានពលរដ្ឋម្នាក់ហើយបានជាប់ពន្ធនាគារ ខណៈរូបលោកនិងពលរដ្ឋម្នាក់ទៀតកំពុងជាប់បណ្តឹង​នៅតុលាការ។

លោកបន្ថែមថា៖ «កាលពីប្រាំងមិញ [កាលពីរដូវប្រាំងឆ្នាំមុន] នេះ ក្រុមហ៊ុនបានប្តឹងពលរដ្ឋខ្ញុំដាក់គុកម្នាក់ ដោយសារគាត់សកម្មតវ៉ាពេក ហើយក្រុមហ៊ុនបានប្រើសន្តិសុខបាញ់គំរាម​កំហែងប្រជាពលរដ្ឋថែមទៀត»

លោក ទូច ដែលអះអាងថាជាតំណាងក្រុមហ៊ុន បានច្រានចោលចំពោះការចោទប្រកាន់​របស់ពលរដ្ឋ ដែលថា ក្រុមហ៊ុនរំលោភយកដីរបស់ពួកគេ។ លោក​អះអាង​ថា ក្រុមហ៊ុន«មីកាស្តា»ទទួលបានសិទ្ធិវិនិយោគលើដីទំហំ៨ ០០០ហិកតានៅតំបន់នោះពីរដ្ឋាភិបាល ដើម្បីអភិវឌ្ឍដាំដំណាំកសិឧស្សាហកម្មនិងចិញ្ចឹមសត្វ។

តំណាងក្រុមហ៊ុនរូបនេះបានទទួលស្គាល់ថា ក្រោមគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុននេះ គឺបានប៉ះពាល់ដីពលរដ្ឋមួយចំនួនមែន ប៉ុន្តែក្រុមហ៊ុនបានកាត់ឆ្វៀលជូនពលរដ្ឋអស់ហើយ ក្នុងនោះមានទាំងពលរដ្ឋ​ខ្មែរ ជន​ជាតិ​ដើម​ភាគតិច និង​ពលរដ្ឋខ្មែរ​ឥស្លាម ​ជាដើម។

លោក ទូច បានចោទក្រុមពលរដ្ឋដែលកំពុងតវ៉ាសព្វថ្ងៃថា ជាក្រុមប្រឆាំងនិងជាអ្នកញុះញង់ឱ្យប្រជាពលរដ្ឋ​ចូលទៅយកដីរបស់ក្រុមហ៊ុន ហើយថា ក្រុមហ៊ុនពុំដែលប្រើសន្តិសុខឱ្យបាញ់គំរាមកំហែងពលរដ្ឋដូចការចោទប្រកាន់ឡើយ។

លោកបន្ថែមថា៖ «អ្នកវិនិយោគ គេមកវិនិយោគ មានការ​អនុញ្ញាតពីរដ្ឋាភិបាល មាន ស.ជ.ណ ត្រឹម​ត្រូវ! ហើយ​ឯងដើរមកក្រឡុក​ក្រឆា​គេពេញហ្នឹងអ៊ីចឹង ដីកប់ខ្មោចដូនអីណា គេឈូសឆាយតាមច្បាប់ តាមផែន​ការ​មេគេ គេឈូស​ធ្វើផ្លូវ ហើយឥលូវមកនាំវាស់ដីក្រុមហ៊ុនចែកគ្នាអ៊ីចឹង មានច្បាប់ទម្លាប់​មកពីណា! បើឱ្យក្រុមហ៊ុន​ទៅយកដីពួកនេះ​ គឺគ្មានទេ ចាំតាមដានមើលទៅ»

ពាក់ព័ន្ឋករណីនេះ អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន មានប្រសាសន៍​ថា ដីកំពុងមានជម្លោះនោះជាដីរបស់ក្រុមហ៊ុន​ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលស្របតាមច្បាប់។ លោកថា ពលរដ្ឋដែលជម្លោះនិងតវ៉ានោះបានចូលទៅយកដីក្រុមហ៊ុនតាមការញុះញង់របស់មេខ្យល់ ដើម្បីយកដីលក់។

អភិបាលខេត្តរូបនេះបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្យល់ ដែលលោកថា បានញុះញង់ឱ្យប្រជាពលរដ្ឋចូលទៅចាប់យកដីរបស់ក្រុមហ៊ុនដោយខុសច្បាប់។

លោកបន្ថែមថា៖ «ចំពោះមេខ្យល់ យើងនឹងចាត់វិធានការវាតាមច្បាប់ ចំពោះប្រជាជនយើងនឹងទៅសួរនាំពួកគាត់​ បើពួកគាត់ខ្វះដី យើងនឹងដោះស្រាយឱ្យតាមរយៈដីសម្បទានសង្គមកិច្ច​ ជូនទៅ កុំឱ្យតែគាត់ទៅធ្វើសេរី ឱ្យតែគាត់ខ្វះដីពិតមែន ខ្លាចតែគាត់ទៅចាប់យកលក់ឱ្យគេតើ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ