រដ្ឋា​ភិបាល​ឱ្យ​​វិស័យ​ឯកជន​ប្រើ​ឧប​ករណ៍​តេស្ត​រហ័ស​ដើម្បី​​ទប់ស្កាត់​រលក​​ចម្លង​​ជំងឺ​​កូវីដ-១៩

ក្រុមគ្រូពេទ្យជំនាញធ្វើការយកសំណាកពីកម្មការិនីម្នាក់ដែលធ្វើការនៅរោងចក្រ ឌីន ហាន ធ្វើតេស្តរកមេរោគកូវីដ-១៩ នៅទីតាំងរោងចក្រផ្ទាល់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ក្រសួងសុខាភិបាលសម្រេច​​ឱ្យ​វិស័យ​​ឯកជន​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័សចាប់ពីពេលនេះទៅ ដើម្បីចូល​រួម​ទប់​ស្តាត់​ជំងឺកូវីដ-១៩ ខណៈជំងឺនេះ​នៅតែបន្ត​ឆ្លងទៅ​កាន់​មនុស្ស​រាប់​រយ​នាក់ក្នុងមួយថ្ងៃៗ​នៅឡើយ។

តាមសេចក្តីសម្រេច ចុះថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានលើកឡើង​ថា គ្រឹះស្ថា​នសុខា​ភិបាល​ឯកជន ស្ថាប័នរដ្ឋមិនមែនសុខាភិបាល អាជ្ញាធរច្រកទ្វារព្រំដែន ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស និងទីកន្លែងអាជីវកម្មផ្សេងទៀត រួមទាំង​បុគ្គល​ឯកជន អាច​ប្រើ​តេស្ត​រហ័សដើម្បីរកអង់ទីហ្សែន​កូវីដ​-១៩​បាន ចាប់ពីថ្ងៃចុះហត្ថលេខានេះ​ទៅ។

សេចក្តីសម្រេចដែលមានហត្ថលេខា​រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នោះ បានបញ្ជាក់ថា ការ​អនុ​ញ្ញា​តនេះ ដើម្បីឱ្យវិស័យទាំងនោះបានរួមចំណែកនៅក្នុងការបង្ការ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរា​ល​​ដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រ​សិ​ទ្ធភាពថែមទៀត។

កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញវិធានការមួយចំនួន ក្នុងនោះមានទាំងចេញបញ្ជាឱ្យវិស័យឯកជ​នអាចប្រើប្រាស់តេស្តរហ័សនេះបាន ដើម្បីរួមចំណែកក្នុងការទប់ស្កាត់រលកចម្លង​ឱ្យ​បានទាន់ពេល និងក៏ជាការកាត់បន្ថយបន្ទុក​វិស័យសុខាភិបាលរបស់រដ្ឋផងដែរ។

ក្រៅពីនេះ លោកថា ការឆ្លងក្នុងសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ វាបានដើរ​ដល់​ចំណុច​គួរ​ឱ្យ​ព្រួយបារម្ភ និង​ថាមេរោគ​បំប្លែង​ថ្មី (Delta) មានប្រភពពីប្រទេសឥណ្ឌា ដែលក្រសួងបានរកឃើញជា​បន្តបន្ទាប់នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាចនឹងបង្កសោកនាដកម្ម​នៅ​កម្ពុជា បើអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់មិនបាន។

ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ ប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ អត្រាអ្ន​កឆ្លងក្នុងមួយថ្ងៃៗមានជិត១ ០០០នាក់ ឬ​លើសពីនេះ ចំណែកអត្រា​អ្នក​ស្លាប់​វិញ​ក៏​មាន​ចំនួន​កើន​ឡើង​ដែរ។

គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសឱ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជិត៦ម៉ឺននាក់ (៥៧ ១០៣នាក់​​) ​អ្នកស្លាប់កើនដល់៧​៩​៨​នាក់ ព្យា​បាល​​​ជាសះស្បើយ​​ជិត៥ម៉ឺននាក់​ (៤៨ ៩៧៤នាក់​)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ