ពលករ​ដែល​មក​ពី​ថៃ​ត្អូញត្អែរ​ពី​​ផល​លំបាក​នៅ​ក្នុង​មណ្ឌល​ធ្វើ​ចត្តា​ឡីស័ក

នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ កម្លាំងស្នងការខេត្តសហការជាមួយអាជ្ញាធរដែនដី ចុះជួយរៀបចំបន្ទប់ ដើម្បីត្រៀមធ្វើជាមណ្ឌលព្យាបាលកូវីដ-១៩ នៅសាលាបឋមសិក្សាសំរោង(ក៥) សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ សម្រាប់ទទួលពលករដែលធ្វើចំណាកស្រុកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ-Oddar Meanchey provincial police)

ពលករមួយចំនួន​បាន​រិះគ​ន់ចំពោះវិធានការរបស់អាជ្ញាធរនិងផ្នែក​​ពាក់​​​​​​​ព័ន្ធផ្សេងទៀតរបស់សុខាភិបាលថា មិនមានការទទួលខុសត្រូវ​ក្នុងពេលអំឡុងពេលដាក់​​​ពួក​​គេ​​ឱ្យធ្វើចត្តា​ឡីស័​​​កនៅមណ្ឌលចត្តាឡីស័កដែលត្រូវបានរៀបចំ​​នៅតាមខ្សែបន្ទាត់​​ព្រំដែន​​កម្ពុជា​-ថៃ។

លោក លោក ប៊ុន វិបុល ជាពលករម្នាក់ បានប្រាប់ វីអូឌី​ នៅថ្ងៃទី​១២ ខែ​កក្កដានេះ​ថា រូបគេនិង​​ពលករ​​ផ្សេង​​ទៀត​​ប្រមាណ២០០នាក់ដែលត្រឡប់មកពីប្រទេសថៃតាមច្រកអូរស្មាច់ ត្រូវបានអាជ្ញាធរ​​​តម្រូវ​​ឱ្យធ្វើ​​ចត្តា​​ឡីស័កនៅ​​ក្នុង​​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ។

បុរស​​ស្ថិតក្នុងវ័យ៤២​ឆ្នាំរូបនេះ បន្តថា ក្នុ​​ង​​​ពេលធ្វើចត្តាឡីស័ក​នេះ ខាងអាជ្ញាធរមិនមានការរៀបចំអ្វីទាំងអស់ ក្រៅពីតង់ដែលបាន​​រៀប​​ចំ​​បន្តិច​​បន្តួច និងទឹកសុទ្ធ១លីត្រកន្លះសម្រាប់ប្រើប្រាស់ក្នុង១ថ្ងៃប៉ុណ្ណោះ។

ធ្លាប់ជាកម្មកររោងចក្រនៅ​​ក្នុងទីក្រុងបាងកកប្រមាណ១០ឆ្នាំ លោក ប៊ុន វិបុល បន្ថែមថា ភាពខ្វះខាតនេះជារឿងមធ្យម អ្វី​​ដែលសំខាន់នោះគឺមន្រ្តីប្រចាំការ​ រួមមាន បុគ្គលិកពេទ្យ និងអាជ្ញាធរ ហាក់​​មាន​ភាព​រើស​អើង​ជាខ្លាំង​​​​ចំ​​ពោះ​​​​ពលករដែលដាក់ឱ្យធ្វើចត្តាឡីស័កនេះ។

លោក ប៊ុន វិបុល បន្តថា៖ «ពេទ្យដែលនៅហ្នឹងគេរើសអើងពលករដែលចេញមកពីថៃអ៊ីចឹងណា! អត់ទេ! ព្រោះយើងទៅក្បែរគេអត់បានផង គេខ្ពើមយើងណាស់ គ្រាន់តែឃើញ គេដេញយើងចេញភ្លាម»។

ពលការិនីដែលទើបមកពីប្រទេសថៃ​ម្នាក់ទៀតឈ្មោះ សុខន មានស្រុកកំណើតនៅខេត្តសៀមរាប ឱ្យដឹងដែរថា នៅក្នុងទីតាំងដែលអ្នកនាងកំពុង​ធ្វើចត្តាឡីស័កនេះ មិនមានថ្នាំសង្កូវនិង​​មិន​មា​​នបន្ទប់​ទឹក​ប្រើ​​ប្រាស់នោះ​​​ទេ ហើយកន្លែងខ្លះដែល​មានបន្ទប់ទឹកវិញ គឺមានភាពកខ្វក់និងខ្វះអានាម័យ។

ក្រៅពីនេះ អ្នកនាងថា អ្នកដែលតម្រូវ​​ឱ្យធ្វើ​​ចត្តា​​ឡីស័ក ត្រូវសម្រាកដោយគ្មានមុងនិង​ត្រូវ​សម្រាក​​​នៅក្រោម​​តង់ ហើយបើមានភ្លៀងនោះ ​ពួ​​ក​​​គេ​​ត្រូវ​​​ងើប​​អង្គុយ ព្រោះតែតង់លិចហើយ​ទឹកហូរចូលកន្លែងពួកគាត់សម្រាកជាដើម។

បើតាមអ្នកស្រី សុខន នៅពេលនេះ ពួកគេលែងបារម្ភរឿងឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែពួកគេបែរជាបារម្ភខ្លាច​ឆ្លង​ជំងឺ​គ្រុនចាញ់ឬគ្រុនឈាមទៅវិញ ដោយសារពួកគាត់​ត្រូវប្រឈមមុខ​​នឹង​​មូស​​ខាំ​​ ព្រោះ​នៅក្នុងមណ្ឌលធ្វើចត្តាឡីស័កមិនមាន​​មុងប្រើប្រាស់ឡើយ​។

អ្នកស្រី សុខន បន្តថា៖ «បញ្ហាខ្លាំងគឺមូស មូសខាំរាល់យប់ ព្រោះយើងអត់មានមុង។ ពួកខ្ញុំមកពីថៃ​ក៏អត់មានមុងដែរ ព្រោះអីអ្នកខ្លះមកអត់មានអីទេ គឺមកតែខ្លួនទេ! មុងគឺគេអត់ឱ្យទេសម្រាប់ឈុតដែលពួកខ្ញុំមកពីរទៅបីរយនាក់នេះ គឺអត់មានមុងទេ គឺអត់ទាំងអស់គ្នា មិនមែនអត់តែខ្ញុំទេ។ ខ្ញុំដុតធុបមូសក៏អត់ឈ្នះមូសដែរ ព្រោះមូសដូចឃ្មុំអ៊ីចឹង»។

អភិបាលរងខេត្តឧត្តរមានជ័យ លោក លឹម សុខតូ បញ្ជាក់ថា ចំពោះការខ្វះខាត​សម្ភារ​​សម្រាប់​​ផ្គត់ផ្គង់នៅតាមមណ្ឌលធ្វើចត្តាឡីស័កនេះ អាជ្ញាធរខេត្តកំពុងដាក់សំណើទៅអនុគណៈកម្មការគ្រប់គ្រងជំងឺកូវីដ-១៩​ហើយ។ លោកបន្ត​ថា ការឆ្លើយតប​​បែប​​​​ណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

លោកបន្តថា៖ «ធម្មតា ការប្រើប្រាស់នៅតាមសាលាខ្លះ ក៏វាមានការខ្វះខាតអ៊ីចឹងដែរ។ ឥលូវនេះ អនុគណៈកម្មការកំពុងរៀបចំសុំទៅលើ ព្រោះអនុគណៈកម្មការគេចាំតែផ្តល់ឱ្យយើងទេ»។

បើតាមលោក លឹម សុខតូ គិតត្រឹមថ្ងៃទី១២ ខែកក្កដានេះ មានពលករ​​ប្រមាណ​​៤០០​​នាក់​​ហើយដែលធ្វើដំណើរត្រឡប់មកពីថៃវិញ តាមច្រកព្រំ​​ដែនអូរស្មាច់។

ក្នុងអំឡុងពេលដាក់​​ឱ្យធ្វើចត្តាឡី​​ស័ក​​នេះ លោក លឹម សុខតូ បញ្ជាក់ថា មានពលករមួយចំនួនរកឃើញ​​មានវិជ្ជ​​មានកូវីដ​​-១៩​​​ជា​​បន្តបន្ទាប់ តាមរយៈការធ្វើ​តេស្តរហ័ស ប៉ុន្តែគេមិនទាន់ដឹងថាជាប្រភេទវីរុសអ្វីទេ ដោយត្រូវឆ្លង​​កាត់ការ​​ធ្វើ​​​​តេស្ត​​នៅម៉ាស៊ីន​​ធំ​​សិន​​។

វីអូឌី មិនអាចស្នើសុំការបញ្ជាក់បន្ថែម​ពីប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ លោក ឃ្លោក ហួត បានទេនៅថ្ងៃនេះ ហើយ​ក៏មិនអាចសុំការបញ្ជាក់​ពី​វិធានការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រម​​ទាំងវិធាន​​ការ​​រដ្ឋបាលពីអាជ្ញាធរខេត្តនៅជាប់ព្រំដែន​​កម្ពុជា-ថៃដែរ ដូច​​ជា ខេត្ត​បាត់ដំបង ប៉ៃលិន និង​​បន្ទាយ​​​​មាន​​ជ័យ។ 

នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា យល់ឃើញថា ភាព​​ខ្វះ​​ខាតរបស់អាជ្ញាធរនេះ អាចបណ្តាលមកពីពលករសម្រុកចូលពីថៃវិញមានចំនួនច្រើន​​លើស​​​​​ពីអ្វី​​ដែល​​​​​​អាជ្ញាធរ​បម្រុងទុក។

បើទោះជាបែបណា លោក​ថា បញ្ហាបន្ទប់ទឹកនិងសម្ភារប្រើប្រាស់ ​​រួម​​មាន​​មុងជាដើម មិនគួរឱ្យមានការខ្វះខាតទេ ព្រោះអ្នកធ្វើចត្តាឡីស័កអាចឆ្លងជំងឺផ្សេងៗតាម​​រយៈ​ការប្រើប្រាស់បន្ទប់គ្មានអនាម័យឬមិនមានមុងចង​ឱ្យបានត្រឹមត្រូវ។

លោកបន្តថា៖ «សំខាន់គឺថាមណ្ឌលហ្នឹង ត្រូវតែមានបន្ទប់ស្នាក់នៅសមរម្យ ហើយមានបរិក្ខារពេទ្យប្រើប្រាស់សមរម្យ។ ហើយមួយទៀតគឺរឿងបន្ទប់អនាម័យ ឬបន្ទប់ទឹកនេះ សំខាន់ណាស់»។

ប្រទេសថៃបានប្រកាសបិទទីក្រុងបាងកកសារជាថ្មីឡើងវិញដោយបញ្ហាកូវីដ-១៩ ក្នុងរយៈ​​ពេល១​​ខែ​ ដែលនាំឱ្យ​​​ពល​​ករបរ​​ទេស រួមទាំងពលករកម្ពុជាចាត់ទុកថា ការឈប់សម្រាកដ៏យូរដោយមិនមានចំណូល​​បែប​​នេះ នាំ​​​​ឱ្យពួកគេត្រូវ​​ជួប​​ហានិភ័យខ្លាំងផ្នែកជីវភាពប្រចាំថ្ងៃ។

នៅអំឡុងពេលនេះដែរ គេសង្កេតឃើញ​​ពល​​ករ​​កម្ពុជាបានសម្រុកចូលមកស្រុកកំណើតវិញជាបន្តបន្ទាប់ផងដែរ។ របាយការណ៍ដែលចេញដោយក្រសួងសុខាភិបាល ឱ្យដឹងថា កាលពី​​ថ្ងៃម្សិលមិញ កម្ពុជា​រកឃើញអ្នកជំងឺ​​កូវីដ-​​១​៩​​​ឆ្លង​​ថ្មីជាង៩០០នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះ​ចំនួន២៣​នាក់។ តួលេខនេះបាន​​ធ្វើ​​​​ឱ្យអ្នកឆ្លងកូវីដ-១៩​សរុប​ជាង៦ម៉ឺននាក់ ខណៈមានអ្នកស្លាប់សរុបជិត១ ០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ