លោកហ៊ុន សែន បញ្ជាឱ្យពង្រឹងការធ្វើចត្តាឡីស័កតាមព្រំដែន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩បំប្លែងថ្មី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំគណៈ​រដ្ឋមន្ត្រី​ តាមវីដេអូខលហ្វ្រឺរេន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។ រូបថតពីហ្វេសប៊ុក​ផេករបស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

នាយករដ្ឋមន្ត្រី រំលឹក​ទៅរដ្ឋបាលខេត្តនៅតាមព្រំដែន និងអនុ​គណៈកម្ម​ការគ្រប់គ្រង​ច្រក​​ទ្វារ​ចេញ-ចូល​ប្រទេស ត្រូវ​ពង្រឹង​ការ​​ធ្វើ​ចត្តាឡីស័ក​ចំពោះ​ពលករ និង​ប្រជា​ពលរដ្ឋ​ដែល​ឆ្លង​ដែន​ចូល​​កម្ពុជា ឱ្យ​បាន​ម៉ត់​ចត់​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែង​ថ្មី​ចូល​ក្នុង​សហគមន៍។

ការណែនាំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៩ ខែកក្កដា ម្សិល​មិញ។

សេចក្តីប្រកាសព័ត៌មាន របស់​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បានស្រង់ប្រសាសន៍របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុងកិច្ចប្រជុំនោះថា រដ្ឋាភិបាល នឹងបន្តទិញវ៉ាក់សាំង​កូវីដ-១៩ និងបន្តការ​ចាក់​វ៉ាក់សាំងជូនពលរដ្ឋ​ឱ្យបាន​តាមផែនការ​កំណត់ ព្រមទាំងពិចារណា​​ចាក់វ៉ាក់សាំងជូន​ពលរដ្ឋ​ដូសទី​៣ និងក្រោមអាយុ ១៨ឆ្នាំបន្ថែមទៀត​​។

លោក​នាយរដ្ឋមន្ត្រី បាន​បន្តថា៖ «​រដ្ឋបាលខេត្តនៅតាមព្រំដែន និងអនុ​គណៈកម្ម​ការគ្រប់គ្រង​ច្រក​​ទ្វារ​ចេញ-ចូល​ប្រទេស និងការធ្វើ​ចត្តា​ឡី​ស័ក ត្រូវយកចិត្តទុកដាក់​​​ពង្រឹងសមត្ថ​ភាព​​ការ​​ធ្វើ​​ចត្តា​ឡីស័ក​​ចំពោះពលករ និង​ប្រជា​ពលរដ្ឋ​ដែល​ឆ្លង​ដែន​ចូលព្រះរាជាណាចក្រ​​​កម្ពុជា ឱ្យ​បាន​ម៉ត់​ចត់​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែង​ថ្មី DELTA ដ៏កាចសាហាវ​ កុំឱ្យ​​ចូលមកក្នុង​សហគមន៍»។

ក្រៅពីនោះ លោក​ក៏បានណែនាំ​ដល់គ្រប់ក្រសួងស្ថាប័ន​ ត្រូវប្រើប្រាស់​ឧបករណ៍តេស្តរហ័ស​ដោយ​សន្សំសំចៃ  និងប្រើថវិកា​សសន្សំដើម្បី​ទិញ​​ឧបករណ៍នេះសម្រាប់​ប្រើប្រាស់​ក្នុង​ក្រសួង​របស់​ខ្លួន។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន ៥៩ ០៤៥​នាក់ ក្នុងនោះ​អ្នកជំងឺព្យាបាលជាសះស្បើយសរុប​ចំនួន ៥០ ៩១៧​នាក់ និងអ្នកស្លាប់សរុប ៨៥៥នាក់ ខណៈ​ករណីនាំចូលពីក្រៅប្រទេសសរុបមាន ៤ ០៩៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ