មន្ត្រី​ថា​ អ្នក​ជំងឺ​កូវីដ-១៩​ម្នាក់​យក​កាំបិត​ចាក់​ខ្លួន​ឯង​ដោយ​សារ​មាន​បញ្ហា​​គ្រួសារ

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩​ម្នាក់ដែលបានយកកាំបិតចាក់ខ្លួន​ឯងអំឡុងពេលព្យាបាលជំងឺនោះ​ ដោយសារតែ​គាត់មានបញ្ហានៅក្នុងគ្រួសារ។

ក្នុងវីដេអូឃ្លីបមួយមានរយៈពេល៩វិនាទី ដែល​ចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក ឱ្យដឹងថា បុរសម្នាក់ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលជំងឺស្តាតអូឡាំពិក បានយកកាំបិតចាក់លើខ្លួនឯង។ ជាមួយគ្នានេះ មានសំឡេងមួយបានលើកឡើងថា ការធ្វើអត្តឃាត​របស់​បុរសរូបនោះ ដោយសារ​អស់សង្ឃឹម​ចំពោះជំងឺ​ដែលកាន់តែធ្ងន់ធ្ងរ ស្របពេល​ឃើញអ្នកជំងឺកូវីដ-១៩ដែលស្នាក់នៅក្បែរគ្នានោះ​ស្លាប់ជាបន្តបន្ទាប់។ 

តែយ៉ាងណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ប្រាប់ វីអូឌី នៅថ្ងៃពុធ​នេះ​ថា​ បុរសម្នាក់ដែលយកកាំបិតចាក់ខ្លួនឯង អំឡុងពេលព្យាបាលជំងឺកូវីដ-១៩នោះ ដោយសារគាត់មានទំនាស់នៅក្នុងគ្រួសាររបស់គាត់។ 

លោកស្រីបន្តថា ក្នុងបរិបទនៃការឆ្លងជំងឺកូវីដ-១៩នេះ អ្នកជំងឺអាចមានបញ្ហាផ្លូវចិត្ត បើសិនជាមិនមាន​ក្រុមគ្រួសារនិងមនុស្សជុំវិញខ្លួនលើកទឹកចិត្តនៅពេលដែលពួកគាត់កំពុងសម្រាកព្យាបាលជំងឺ បន្ថែមលើការផ្ដល់ប្រឹក្សាយោបល់ពីក្រុមគ្រូពេទ្យផងដែរ។  

លោកស្រីថា៖ «យើងបានរៀបចំជាការប្រឹក្សា​ អប់រំអីអ៊ីចឹង ដើម្បីឱ្យអ្នកជំងឺគាត់ចេះប្រើប្រាស់អារម្មណ៍របស់គាត់អីហ្នឹងទៅ ឱ្យមានការគាំទ្រពីក្រុមគ្រួសារ​អ៊ីចឹង កុំឱ្យនៅតែលតោល​តែឯង។ អាហ្នឹង​មិនយូរមិនឆាប់ ផ្លូវចិត្តហើយ។ អ៊ីចឹងបានគេឧស្សាហ៍ឱ្យតេទាក់ទងបងប្អូនហ្នឹង ថ្វីត្បិតទៅមើលមិនកើតអី​មែន ​តែតេទាក់ទងទៅ គាំទ្រទៅ នាំគាត់ជជែកគ្នាលេង ដើម្បីឱ្យអ្នកជំងឺមាន​ភាពកក់ក្ដៅ។ យើងមានគ្រូពេទ្យផ្លូវចិត្តតើ»។ 

នៅពេលសួរពីស្ថានភាពអ្នកជំងឺដែលយកកាំបិតចាក់ខ្លួនឯងថាមានគ្រោះថ្នាក់ដល់អាយុជីវិតឬអត់នោះ លោកស្រី ឱ វណ្ណឌីន សុំមិនធ្វើអត្ថាធិប្បាយឡើយ ដោយរុញឱ្យទៅសួរអ្នកកាន់ការ​ងារ​នោះផ្ទាល់ ខណៈអគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល លោក ហុក គឹមចេង សុំមិន​ធ្វើអត្ថាធិប្បាយទេ ដោយថា ជាប់រវល់ប្រជុំ។

វីអូឌី មិនទាន់អាចស្វែងរកប្រភពពីក្រុមគ្រួសារអ្នកជំងឺកូវីដ-១៩ដែលចាក់ខ្លួនឯងនោះ ដើម្បីសុំបំភ្លឺពាក់ព័ន្ធនឹងរឿងនេះបាន​នៅឡើយទេ នៅថ្ងៃទី៧ ខែកក្កដា។

ចំណែកអ្នកជំងឺកូវីដ-១៩ម្នាក់ លោក សំ វេហា លើកឡើងថា នៅពេលដែលរូបគាត់ដឹងថាមានឆ្លងជំងឺនេះភ្លាម ធ្វើឱ្យគាត់មានការព្រួយបារម្ភជាខ្លាំង ទាំងបញ្ហាជីវភាពគ្រួសារនិងខ្លាចមានការរើសអើង។

លោកបន្ត​ថា៖ «បើគ្មានការលើកទឹកចិត្តពីគ្រួសារ ខ្ញុំគិតថាឯកោដែរ! យើងឆ្លងជំងឺហ្នឹងហើយ គេមិន​យកចិត្តទុកដាក់យើង គឺយើងឯកោដែរ ប៉ុន្តែក្រុមគ្រួសារគាត់បានជួយផ្ដល់យោបល់ឱ្យយើងច្រើន គាត់ឱ្យយើងប្រឹងលេបថ្នាំ ថែរក្សាសុខភាពខ្លួនឯងឱ្យល្អ ដើម្បីឆាប់ជាអ៊ីចឹង»។ 

ករណីនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ជំរុញឱ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់បន្ថែមទៀតលើអ្នកជំងឺកូវីដ-១៩ ដោយថា ករណីនេះអាច​នឹង​ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលផងដែរ។ 

លោកថា៖ «ស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណានេះ [អ្នកណា]ក៏ចង់រស់ដែរ! អ៊ីចឹងបញ្ហានេះ អាចជាការយកចិត្តទុកដាក់លើគាត់មិនបានគ្រប់គ្រាន់ ហើយគ្មានការយកចិត្តទុកដាក់ពីគ្រួសារផងដែរ។ ករណី​នេះ​ ជាករណីតែមួយក៏ដោយ ប៉ុន្តែវាប៉ះពាល់ខ្លាំង វាមានទំហំប៉ះពាល់របស់វា ហើយវាអាចជះឥទ្ធិពលដល់ប្រព័ន្ធសុខាភិបាល។ អ៊ីចឹងធ្វើយ៉ាងណាគួរតែពិនិត្យឡើងវិញ គួរតែកែតម្រូវយ៉ាងម៉េច»។

បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៥៧ ១០៣​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុប​ចំនួន៤៨ ៩៧៤នាក់ អ្នកស្លាប់សរុប៧៩៨នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប៣ ៧៦០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ