កម្ពុជា​រក​ឃើញ​​ក្រុ​ម​ហ៊ុន​​ឥណ្ឌា​យក​​រូប​​ប្រាសាទ​​អង្គរ​​វត្ត​​ដាក់​​លើ​​ផលិត​​ផល​​វេច​​ខ្ច​ប់​ដោយ​​គ្មា​ន​​ការ​​អនុញ្ញាត

ផលិតផលអង្កររបស់ក្រុមហ៊ុនឥណ្ឌាមួយបានរចនាដាក់រូបអង្គរវត្តកម្ពុជាលើសំបកកញ្ចប់ ដោយមានឈ្មោះថា «Angkor Wat Thai Hom Mali Jasmine Rice» ដែលត្រូវបានចែកចាយលក់តាមបណ្ដាញលក់អនឡាញ Amazon។ (វេបសាយ Amazon)

កម្ពុជាទាមទារឱ្យក្រុមហ៊ុនឥណ្ឌាមួយបញ្ឈប់ជាបន្ទាន់នូ​​វ​ការប្រើប្រាស់រូបប្រាសាទអង្គរវត្តខ្មែរទៅវេច​​ខ្ចប់លើ​ផ​​លិតផលអង្កររបស់ខ្លួនដោយគ្មានការអនុញ្ញាត​ ដោយថា ទង្វើ​នេះ​ប្រាសចាក​នឹង​ច្បាប់ស្ដីពី​ម៉ា​កពាណិជ្ជនាម និងអំពើនៃ​ការប្រកួតប្រជែងមិនស្មោះត្រង់។

តា​មសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ​​​នៅថ្ងៃចន្ទនេះ បានលើកឡើងថានៅខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេ​ស​​ និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​រួមគ្នា​ពិនិត្យឃើញថា មានផលិតផលអង្ករ​បរទេសប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice កំពុងចរាចរលក់តាមប្រព័ន្ធអ​នឡាញ ប្រើប្រាស់រូបប្រាសាទអង្គរវត្ត ដោយពុំមានការ​អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច​កម្ពុជា។ 

​ក្រសួងបន្ត​​ថា តាមការស្រាវជ្រាវបានរកឃើញថា ម្ចាស់ផលិតអង្ករនេះជាក្រុមហ៊ុនឥណ្ឌាឈ្មោះ​ Voyage India មានទីតាំងនៅរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា។  

ផ្អែក​តាមរកឃើញនេះ រដ្ឋាភិបាលកម្ពុជាសម្រេចឱ្យ​ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាចាត់វិធានការជាបន្ទាន់​ តវ៉ា​ទៅ​ភាគី​ឥណ្ឌា​ឱ្យ​ក្រុមហ៊ុន​នោះបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឈ្មោះនិងរូបប្រាសាទអង្គរវត្តរបស់កម្ពុជាលើសំបកវេចខ្ចប់របស់ខ្លួន។

ក្រសួងការបរទេសបានគូសបញ្ជាក់ថា៖ «ទង្វើនេះ​ប្រាសចាកនឹងច្បាប់ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើនៃ​​កា​រប្រកួតប្រជែងមិនស្មោះត្រង់ ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុងប៉ារីសស្ដីពីកិច្ចការពារកម្មសិទ្ធិឧ​ស្សា​ហកម្ម​ថែមទៀត​ផង»។

ក្រសួ​ងបញ្ជាក់ទៀតថា ជាលទ្ធផល ក្រុមហ៊ុនឥណ្ឌានេះបានបញ្ឈប់ការប្រើប្រាស់ឈ្មោះនិងរូបប្រាសា​ទ​អ​​ង្គរ​​វត្តលើសំបកវេចខ្ចប់របស់ខ្លួនតាម​ការតវ៉ារបស់ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ និ​ង​ស្ថា​នទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាហើយ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ