ប្រាសាទ​សំបូរ​ព្រៃគុក​បាន​​ទទួល​ការ​គាំពារ​ជា​អន្តរជាតិ​​ ក្រោយ​ស្ថិត​ក្នុង​​បញ្ជី​​​បេតិ​ក​​ភណ្ឌ​​ពិ​ភព​​​​​​លោក

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ (រដ្ឋបាលខេត្តកំពង់ធំ)

ប្រមុខរដ្ឋាភិបាលបញ្ជាក់ថា ក្រោយចុះបញ្ជីជា​សម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក​ បានក្លាយជាតំបន់​ទេសចរ​ណ៍វប្បធម៌ប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយ និងទទួលបានការ​គាំ​ពារ​ជា​អន្តរជាតិ។

ការបញ្ជាក់នេះធ្វើឡើងចំថ្ងៃខួប៤ឆ្នាំ ដែល​អង្គការ​យូណេស្កូ (UNESCO) បានដាក់បញ្ចូលតំបន់​ប្រាសាទសំ​បូរព្រៃគុក ក្នុង​បញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងក្រាកូវ (Krakow) ប្រទេសប៉ូឡូញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេស​ប៊ុករបស់​លោក​នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ​ថា ការដាក់សម្បត្តិវប្បធម៌និងប្រាសាទបុរាណទាំងនេះ មិនត្រឹមតែទទួល​បាន​ការគាំពារជាអន្តរជាតិនោះទេ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌និងប្រាសាទបុរាណ​របស់ខែ្មរ​ទៅកាន់ឆាកអន្តរជាតិផងដែរ។

លោក​បន្តថា៖ «ក្រោយចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក​ បានក្លាយ​ជាតំបន់​ទេសចរណ៍​វប្បធម៌ប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយផងដែរ។ សូមចូលរួមថែ​រក្សា​ការ​ពារ​ប្រាសាទ​បុរាណទាំងអស់នៅទូទាំងប្រទេស​ឱ្យ​បាន​គង់​វង្ស ដើម្បីកូនចៅ​ខ្មែរគ្រប់​ៗ​ជំនាន់»។

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ។

បើតាមឯកសាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុក នៃរដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា ប្រាសាទ​សំបូរព្រៃគុក ភាគច្រើនកសាងឡើងដោយព្រះបាទឦសានវរ្ម័ន ដើម្បីឧទ្ទិសចំពោះព្រះសិវៈ។ ឯកសារ​ដដែលបន្តថា ប្រាសាទទាំងនោះ ​សាង​សង់ឡើង​មានលក្ខណៈជាប្រាសាទ​ទោល និងសង់​ជាក្រុមក្នុងកំពែងតែមួយ និង​ប្លង់ប្រាសាទមានរាងបួនជ្រុង អមដោយ​​គ្រឿង​លម្អស្ថាបត្យកម្មមានក្បាច់ផ្តែ និងសរសេរជាពាក្យពេចន៍​ ប្រអប់ទ្វារសុទ្ធ​សឹង​ធ្វើអំពី​ថ្មភក់ និងមានចម្លាក់​លើកំបោរ​បាយ​អ ជាដើម​។

ប្រភពដដែលបន្តថា គេបែងចែកក្រុមប្រាសាទទាំងនោះជាបីក្រុមធំៗខុសគ្នា ដូចជា ទី​១. ក្រុមប្រាសាទ​ខាងជើង (ក្រុមប្រាសាទសំបូរ) សាងឡើងនៅដើមស.វទី៧ (គ.ស៦១៦-៦៣៥) ដោយ​​ព្រះបាទឦសានវរ្ម័នទី១។ ទី២. ក្រុមប្រាសាទកណ្តាល ហៅថា ប្រាសាទតោ​ សាងឡើង​ក្នុង​រជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី២ ក្នុងស.វទី៩ និងទី​៣. ក្រុមប្រាសាទខាងត្បូង ហៅថា នាគព័ន្ធ ឬយាយព័ន្ធ សាងឡើង​ដោយ​ព្រះបាទឦសានវរ្ម័នទី១ ដើមស.វទី៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ