ក្រសួង​មហាផ្ទៃ​​​ថា​ ជំងឺ​​កូវីដ-១៩​ជា​ឧបសគ្គ​ដល់​ការ​បង្ក្រាប​ឧក្រិដ្ឋ​ជនគ្រឿង​ញៀន

សកម្មភាពដុតកម្ទេចគ្រឿងញៀនដែលរឹបអូសបាន ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រសួងមហាផ្ទៃ លើកឡើងថា ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ជាឧបសគ្គចម្បងមួយរារាំងដល់វិធានការបង្ក្រាបគ្រឿងញៀន និង​ធ្វើឱ្យក្រុមឧក្រិដ្ឋជនមានឱកាស​បង្កើ​​​នការ​ផលិត និងអំណោយផល​ទីផ្សា​​រប្រើ​ប្រាស់​គ្រឿង​ញៀន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃសៅរ៍ បានលើកឡើងនៅលើទំព័រ​ហ្វេសប៊ុករបស់លោក​ថា ៦ខែ​ឆ្នាំ២០២១​នេះ ប្រ​ទេ​ស​កម្ពុជាបានប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្ដាលមកពីការឆ្លងរីករាលដាលជំងឺកូវីដ-​១៩ ជាកត្តារារាំងដល់កិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅ​ក្នុងប្រទេស។

លោ​​កបានគូសបញ្ជាក់ថា បញ្ហានេះបានបង្កឱ្យមានផលវិបាកមួយចំនួន ដូចជា ការធ្លាក់ចុះកិច្ចសហប្រ​​តិបត្តិការបង្ក្រាប​ក្នុង​តំបន់ និងការធ្លាក់ចុះតម្លៃគ្រឿងញៀន ដែលធ្វើឱ្យក្រុមឧក្រិដ្ឋជនមានឱកា​សប​ង្កើ​ន​ការផលិត និងអំ​ណោយផលទីផ្សារប្រើប្រាស់គ្រឿងញៀន។

តែយ៉ាងណា លោកថា សម្រាប់ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀ​ន​បា​នជាង៣ពាន់ករណី ​(៣ ២​៥​៨ករណី​) ឃាត់ខ្លួនជនសង្ស័យបានជាង៧ពាន់នាក់ (៧ ២៥៩នាក់​) រឹបអូសគ្រឿង​ញៀនសរុប​បានជាង៨៥០​គីឡូក្រាម ក្នុងនោះមានដូចជា មេតំហ្វេតាមីនក្រាមម្សៅ (ICE) ជាង១៩៣គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ (WY) ៦៨៣,៧៨ក្រាម, អិចស្តាស៊ីជាង១៥២គីឡូក្រាម, កេតាមីនជាង៤៧៨គីឡូក្រាម, ហេរ៉ូអ៊ីនជាង២៥គីឡូក្រាម, កាប់បំផ្លាញកញ្ឆាស្រស់ជាង៤ម៉ឺន៥ពាន់ដើម, សារធាតុគីមីផ្សំជាង១០គីឡូក្រាម ។

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ មានប្រសាសន៍បន្ថែមថា បទល្មើសដែលសមត្ថកិច្ចបង្ក្រាបបានមកនេះ បានថយចុះជាង២០​ភាគរយ បើធៀបនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នា។

លោកបន្តថា ឆ្នាំនេះ ការបង្ក្រាបចំគោលដៅធំៗពីរករណីដែលជាទីតាំងផលិត​និងកែច្នៃ ហើយឃាត់ខ្លួនមេខ្លោងបាន៩នាក់បញ្ជូនទៅកាន់តុលាការ។

លោក មាស វិរិទ្ធ បានអំពាវនាវផងដែរឱ្យភាគីពាក់ព័ន្ធចូលរួមទប់ស្កាត់ ដោយថា ពេលនេះ ឧក្រិដ្ឋជនគ្រឿងញៀនបានប្តូរការផលិតបែបធម្មជាតិ មកផលិតបែបសំយោគ ឬផ្សំពីសារធាតុគីមីវិញ ដែល​ការ​ផលិត​បែប​នេះ ឧក្រិដ្ឋជន​ប្រើ​ពេលខ្លី ផលិតលឿន ចំណាយដើមទុន​តិច និង​លក់លើទីផ្សារថោក ហើយ​នេះ​ជាហានិភ័យ​ខ្ពស់ដល់សង្គមជាតិ ។

លោកថា៖ «បច្ចុប្បន្ននេះ សំយោគសុទ្ធ​ប្រើមនុស្សតែពីរបី​នាក់ ដាក់តែសារធាតុគីមីចូលទៅបាន អ៊ីចឹង​មានតែរួមគ្នាទប់ស្កាត់។ យើងវាប្លែក​នៅត្រង់ថា កំណើននៃការចាប់យក​សារធាតុញៀន​វាច្រើន បញ្ហាហ្នឹងវាមាននៅគ្រប់ប្រទេសទាំងអស់ គ្រោះថ្នាក់ជាងយើងទៀត បើ​នៅថៃរឹត​តែ​គ្រោះថ្នាក់ជាងយើងទៀត»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍​ថា ឧក្រិដ្ឋជ​​​នគ្រឿងញៀនអាចពង្រីក​មុខ​របរ​ខុស​ច្បាប់​នេះ​បាន​ជោគ​ជ័យ ភាគច្រើន​នៅក្នុងប្រទេស​ដែល​មាន​ប្រព័ន្ធច្បាប់​មិន​ទាន់​រឹង​មាំ ដែល​លោក​ថា ក្រសួង​ត្រូវ​ទប់​ស្កាត់កុំឱ្យ​មាន​មន្ត្រីខិលខូចណាមួយនៅពីក្រោយបទល្មើសនេះ ទើបអាចជួយសង្គមបាន។

លោកថា៖ «សំខាន់យើងអនុវត្តកិច្ចការហ្នឹង [អនុវត្តច្បាប់] ឱ្យមានប្រសិទ្ធភាព បើសិនជាមានជនឧក្រិដ្ឋពាក់ព័ន្ធ យើង​អនុវត្តច្បាប់ទៅ កុំឱ្យមានការដោះលែងអ្នកដែលពាក់ព័ន្ធ អាហ្នឹងជាបញ្ហា! បានន័យថា បើសិនជា​មាន​មន្ត្រីណា​ពាក់ព័ន្ធ យើងត្រូវចាត់វិធានការ ព្រោះគាត់លែងជាមន្ត្រីហើយ គាត់ជាជនឧក្រិដ្ឋហើយ ព្រោះគាត់រក​ស៊ីគ្រឿង​ញៀន»។

កសិករ​​ម្នាក់រស់​នៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អ្នកស្រី អឿង សារី និយាយ​​ថា បញ្ហាគ្រឿងញៀន បានកើតឡើងយូរមកហើយនៅក្នុងមូលដ្ឋានដែលគាត់រស់នៅ​ ប៉ុន្តែ​​សកម្មភាពបង្កការអុកឡុករបស់អ្នកញៀនគ្រឿងញៀន ហាក់មានភាព​ស្ងប់ស្ងាត់អំឡុងពេល​ផ្ទុះជំងឺកូវីដ-១៩។

អ្នកស្រីថា៖ «បញ្ហាគ្រឿងញៀន វាកើតឡើងយូរហើយ គ្មានអីប្រសើរលើសហ្នឹងទេ! វាគ្រាន់ថា សព្វថ្ងៃវាមានកូវីដ​កើតឡើង វារៀងបន្លែបន្លំជាកូវីដអ៊ីចឹងទៅ! ដល់អ៊ីចឹង​ទៅ អាគ្រឿងញៀនហ្នឹងវាទៅជារឿងអត់សូវខ្វល់ ទៅ​ខ្វល់អារឿងកូវីដវិញ ព្រោះខ្លាច​ស្លាប់​មុនអាគ្រឿងញៀនហ្នឹង»។

បញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​សារលិខិត​ចុះថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០២១ បានដាក់ចេញវិធានការមួយចំនួន​បន្ថែមទៀត​ ដើម្បីពង្រឹងប្រសិទ្ធភាពទប់ស្កាត់លំហូរគ្រឿងញៀនចូលកម្ពុជា ក្រោយពីប្រកាសធ្វើយុទ្ធនាការបង្ក្រាបគ្រឿងញឿននេះតាំងពីឆ្នាំ២០១៧​មក។

តាម​សារដដែល​នោះ មេដឹកនាំរូបនេះបានក្រើនរំឭកដល់​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថាប័នពាក់ព័ន្ធដទៃទៀត ត្រូវបន្តយកចិត្តទុកដាក់អនុវត្តច្បាប់ឱ្យកាន់តែមា​នប្រសិទ្ធភាព។​

អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះដែរ បានចេញរបា​យ​កា​រណ៍វាយតម្លៃថា កម្ពុជាគឺ​ជាគោលដៅនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់សម្រាប់ចរាចរណ៍​ ផលិត និងចែកចាយគ្រឿងញៀន ហើយ​​បើទោះបីជាមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ប៉ុន្តែការចរាចរ​ ផលិត និងចែកចាយគ្រឿងញៀន​ មិនមាន​ការថយ​ចុះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ