អាជ្ញាធរព្រមាន​ជាថ្មី​ចាត់​វិធាន​ការ​ច្បាប់​លើ​អ្នក​ជួប​ជុំគ្នាច្រើន ដើម្បី​ទប់​ស្កាត់​ការ​ឆ្ល​ងជំងឺ​កូវីដ-១៩

មន្ត្រីនិងអាជ្ញាធរមូលដ្ឋានចុះអនុវត្តតាមការណែនាំពីរដ្ឋាភិបាល បិទខ្ទប់ការធ្វើដំណើរចេញចូលនៅតំបន់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អាជ្ញាធរ​ ព្រមានចាត់វិធានការច្បាប់ជាថ្មីទៀត ចំពោះបុគ្គលល្មើសនឹងបម្រាមរបស់រដ្ឋបាលរាជធានី ដែល​ហាមមិនឱ្យប្រមូលផ្តុំមនុស្សច្រើន រយៈពេល១៤ថ្ងៃ គិតត្រឹមម៉ោងសូន្យ ថ្ងៃទី១០ ខែកក្កដា ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ​កូវីដ-១៩។

ការព្រមានជាថ្មីនេះ ធ្វើឡើងមុនមួយថ្ងៃ នៃថ្ងៃបុណ្យរំឮកខួប៥ឆ្នាំ ដែលឃាតករបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងម៉ាត នៃបរិវេណហ្គារ៉ាស់សាំងកាល់តិច ស្តុបបូកគោ។

ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះថា រដ្ឋបាលរាជធានីសម្រេចផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែកក្កដា រហូតដល់ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២១។

សេចក្តីសម្រេចនោះ បន្តថា សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវបានហាមឃាត់នោះ រួមមាន សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលារៀនដែលធ្វើការតាម​អន​ឡាញ  អាជីវកម្ម​ក្លឹប​កម្សាន្តគ្រប់ប្រភេទដូចជា ខារ៉ាអូខេ រង្គសាល បៀហ្គាឌិន និងកាស៊ីណូ រមនីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា អាជីវ​កម្មម៉ាស្សា រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាជាដើម។ 

ដោយឡែក ទាក់ទឹងមនុស្សវិញ រដ្ឋបាលរាជធានី ហាមការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន កុះករកកកុញ មិនឱ្យ​លើស​ពី​១៥​នាក់ លើក​លែង​តែការជួបជុំក្នុងចំណោមសមាជិក​គ្រួសារ សាច់ញាតិ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នាក្នុងកម្មវិធីប្រពៃណី និងពិធីសាសនាផ្សេងៗ។ ប៉ុន្តែការរៀបចំពិធីបុណ្យសព ត្រូវគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ចផងដែរ។

ចំណែក ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានសុខាភិបាល ចំពោះ​ការយកសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការជួបជុំបុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត ឬអាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការជួបជុំមនុស្សអំឡុងពេល នៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់តុលាការ ត្រូវបានលើកលែង ប៉ុន្តែត្រូវ​រក្សាគម្លាត និងអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

រដ្ឋបាលរាជធានីភ្នំពេញ​ ក៏បាន​ជំរុញទៅរដ្ឋបាលខណ្ឌ​ទាំង១៤​ និងមន្ទីរ-អង្គភាពជំនាញ ត្រូវសហការចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល​ផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពការ​ងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនក្នុងភូមិ​សាស្ត្ររាជធានីភ្នំពេញ។

ករណី មានបុគ្គលណាមួយល្មើសនឹងវិធានការនេះ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ         ជាធរមាន ដោយគ្មានការលើកលែងនោះឡើយ។

វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះ ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យ លោក ម៉េត មាសភក្តី បានទេនៅថ្ងៃនេះ។

នាយិកា​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព គាំទ្រនឹងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ប៉ុន្តែលោកស្រី ជំរុញទៅអាជ្ញាធរត្រូវយកចិត្តទុកដាក់លើផលប៉ះពល់ដល់អាជីវ​កម្ម និងមុខរបរ ការងាររបស់ប្រជាពលរដ្ឋ បើពុំដូច្នោះទេនឹងធ្វើឱ្យពលរដ្ឋជួបបញ្ហាប្រឈម​កាន់តែខ្លាំងថែមមួយកម្រិតទៀត។

លោកស្រីជំរុញដូចនេះថា៖ «យើងដឹងហើយពួកគាត់ការងារ [កម្មករ ឬបុគ្គលនៅតាមហាង]ទទួលបានប្រាក់ចំណូលតិចតួច អ្នកខ្លះជំពាក់បំណុល អ្នកខ្លះមានបន្ទុកកូនតូចៗជាដើម ឬម្តាយចាស់ជរាជាដើម បើសិនជាគាត់ត្រូវបានបាត់បង់ការងារនៅក្នុងកាលៈទេសៈនេះទៀត វាមានផលជះខ្លាំងណាស់ទៅលើជីវភាពរបស់ពួកគាត់»។

លោកស្រីបន្ថែមថា៖ «ខ្ញុំមានតែការអំពាវនាវទៅរដ្ឋាភិបាល ក្នុងខណៈដែលយើងគិតគូដល់វិធានការទប់ស្កាត់ដល់ជំងឺកូវីដនេះហើយ ត្រូវពិនិត្យដល់ការផ្តល់យន្តការគាំពារដល់ពលរដ្ឋដែលកាត់ប្រឈមពីការប៉ះពាល់ផងដែរ»។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ធ្លាប់ប្រាប់ វីអូឌី ថា គិតចាប់តាំងពីរដ្ឋាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ដាក់ចេញនូវបម្រាមគោចរ និងវិធានការរដ្ឋបាល មកដល់ដើមខែមិថុនា ឆ្នាំ២០២១ មានពលរដ្ឋចំនួន១ ៤៧៨នាក់ ត្រូវបានអាជ្ញាធរធ្វើការអប់រំណែនាំ និង៣៩០នាក់ រងការផាកពិន័យអន្តរការណ៍ ខណៈ៣១៩នាក់ទៀត ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក។

តែយ៉ាងណា លោកថា ពលរដ្ឋទាំងនោះត្រូវបានអាជ្ញាធរដោះលែងឱ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយពីពួកគេអនុវត្តនិងបង់ប្រាក់ផាកពិន័យចូលរដ្ឋរួចហើយនោះ។ លោកបន្តថា ក្រៅពីនោះ មនុស្ស១៤នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងករណីល្មើសបម្រាមគោចរឬវិធានការរដ្ឋបាលនេះ ដោយក្នុងនោះមាន១១នាក់ត្រូវបានតុលាការ​សម្រេចឃុំខ្លួន និង៣នាក់​ទៀត ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ