មន្ត្រី​អនុរក្ស​និង​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនា​គារ​ខេត្ត​សៀមរាប​​ជិត​២០​នាក់​វិជ្ជមាន​​​ជំងឺ​កូវីដ-១៩​

លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនិងវឌ្ឍនភាពដឹកនាំរបស់ពន្ធនាគារខេត្តកំពង់ធំ និងពន្ធនាគារខេត្តសៀមរាប កាលពីដើមខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Supt. Gen. Chhem Savuth, Director General of Prisons)

មន្ត្រីអនុរក្សនិងអ្នកជាប់ឃុំជិត២០នាក់នៅពន្ធនាគារខេត្តសៀមរាប បាន​ឆ្លង​​ជំងឺ​កូវីដ-១៩ ដែលករណីនេះ អាជ្ញាធរ​បានដាក់អ្នកពាក់ព័ន្ធឱ្យនៅដាច់ដោយឡែក ដើម្បីទប់ស្កាត់រលកចម្លងក្នុងពន្ធនាគារ។

អ្នកនាំពាក្យរដ្ឋបាល​ខេត្តសៀមរាប លោក លី សំរិទ្ធ ឱ្យដឹងនៅល្ងាចថ្ងៃទី០៦ ខែកក្កដា​​ ថាអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវបានរកឃើញ​កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីរកឃើញថា ប្រធានពន្ធនាគារខេត្តនេះ លោក ភាន ឆវ័ន្ត វិជ្ជមានវីរុស​នេះ កាលពីថ្ងៃសៅរ៍។ 

លោកឱ្យដឹងបន្ថែមថា អ្នកពាក់ព័ន្ធត្រូវបានដាក់ឱ្យនៅបន្ទប់ដាច់ដោយឡែកហើយ ដើម្បីតាមដានសុខភាពនិងបញ្ចៀសការឆ្លងរាលដាលទៅលើអ្នកជាប់ឃុំផ្សេងទៀត​។

លោកថា៖ «មានមន្ត្រីអនុរក្ស៣នាក់ឆ្លង ហើយធ្វើតេស្តពីថ្ងៃទី៤ [កក្កដា] និងអ្នកជាប់ឃុំដូច១៥នាក់ឆ្លងដែរ ហ្នឹងហើយ! ប៉ុន្តែឥលូវដាក់ដាច់ដោយឡែកពីគ្នាហើយ»។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពី​អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បាន​ទេ នៅថ្ងៃនេះ។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត​ មានប្រសាសន៍​ថា​ ភាពចង្អៀតណែនក្នុងពន្ធនាគារជាកត្តាមួយដែលងាយឆ្លងនូវជំងឺកូវីដ-១៩។ ហើយ​បញ្ហានេះ ក្រុម​អ្នកធ្វើការផ្នែក​សិទ្ធិ​មនុស្សក្នុងស្រុកនិង​អន្តរជាតិ ធ្លាប់បានជំរុញទៅស្ថាប័ន​រដ្ឋឱ្យ​ពន្លឿនការ​ដោះស្រាយ ប៉ុន្តែបែរជា​ស្ថាប័​នរដ្ឋបានឆ្លើយតបមកវិញថា ពួកគេគ្រប់គ្រងស្ថានការណ៍នេះបានហើយ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះរំឭកទៀតថា ស្ថាប័នរដ្ឋគួរតែដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារនេះឱ្យបានឆាប់ ដើ​ម្បី​ទប់ស្កាត់កុំឱ្យមានហានិភ័យខ្ពស់ពីការវាយលុកនៃជំងឺជាសកលមួយ​នេះ​ចូលក្នុង​ពន្ធនាគារ។

លោកថា៖ «វាអាចមានហានិភ័យខ្ពស់ចំពោះពន្ធនាគារហ្នឹង ដោយសារតែឥលូវហ្នឹងចាប់ផ្តើម[ឆ្លង]ជាបន្តបន្ទាប់ហើយ ពីពន្ធ​នា​គារ​​មួយទៅពន្ធនាគារមួយទៀត។ អ៊ីចឹងធ្វើម៉េចជំរុញវិធានការឬក៏មធ្យោ​បាយ​ក្នុង​ការដោះលែង​[អ្នកទោសដែលមានលក្ខខណ្ឌសមស្រប]នៅក្រៅឃុំហ្នឹង ឱ្យបានលឿន វាជាកា​រល្អ​ជា​ជាងវារីករាលដាលទៅហើយ បានយើងដោះស្រាយតាមក្រោយនោះ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានប្រាប់ វីអូឌី ​កាលពីថ្ងៃចន្ទថា វិធានការ​​ដោះលែងទណ្ឌិតដែលទទួល​ទោស​ជិតចប់តាមលក្ខខណ្ឌច្បាប់ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ បានពិភាក្សា​ជាមួយក្រសួងមហាផ្ទៃចប់សព្វគ្រប់​ហើយ ប៉ុន្តែនៅ​​​​ចាំ​ការសម្រេចចុងក្រោយពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

គួរបញ្ជាក់ថា ជំងឺកូវីដ​-១៩ បាន​ឆ្លង​ទៅ​ដល់​អ្នក​ជាប់​ឃុំមុន​គេនៅ​ពន្ធនាគារ​ខេត្ត​ព្រះ​សីហនុ កាលពី​អំឡុង​ដើម​ខែ​ឧសភា ឆ្នាំ​២០២១។ បន្ទាប់​មក​ ត្រូវបាន​រក​​ឃើ​​ញឆ្លងចូលពន្ធនាគារខេត្តកណ្តាល ពន្ធនាគារព្រៃសម១និងម២ នៅ​រាជធានី​ភ្នំពេញ ពន្ធនាគារខេត្តកំពង់ស្ពឺ និងពន្ធនាគារ​​ខេត្តបន្ទាយមានជ័យ ក្នុងនោះ​ មាន​​ស្ត្រី​ម្នាក់​​អាយុ​​៦៦​ឆ្នាំដែល​ជា​អ្នក​ជាប់​ឃុំ​នៅពន្ធនាគារខេត្ត​កំពង់​ស្ពឺ បានស្លាប់ដោយសារជំងឺនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ