មន្រ្តី​ថា​រដ្ឋា​ភិបាល​ឈប់​​ប្តឹង​​លោក សម​ រង្ស៊ី​​ ដោយ​​សារ​​​លោក​​​ជិត​ដល់​​នាទី​ចុង​ក្រោយ​​​​​ក្នុង​​​ឆាក​​នយោ​​បា​យ​

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

មន្រ្តីនាំពាក្យគណបក្សគ្រប់គ្រងអំណាច បានហៅការរិះគន់របស់អតីតប្រធានស្តីទីគណបក្សប្រឆាំងមកលើ​​​ស្ថា​​ប័ន​​​​​​ព្រះមហាក្សត្រ និងតែងចោទប្រកាន់រដ្ឋាភិបាលថាជាអ្នកនៅពីក្រោយព្រះរាជា ថាជាមនុស្សអស់ផ្លូវដើរនិង​​តែល​​​​តោល​​ក្នុងជីវិតនយោបាយនៅនាទីចុងក្រោយរបស់លោក។

លោក សុខ ឥសាន ជាសមាជិកព្រឹទ្ធសភា និងជាមន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា ឱ្យដឹងថា រដ្ឋាភិបាលបាន​​សម្រេច​​ចិត្ត​​មិនប្តឹងផ្តល់អ្វីប្រឆាំងលោក សម រង្ស៊ី ទៀតឡើយ ទោះលោក សម រង្ស៊ី និយាយធ្ងន់ឬស្រាលចំពោះ​​អង្គ​​ព្រះ​​មហាក្សត្រ។​​

លោក​​បន្តថា ការសម្រេចនេះមិនមែនជាការយោគយល់ឬខ្លាចរអាទេ ប៉ុន្តែដោយសារមើលឃើញថា​ អតី​​​ត​​​មេបក្សជំទាស់រូបនេះមានវ័យកាន់តែចាស់​​ណាស់​​ទៅ​​ហើយ​ និងអាចនិយាយបានថា ទុកនាទីចុង​ក្រោយ​​​របស់​​លោកដែល​​នៅសល់​​ពេល​​​តិចតួចក្នុងការឡាំប៉ានៅលើទឹកដីនៃប្រទេសបារាំងទៅចុះ។

លោកបន្ត​​ថា៖ ​​«អត់​​មាន​​អីត្រូវឆ្ងល់ទេអារឿងហ្នឹង ព្រោះមនុស្សនេះមានដីកាចាប់ខ្លួនរួច​ទៅហើយ ឱ្យតែឃើញមុខ​! ឥលូវនេះ នៅ​​ពួន​​ស្រុក​​បារាំង ដោយសារដីកាមិនមានវិសាលភាពរហូតដល់ស្រុកបារាំង ហើយទៅចាប់នៅ​​ស្រុកបារាំង វា​​ពិបាក​​។ អ៊ី​​ចឹងទេ ទុកឱ្យនៅហ្នឹងទៅ ព្រោះមនុស្សហ្នឹងឥលូវនេះអាយុ៧៣[ឬ]៧៤ឆ្នាំហើយ ជិតដល់ម៉ោងហើយ»។

ការថ្លែងដូច្នេះរបស់លោក សុខ ឥសាន ធ្វើឡើងបន្ទាប់ពី​អតីតប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី៥ ខែ​កក្កដា បានថ្លែងជាថ្មីទៀតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិន​​បាន​​គោរពព្រះមហាក្សត្រដូចអ្វីដែលលោកអះអាងប្រាប់សាធារណជននោះទេ។ សារសំឡេងបែបជាការចោទសួរ ដែលត្រូវបានលោក សម រង្ស៊ី​ បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក បញ្ជាក់ថា ព្រះអង្គមិនមានព្រះ​​រាជសិទ្ធិ​​អ្វីសូម្បីបន្តិច គឺទ្រង់សម្រេចព្រះរាជកិច្ចទៅតាមការចង់បានរបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។​

នេះមិនមែនជារឿងថ្មីឡើយសម្រាប់លោក សម រង្ស៊ី ដែលតែងចោទប្រកាន់រដ្ឋាភិបាលដឹកនាំដោយ​​គណ​​បក្ស​​ប្រ​ជាជនកម្ពុជា ថាបានប្រើប្រាស់ឥទ្ធិពលគ្រ​បដណ្តប់​​ទៅលើស្ថាប័នព្រះមហាក្សត្រ​​។ ដោយសារតែការប្រើ​វោ​​ហារ​​សាស្រ្តនេះ លោក សម រង្ស៊ី​​ ត្រូវជាប់បណ្តឹងនៅតុលាការជិត៥០​សំណុំរឿងមកហើយ។

លោក សុខ ឥសាន លើកឡើងថា បើគិតពីទោសរបស់​លោក សម រង្ស៊ី នេះ មិនក្រោម១០០ឆ្នាំទេ ទាំងមុននិងបច្ចុប្បន្នដែល​​ត្រូវ​​​បាន​​តុលាការផ្តន្ទាទោសដាក់ពន្ធនាគារ។

នៅថ្ងៃពុធនេះដែរ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ​បាន​បញ្ចេញ​​​សារ​​នយោបាយ​នៅលើទំព័រហ្វេសប៊ុក​​របស់​​ទ្រង់​​ថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិន​ខ្លាចចាញ់កា​​របោះ​​ឆ្នោត​​ទេ គួរណាស់តែមានដំណោះស្រាយផ្នែកនយោបាយជាយូរមក​ហើយ។

ចំណែកសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា ថ្លែងថា លោក​មិនអាចកាត់អត្ថន័យយល់និងខ្លឹម​​សារ​​​​ពិតដែលលោក សម រង្ស៊ី រិះគន់ទៅលើអង្គ​ព្រះមហាក្សត្រនេះទេ។ តែយ៉ាងណា លោកថា ជីវិតនយោបាយរបស់​​ លោក សម រង្ស៊ី នេះ មិនអាចត្រូវបញ្ចប់ត្រឹមការ​ថ្លែង​​ប៉ុន្មានម៉ាត់របស់អ្នកនយោបាយបានឡើយ ព្រោះស្ថានភាព​​ន​​យោ​​បាយ​​មានការប្រែប្រួលនៅនាទីចុងក្រោយជានិច្ច។

លោក​ថា៖ ​​«យើង​​មើល​​​​ស្មានអត់ដឹងទេ! ជាទូទៅ យើងតែងសង្កេតឃើញនយោបាយតែង​កើតឡើងផ្សេងៗ កើតឡើង​​រហូត។​​ អ៊ីចឹង ​ខ្ញុំគិត​​ថា ថ្វីត្បិតលោក សម រង្ស៊ី អត្ថាធិប្បាយវាយ​ប្រហារ​​​ទៅអង្គព្រះមហាក្សត្រ​​ច្រើន ប៉ុន្តែខ្ញុំគិត​​ថា អ្នកនយោបាយ​​កម្ពុជា​​ព្រមព្រៀងគ្នា ព្រោះជារឿងនយោបាយ»។

​លោក ឯម សុវណ្ណរ៉ា យល់ឃើញថា ការសម្លាប់ជីវិតនយោបាយរបស់គណបក្សប្រឆាំងនៅមុនការបោះឆ្នោត​​ជាតិ​​មកដល់​​ក្នុងឆ្នាំ២០១៨នោះ មានរូបភាពមិនខុសគ្នាពី​ការបង្ក្រាបទៅលើ​គណបក្ស​រាជានិយម ហ្វ៊ុនស៊ិនប៉ិច តាម​​រយៈ​​​ព្រឹត្តិ​​​​​ការណ៍បង្ហូរឈាមនៅ​មុន​ឆ្នាំ១៩៩៨​នោះទេ។

បើតាមលោក ឯម សុវណ្ណរ៉ា ភាពខុសគ្នានៃព្រឹត្តិការណ៍ទាំងពីរនេះនៅត្រង់ថា មួយធ្វើដោយស្របច្បាប់តាមរយៈ​​អំ​​ណា​ច​​​​​​សាលដីកាតុលាការកំពូល និងមួយទៀតប្រើប្រាស់ហិង្សាក្នុងការបញ្ចប់ជីវិតនយោបាយរបស់​​ដៃគូប្រកួត​​ប្រ​​ជែង​​​​​​​។​​​​

យុទ្ធ​សាស្រ្ត​​​ទាំង​​ពីរនេះ លោកថា ​ប្រហែលគណបក្សកាន់អំណាចមើលឃើញរួចជាស្រេចទៅហើយពីលទ្ធ​​ភាព​​​​មិនអាចទៅរួចក្នុងការដណ្តើមកៅអីតាមរយៈសន្លឹកឆ្នោត និងម៉្យាងទៀតព្រួយ​​បារម្ភការចាញ់ឆ្នោត និង​​ដើម្បី​​​​ការពារ​​អំណា​​ច​​​​របស់​​ខ្លួនបន្តទៅទៀតផង។

លោក ឯម សុវណ្ណរ៉ា បន្ថែមទៀតថា ប្រសិនបើនៅពេលនោះ គណបក្សសង្រ្គោះជាតិ មិនត្រូវបានរំលាយទេ ប្រ​​ហែល​​​​​ជាបក្សប្រឆាំងនេះអាចនឹងឈានទៅដណ្តើមអាសនៈនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ក៏ថាបាន។ តាមរយៈការបោះឆ្នោតឃុំ-សង្កាត់ ​ឆ្នាំ២០១៧ បក្សប្រឆាំង​​ទទួល​​បាន​​ក្រុមប្រឹក្សា​​ឃុំ​​-សង្កាត់​ចំនួន៥ ០០៧អាសនៈ និងមេឃុំចៅ-សង្កាត់ចំនួន៤៩៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ