រដ្ឋា​ភិបាល​នឹង​មិន​យក​ពន្ធ​លើ​ប្រាក់​ចំណូល​រហូត​៩​ឆ្នាំ​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ

កំពង់ផែនៅខេត្តព្រះសីហនុ ថតពីចម្ងាយ កាលពីឆ្នាំ២០១៨។ (ហេង វិចិត្រ)

មន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជានឹងមានច្បាប់ថ្មីមួយដើម្បីលើកទឹកចិត្តអ្នកវិនិយោគ​ទាំង​ជន​ជាតិ​ខ្មែរនិង​បរទេស ដោយផ្តល់ជម្រើស២យ៉ាង ក្នុងនោះមានទាំងផ្តល់ជម្រើសលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់៩ឆ្នាំ។

ប្រធានក្រុមអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ឱ្យដឹង​នៅលើ​ទំព័រ​ហ្វេសប៊ុករប​ស់​លោកថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តី នាថ្ងៃសុក្រនេះ បានពិភាក្សាលើ​សេច​ក្តីព្រាង​ច្បាប់ស្តីពីការវិនិយោគ។

លោកបន្ត​ថា គោលបំណងនៃសេចក្តីព្រាងច្បាប់នេះ បង្កើត​នូវក្របខណ្ឌគ​តិយុត្តិដែល​បើក​ចំហ មាន​តម្លាភាព អាច​ប៉ាន់​ប្រមាណ​ទុកជាមុន​បាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញនិងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម- សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានគូសបញ្ជាក់ថា ចំពោះការលើកទឹកចិត្តដល់អ្នកវិនិយោគដែលរដ្ឋាភិបាលនឹងផ្តល់ជូននោះ រួមមាន៖ «ផ្តោតសំខាន់ទៅលើការលើកលែងពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី៣ឆ្នាំ រហូតដល់៩ឆ្នាំ ទៅតាមវិស័យនិងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូងនិងការលើកទឹកចិត្តផ្សេងទៀត និងជម្រើសទី២ គឺផ្តោតសំខាន់ទៅលើការទទួលបានសិទ្ធិកាត់កងចំណាយមូលធន តាមរយៈការរម្លស់​ពិសេស និងសិទ្ធិកាត់កងរហូតដល់២០០ភាគរយលើចំណាយសំខាន់ៗ​ផ្សេងទៀត សម្រាប់រយៈពេលរហូតដល់៩ឆ្នាំ»។

លោក ផៃ ស៊ីផាន បន្តទៀតថា​ ក្រៅពីនោះ រដ្ឋាភិបាលក៏​មា​នការលើកទឹកចិត្ត​បន្ថែមដទៃទៀត ដូចជា ការលើក​លែង​ពន្ធគយ អាករពិសេស និងអាករ​លើតម្លៃបន្ថែម ទៅលើសម្ភារសាងសង់បរិក្ខារសំណង់ សម្ភារបរិក្ខារផលិត​កម្ម និងធាតុចូលផលិតកម្មរបស់ខ្លួនទៅតាមប្រភេទគម្រោង​វិ​និយោគនីមួយៗ។ 

ប្រធានមជ្ឈមណ្ឌលសម័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា យល់ថា ការធ្វើច្បាប់​ដើម្បីទាក់ទាញ​អ្នកវិនិយោគជារឿងល្អ ប៉ុន្តែ​ជម្រើសថ្មីនេះនឹង​មិន​ជោគ​ជ័យ​ច្រើន​ទេ បើរដ្ឋាភិបាលមិនធ្វើឱ្យប្រសើរឡើងវិញ​ពីការលើកកម្ពស់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យនោះ ខណៈសហភាពអឺរុប​បាន​ធ្វើច្បាប់​ដាក់​លក្ខខណ្ឌមិន​ឱ្យក្រុមពួកគេ​ទៅរកស៊ីឬបណ្តាក់ទុន​នៅក្នុងប្រទេសដែលមានការ​​រំលោភ​សិទ្ធិមនុស្ស​រួចទៅហើយ​នោះ។

លោកថា៖ «បើសិនជាកម្ពុជាយើងនៅតែមានឈ្មោះនៅក្នុងរបាយការណ៍នៃការរំលោភសិទ្ធិមនុស្ស រំលោភ​គោលការណ៍ប្រជាធិប​តេយ្យ សិទ្ធិការងារ​អីជាដើមហ្នឹង អាហ្នឹងក៏ជាហានិភ័យសម្រាប់អ្នក​វិនិយោគស្ទាក់​ស្ទើរក្នុង​ការមកវិនិយោគដែរ»។

លោកបានគូសបញ្ជាក់ថា ប្រទេសចិន​មិនមែនជាប្រភពទីផ្សារធំសម្រាប់កម្ពុជា​នាំទំនិញទៅលក់ទេ តែជាប្រទេសមហាអំណាចប្រកួតទីផ្សារជាមួយកម្ពុជា។  

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ច្បាប់ថ្មីនេះអាចទាក់ទាញបានតែអ្នកវិនិយោគ​នៅក្នុងស្រុក​ដែលមាន​ស្រាប់​ប៉ុណ្ណោះ។ លោកផ្តល់​ជាយោបល់​ថា ដើម្បីទាក់ទាញអ្នកវិនិយោគធំៗដែលអាច​បោះទុនរយៈពេលយូរអង្វែងបាន លុះណាតែកម្ពុជាធ្វើកំណែទម្រង់​ឱ្យ​ចេញផុតពី​ប្រទេសឃ្លាំមើល​ការ​លាង​លុយ និង​ស្តារទំនាក់​ទំនង​ការទូត​ជាមួយ​បណ្តាប្រទេស​លោក​សេរី មាន​ទាំង​សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ជាដើម។

លោកថា៖ «កាលណាបើយើងអត់បានបង្កើតប្រព័ន្ធ​តុលាការ​ពាណិជ្ជកម្ម តុលាការ​រដ្ឋបាល ឬ​តុលាការការងារទេ ធ្វើឱ្យអ្នកវិនិយោគពិបាកនឹងទាក់ទាញ និងចាប់អារម្មណ៍មកវិនិយោគ​នៅកម្ពុជា​ដែរ ដោយ​សារ​តែ​ត្រូវ​ជំពាក់​ជំពិន​ជាមួយ​តុលាការនៅកម្ពុជា ហើយប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមិនទាន់​បាន​កសាងជំនឿ​ទុកចិត្តទៅដល់គ្រប់សមភាគីបានទេ»។

យ៉ាងណា រដ្ឋាភិបាលអះអាងថា នៅក្នុងស្ថានភាពវិបត្តិនៃជំងឺកូវីដ-១៩ដែលកំពុងញាំញីពិភពលោក រួមទាំងកម្ពុជាផង សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ដោយសារសេចក្តីព្រាងច្បាប់នេះនឹងធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញចំពោះការវិនិយោគផ្ទាល់ពីបរទេសនិងការវិនិយោគក្នុងស្រុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ