រដ្ឋា​ភិបាល​ជួល​ដី​បឹង​និង​ដី​កោះមាស​ជិត១ ៦០០​ហិកតា​ឱ្យ​ក្រុមហ៊ុន​ឧកញ៉ា​ ឃុន សៀ

រូបលោកឧកញ៉ា ឃុន សៀ ដែលត្រូវបានបង្ហោះលើវេបសាយ cpp.org.kh ។

រដ្ឋាភិបាលបានជួលដីចំនួន៣កន្លែងដែលមានទំហំជិត១ ៦០០ហិកតា ស្ថិត​នៅក្នុង​​ស្រុក​​​ល្វាឯម និង​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល ទៅ​ឱ្យ​ក្រុមហ៊ុន ឃុន សៀ ដើម្បីធ្វើការ​អភិវឌ្ឍរយៈពេល៥០​ឆ្នាំ ក្រោមគម្រោងដីសម្បទានសេដ្ឋកិច្ច។  

ក្នុងអនុក្រឹត្យចុះថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២០ រដ្ឋាភិបាល​​បាន​ជួលផ្ទៃដីទំហំជាង១ ១៦១​ហិកតាដែលជាដីបឹងវាលសំណាប ស្ថិតនៅឃុំព្រែកលួង ឃុំព្រែកតាកូវ ឃុំស្វាយជ្រុំ ស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ឱ្យ​ទៅ​ក្រុមហ៊ុន «ឃុន សៀ Import Export»។ 

ចំណែកអនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០ ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចជួលដីកោះមាស ទំហំជាង៣៤០​​ហិកតា ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ហើយជាប់ស្រុក​ល្វាឯម និង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ឱ្យ​ទៅ​ក្រុមហ៊ុន «ឃុន សៀ Import Export» ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​រយៈពេល៥០​ឆ្នាំ ខណៈដីទំហំ៧០​ហិកតាទៀតក៏ត្រូវបានរដ្ឋាភិបាលជួលឱ្យក្រុមហ៊ុននេះ សម្រាប់អភិវឌ្ឍ​ជាតំបន់​សេដ្ឋកិច្ច​តាម​ដង​ទន្លេត្រើយខាងកើត ក្បែរគ្នាតំបន់អភិវឌ្ឍន៍កោះពេជ្រ។

ក្រោយពីទទួលបានដីសម្បទានទាំងនេះ ក្រុមហ៊ុន ឃុន សៀ បាននិងកំពុងធ្វើសកម្មភាព​ចាក់ខ្សាច់និង​ថ្ម​ចូលទន្លេ ស្ថិតនៅត្រើយ​អរិយក្សត្រ ​នៃ​ភូមិសាស្ត្រ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល។

វីអូឌី នៅមិនអាចសុំការបញ្ជាក់បន្ថែមពីលោក សេង ផេង តំណាងក្រុមហ៊ុន ឃុន សៀ បានទេ នៅថ្ងៃព្រហស្បតិ៍នេះ ដោយទូរសព្ទចូលជាច្រើនដងគ្មានអ្នកទទួល។

​យ៉ាងណា រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ និងឧតុនិយម ​​លោក ​លឹម គានហោ មានប្រសាសន៍ថា  លោកបានទទួលព័ត៌មាន ពាក់ព័ន្ធនឹងរឿងនេះហើយ ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយ​ ដោយ​ថា ករណីនេះមិនមែនជាសមត្ថកិច្ចរបស់លោកតែម្នាក់នោះទេ ទោះបីជាលោកមានក្តីបារម្ភចំពោះករណីចាក់ថ្មលុបចូលទន្លេនេះក៏ដោយ។

លោកថា៖ «បារម្ភវាចេះតែបារម្ភហើយ តែបារម្ភ ក៏មានអាជ្ញាធរដែនដីទីតាំងគ្រប់ជាន់ថ្នាក់ លោក​បាន​គិត​គូរ!​ បញ្ហាវាមិនមែនជារឿងរបស់ក្រសួងមួយឯណា របស់រាជរដ្ឋាភិបាលទាំងអស់ហ្នឹង ប្រទេសជាតិទាំងមូល។ ​អ៊ីចឹងអាជ្ញាធរដែនដីលោកបានគិតគូរមុនគេទាំងអស់ហ្នឹងយ៉ាងម៉េចៗនោះ»។  

ប្រធានក្រុម​អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការជួលដីបឹងនិងដីកោះទៅឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍ​នេះ គឺធ្វើឡើងស្របទៅតាមច្បាប់ ហើយការជួលឱ្យក្រុមហ៊ុន ឃុន សៀ នេះ រដ្ឋាភិបាលបានសិក្សាពីផលប៉ះពាល់រួចហើយដែរ។

លោកបន្តថា៖ «មុននឹងគេឱ្យ គេសិក្សាហើយពីផលប៉ះពាល់ និង​ទទួលផលបានប៉ុន្មាន សាច់រឿងហ្នឹងវាអ៊ីចឹង! ទិន្នន័យទទួលផលបានយ៉ាង​ម៉េចដែរ ហើយផលប៉ះពាល់យ៉ាងម៉េចដែរ។ ប៉ុន្តែយើងនិយាយពីផលប៉ះពាល់ វាអត់មានទេ ពីព្រោះវាតម្រូវទៅលើត្រីពងអី ពីព្រោះអាហ្នឹង វាគឺជាបឹង! ហើយយើងទុកបឹងហ្នឹងអាស្រ័យផលកសិករតូចតាចហ្នឹង តើវាបានផលច្រើនជាងសម្បទានសេដ្ឋកិច្ចឱ្យគេទេ? សម្បទានសេដ្ឋកិច្ចហ្នឹង លុយហ្នឹង​វិលធ្លាក់ចូលទៅដល់កញ្ចប់ផែន​ការសម្រាប់ជួយទ្រទ្រង់ទៅដល់ជនងាយរងគ្រោះនិងជនក្រីក្រ»។

ប្រធាន​កម្ម​វិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹម​ហុង សង្កេតឃើញថា រដ្ឋាភិបាលហាក់មានការលាក់បាំងមិនឱ្យប្រជាពលរដ្ឋដឹងព័ត៌មាន ពាក់ព័ន្ធនឹងការ​ផ្ដល់ដីសម្បទានដល់ក្រុមហ៊ុន​ឯកជន ជាក់ស្ដែងដូច​ជាការផ្ដល់ដីសម្បទានដល់ក្រុម​​ហ៊ុន ឃុន សៀ និងក្រុមហ៊ុនមួយចំនួនទៀតជាដើម។  

​លោកបង្ហាញការ​ព្រួយ​បារម្ភ​ពី​ការ​អភិវឌ្ឍដោយសង​​សំណង់នានា​លើដង​ទន្លេ​ ដែល​នាំឱ្យ​​ប៉ះពាល់​ចរន្ត​ទឹក​ហូរ ប៉ះពាល់ដល់មច្ឆជាតិ ខណៈ​រដ្ឋាភិបាលមិនបានបង្ហាញការវាយ​តម្លៃ​​​ផល​ប៉ះពាល់​បរិស្ថាននិងសង្គម​ជាសាធារណៈនោះឡើយ។

លោកថា៖ «ផ្នែកខាងក្រោមនៃទន្លេមេគង្គ ទាំងទន្លេក្រោម ទាំង​ទន្លេបាសាក់ហ្នឹង នៅតែបន្តមាន​ការលុប ឬក៏ការបង្កើតកោះសិប្បនិមិត្តនៅ​ក្នុងទន្លេធម្មជាតិ។ យើងមានការព្រួយបារម្ភ ក្រែងនៅរដូវទឹកឡើង វាអាចប៉ះ​ពាល់ចរន្តលំហូរទឹក​នៃផ្នែកខាងក្រោម ហើយយើង​ដឹងហើយ ​នៅទីក្រុង​ភ្នំពេញ នៅ​ក្នុងតំបន់ទន្លេបួនមុខ​។ ដូច្នេះ បើសិនជាមានប៉ះពាល់ទៅលើចរន្តទឹក​​ តើអាចទេថា​បង្កគ្រោះធម្មជាតិកើតឡើងក្នុងការជន់លិច។ ​ទី២ ​អាចប៉ះពាល់ដល់ប្រព័ន្ធ​អេកូឡូស៊ីដែលធ្លាប់តែ​មានលំនាំធ្វើចលនា​នៅក្នុងចរន្តនៃទន្លេ​មេគង្គ ទាំងប្រព័ន្ធមច្ឆជាតិ ទាំងប្រព័ន្ធទឹក និងការគ្រប់គ្រងជម្រៅទឹក»។

​កាលពី​ខែ​ឧសភា ​ឆ្នាំ២០២០ ​រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​លោក ​លឹម គានហោ បានចេញលិខិតមួយដោយ​ព្រមាន​អំពី​គ្រោះ​មហន្តរាយដោយសារទឹក​ជំនន់​ ក្រោយពីក្រសួងមើលឃើញថា មានការ​ចាក់​ដីលុបនិង​ការ​សាងសង់​បិទ​ផ្លូវ​ទឹក​នានាជាបន្តបន្ទាប់។ 

បញ្ហានេះ លោក​ក៏បានជំរុញឱ្យ​អាជ្ញាធររាជធានី​-​​ខេត្ត​ទាំង​អស់ត្រូវ​ជួយ​ទប់​ស្កាត់​ ដើម្បីកុំឱ្យមានការ​ចាក់​ដី​លុបរំលោភ ​​ចំណី​មាត់​ច្រាំង​ទន្លេ ​ស្ទឹង​ ព្រែក​ អូរ​ ប្រឡាយ​ អាង​ទឹក បឹងបួរ បន្តទៀត។ ប៉ុន្តែលិខិតព្រមានរបស់ក្រសួងនេះ ត្រូវបានគេមើលឃើញថា មិនមានប្រសិទ្ធភាពឡើយ ត្បិតការចាក់ដីលុបបិទផ្លូវទឹក ការរំលោភច្រាំងទន្លេ អូរ ប្រឡាយ និងបឹងធម្មជាតិនេះ នៅតែបន្តកើតមានឡើង៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ