រដ្ឋា​ភិបាល​ឱ្យ​កម្មករ​វៀតណាម​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ចផ្អាក​ចេញ​ចូល​កម្ពុជា​អំឡុង​ផ្ទុះ​ជំងឺ​​កូវីដ-១៩

នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងកងអនុសេនាធំល្បាតទី១ ចុះល្បាតតាមបង្គោលបំពេញបន្ថែម ដើម្បីពិនិត្យមើលស្ថានភាពរស់នៅរបស់ពលរដ្ឋ និងជាពិសេសការពារការឆ្លងដែនដោយខុសច្បាប់អំឡុងការរាតត្បាតកូវីដ-១៩ នៅស្របតាមដងទន្លេបាសាក់ ស្ថិតក្នុងឃុំ ឃុំព្រែកជ្រៃ​ ស្រុកកោះធំ​ ខេត្ត​កណ្ដាល។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ឱ្យម្ចាស់ឬតំណាង​ក្រុមហ៊ុន​វៀតណាម​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ចនៅ​កម្ពុជា ត្រូវផ្អាកជាបណ្តោះអាសន្នចំពោះបុគ្គលិកនិងកម្មករជនជាតិវៀតណាម​ទាំងអស់​ចេញ​ចូល​កម្ពុជា​ក្នុង​កាលៈ​ទេសៈ នៃការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងលិខិតមួយចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងកសិកម្ម ឱ្យ​ដឹងថា ការ​ផ្អាកបណ្តោះអាសន្នចំពោះបុគ្គលិកនិងកម្មករវៀតណាមចេញចូលកម្ពុជា​នេះ គឺធ្វើឡើងតាមអនុសាសន៍របស់​ប្រមុខរដ្ឋាភិបាល​ដែល​បាន​​ស្នើសុំ​ឱ្យបណ្តាក្រុមហ៊ុនវៀតណាមដែលកំពុងធ្វើការវិនិយោគនៅកម្ពុជា ត្រូវផ្អាកការធ្វើដំណើរចេញចូល​ប្រទេស​ទាំងពីរ​ជា​បណ្តោះអាសន្ន ដោយថា ដើម្បីចូលរួមទប់ស្កាត់ការរាលដាលជាសកលក្នុងប្រទេសកម្ពុជា ក៏ដូចពិភពលោកទាំងមូល។

វីអូឌី មិនទាន់អាចសុំការបញ្ជាក់បន្ថែមលើលិខិតនេះពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ លោក វេង សាខុន បានទេ នៅថ្ងៃនេះ។

អភិបាលខេត្តរតនគិរី លោក ថង សាវុន មានប្រសាសន៍នៅថ្ងៃចន្ទនេះ​ថា រដ្ឋបាលខេត្តនឹង​អនុវត្ត​វិធានការរបស់រដ្ឋាភិបាលនេះ​ឱ្យបានល្អ ដោយ​លោកបញ្ជាក់ថា ជនជាតិវៀតណាមអាចចេញ​ទៅប្រទេសរបស់ពួកគេបាន ប៉ុន្តែមិនអនុញ្ញាតឱ្យចូលមកកម្ពុជាវិញឡើយ​ក្នុងដំណាក់​កាល​​នេះ។

លោកបន្ថែមថា៖ «យើងមិនឱ្យចេញចូលទៀតទេ ប្រសិនបើគាត់ត្រឡប់ទៅវិញ អាហ្នឹងបាន! ប៉ុន្តែបើចូលវិញ អត់​បានទេ! យើងអនុវត្តទៅតាមខ្លឹមសារដែលណែនាំដោយក្រសួងកសិកម្មហ្នឹង»។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានសាទរចំពោះវិធានការនេះ ប៉ុន្តែដើម្បីធានាពីប្រសិទ្ធភាព​នៃ​ការងារនេះ អាជ្ញាធរខេត្តជាប់ប្រទេ​ស​វៀតណាមត្រូវពង្រឹងការអនុវត្តច្បាប់​ឱ្យតឹងរ៉ឹង ដោយកុំឱ្យមានការលួចចេញចូលកម្ពុជាដោយខុសច្បាប់។

លោក​បន្ត​ថា រដ្ឋាភិបាល​គួរអនុវត្តវិធានការនេះ​តាំងពីយូរមកហើយ ហើយ​ក្នុងវិស័យ​កសិ-ឧស្សាហកម្មមួយនេះ គួរតែយកកម្មករខ្មែរ​មកធ្វើការ​ ជាជាងយកកម្មករពីក្រៅប្រទេសមកធ្វើ ដែលធ្វើឱ្យមានហានិភ័យក្នុងការឆ្លងជំងឺកូវីដ-១៩។

លោក ថេង សាវឿន បន្ថែមថា៖​ «អាជ្ញាធរដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវពង្រឹងការត្រួតពិនិត្យ។ ហើយមួយវិញទៀត អភិបាល អាជ្ញាធរនៅតាមច្រករបៀង មន្ទីរកសិកម្ម និងមន្ទីរការងារតាមខេត្តមួយៗហ្នឹង ត្រូវពិនិត្យលើការងារហ្នឹងបន្ថែមទៀត។ ប្រសិនបើ​មន្ត្រីថ្នាក់ក្រោម​ទទួលបានគោលការណ៍​ពីថ្នាក់ជាតិ​​ហើយ ប៉ុន្តែមិនអាចអនុវត្តបាន នៅឆ្លៀតគប់គិត​គ្នាបើកឱ្យមានការចេញចូលបាននោះ ខ្ញុំគិតថា មិនមាន​ប្រសិទ្ធភាពទេ»

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីខែមេសា ឆ្នាំ២០២១ បាន​លើកឡើង​ថា ករណី​នាំពលរដ្ឋកម្ពុជានិងជនបរ​ទេសឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតែកើតមានជាបន្តបន្ទាប់។ ករណីនេះ លោក​បាន​​ដាក់​ចេញវិធានការមួយចំនួន ជំរុញដល់ការទប់ស្កាត់ការជួញដូរមនុស្សឆ្ល​ង​ដែនខុសច្បាប់ និងការលួចលាក់​នាំជនបរទេសចេញពីតំបន់បិទខ្ទប់​ ដើម្បី​ធានាសន្តិសុខជាតិនិងសុខភាពសាធារណៈ ខណៈកម្ពុជាកំពុងប្រ​​ឈ​មនឹងហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

យោងតាមទីភ្នាក់ងារសារ​ព័ត៌មាន Reuters រដ្ឋាភិបាលវៀតណាម​ នៅថ្ងៃចន្ទនេះ និង​កាល​ពី​សប្តាហ៍​មុន បាន​​ដាក់​ចេញ​វិធានការ​រឹត​បន្តឹង​​ការ​ធ្វើ​ដំណើរនៅក្នុងទីក្រុងមួយចំនួន​ក្នុងប្រទេស​ ដើម្បី​​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លងរីករាលដាលនៃជំងឺ​កូវីដ-១៩ ខណៈ​តួ​លេខ​ឆ្លង​ប្រចាំថ្ងៃ​បាន​កើន​​ឡើង​ដល់កម្រិតខ្ពស់ជិត២ ០០០ករណីក្នុងមួយថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ