មន្រ្តី​ជាន់​ខ្ពស់​រំឭក​​ថា​ ការ​ចាក់​វ៉ាក់សាំង​មិន​អាច​បង្ការការ​ចម្លង​ជំងឺ​កូវីដ-១៩​ទាំង​ស្រុង​ទេ

គ្រូពេទ្យម្នាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនអ្នកមកទទួលការចាក់វ៉ាក់សាំង យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រៀបចំដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)។ (ជន ចាន់រ៉ែន)

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានគូសបញ្ជាក់ជាថ្មី​ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនអាចកា​រពារការចម្លងនៃជំងឺផ្លូវដង្ហើមនេះ​បានទាំងស្រុងនោះទេ ប៉ុន្តែ​វាអាចកាត់បន្ថយអាត្រាភាពធ្ងន់ធ្ងរនិងគ្រោះថ្នាក់​ដល់​អាយុជីវិត​រប​​ស់អ្ន​កជំងឺ។

កាលពីខែមិថុនា កម្មករនៅរោងចក្រមួយកន្លែងក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ រាប់រយនាក់បានរកឃើញវិជ្ជមានកូវីដ-១៩ បើទោះ​ជាក្នុងចំណោមកម្មករប្រមាណ៨០ភាគរយបានចាក់វ៉ាក់សាំងបង្ការចំនួន២ដងរួចហើយក៏ដោយ ខណៈបច្ចុប្បន្នផ្សាររដ្ឋចំនួន៣ រួមមាន ផ្សារបឹងកេងកង ផ្សារអូឡាំពិក និងផ្សារកណ្តាល បានបិទទ្វារបណ្តោះអាសន្ន​ជាថ្មី បន្ទាប់ពីរកឃើញពលរដ្ឋនិងអាជីវករផ្សារជាច្រើននាក់ឆ្លង។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ង៉ូវ កាង លើកឡើងក្នុងសន្និសីទកាសែតមួយនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដោ​​​​យអំពាវនាវឱ្យពលរដ្ឋបន្តអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព បើទោះជាពួកគេបានចាក់វ៉ាក់សាំងរួចក្តី។​ លោកថា វ៉ាក់សាំង Sinovac និង Sinofarm ក៏ដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដ​ទៃទៀត មិនអាចទប់ស្កាត់ការចម្លងជំងឺផ្លូវដង្ហើ​មថ្មី​ពីមនុស្សម្នាក់ទៅម្នាក់​ទៀតបាន១០០ភាគរយនោះទេ ប៉ុន្តែ​វាអាចជួយបន្ថយអត្រាចូលសម្រាកពេទ្យ ដោយសារ​ភាពធ្ងន់ធ្ងរនិងស្លាប់ដោយសារជំងឺ។  

លោក ង៉ូវ កាង មានប្រសាសន៍ថា៖ «ត្រង់ចំណុចនេះ មានការយល់ច្រឡំច្រើនថា ការដែលចាក់វ៉ាក់សាំងហើយហ្នឹង​ បែរជាលែងអ​នុវត្តវិធានការ ៣កុំ ៣ការពារ។ គាត់ដើរមិនពាក់ម៉ាស់ គាត់ទៅសប្បាយ គាត់ខំពាក់​ម៉ាស់​ពីក្រៅទៅ ប៉ុន្តែដល់ចូលជួបគ្នាញ៉ាំអីក្នុ​ងហាង ធម្មតាគឺដោះម៉ាស់អស់ហើយ ហើយឆ្លង[គឺ]ឆ្លងពេលហ្នឹង! ហើយដល់សួរពួកគាត់ទៅ គាត់ថា ទៅភ័យអី ចាក់វ៉ាក់សាំងហើ​​យ​»

អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោក កើត ឆែ លើកឡើងក្នុងអំឡុងសន្និសីទដដែលថា ពលរដ្ឋនៅរាជធានីភ្នំ​ពេ​​​ញ​ ប្រមាណ១លាន៦សែននាក់ ឬស្មើនឹងជិត​១០០ភាគរ​យ​នៃចំនួនពលរដ្ឋដែលគ្រប់អាយុចាក់វ៉ាក់សាំង​ចាប់ពី១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងការពារជំងឺនេះរួចហើយ​។

លោកថា បច្ចុប្បន្ន​ មានពលរដ្ឋមួយចំនួន​មិនបានគោរពនិងអនុវត្តវិធាន​ការរក្សាគ​ម្លាតសុវត្ថិភាព ជាពិសេស​នៅពេលពួកគេចូលញ៉ាំអាហារជុំគ្នានៅតាមទីកន្លែងឬតាមភោជនីយដ្ឋានផ្សេងៗ ដែលជាកត្តាហានិភ័យមួយខ្ពស់​ចំពោះការចម្លងជំងឺផ្លូវដង្ហើមថ្មីនេះ។

បើតាមមន្រ្តីរដ្ឋបាល​រាជធានីរូបនេះ ជាមធ្យមមានអ្នកជំងឺកូវីដ-១៩ថ្មី ត្រូវបានរាយការណ៍ក្នុង១ថ្ងៃពីជាង១០០នាក់ ទៅ៣​០​០នាក់ ហើយភាគច្រើនកើតមាននៅតំបន់មា​នមនុស្សរស់នៅជួបជុំគ្នាច្រើន ជាមួយអត្រាស្លាប់​មានជាង១ភាគរយ ដែលភាគច្រើនជាពលរដ្ឋមានវ័យចំណាស់។ 

លោក កើត ឆែ មានប្រសាសន៍ថា៖ «រដ្ឋាភិបាលមិនមែនហាមឃាត់អត់ឱ្យមានការជួបជុំទេ ប៉ុន្តែជួបជុំរក្សាគម្លាត ៣កុំ ៣ការពារ! អ៊ីចឹងសព្វថ្ងៃ ៣កុំ៣ការពារ ហ្នឹង គាត់ធ្វើអត់បាន! បើសិនជាគាត់ធ្វើបាន ៣កុំ៣ការពារ យើងគិតថា មិនមែនព្រឹត្តិការណ៍ [សហគ​មន៍២០កុម្ភៈ] មិនមែនបិទបញ្ចប់ វាមិនឈានដល់បន្ទាត់ក្រហមអ៊ីចឹងទេៗ»

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា អាជ្ញាធរ​មិន​គួរ​បន្ទោស​បញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ ទៅលើប្រជាពលរដ្ឋទេ។ លោកមើលឃើញថា មូលហេតុដែលនាំឱ្យ «ព្រឹត្តិការណ៍២០កុម្ភៈ» បន្តអូ​សបន្លាយនិងរីកសាយភាយគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ រហូតដល់តាមបណ្តាខេត្តផ្សេងៗ គឺដោ​​​យសារវិធានការរប​ស់រដ្ឋាភិបាលនិងប្រសិទ្ធភាពនៃការអនុវត្តរបស់អាជ្ញាធរនៅមានកម្រិត​។ 

មន្រ្តីសង្គមស៊ីវិលរូបនេះបន្ថែមថា ការសម្រេច​ដកបម្រាមផ្សព្វផ្សាយពាណិជ្ជកម្ម ការបើកឱ្យលក់ដូរគ្រឿង​ស្រវឹង និងអនុ​ញ្ញាតឱ្យអាហារដ្ឋានផ្សេងៗអាចទទួលភ្ញៀវចូលឡើងវិញ ដោយមិនមានការរឹតបន្តឹងគម្លាតសុវត្ថិភាព គឺជាកំហុសដ៏ធំមួយរបស់អា​ជ្ញាធរដែលនាំឱ្យការឆ្លងរាលដាលកើនឡើ​ង​​​។  

លោកមានប្រសាសន៍បន្តថា៖ «ប្រសិនជាអាជ្ញាធរនៅតែបណ្តែតបណ្តោយឱ្យមានការប្រើប្រាស់គ្រឿងស្រវឹង ឱ្យមានការលក់គ្រឿងស្រវឹងតទៅទៀត ស្ថានការអត់ងាយអាចទប់ទល់បានទេ។ រឿងដែលល្អបំផុត គឺត្រូវតែ ប្រសិនបើយើងចង់ឱ្យវិស័យផ្សេ​ង​​ៗ​អាចបើកដំណើរការបាន លុះត្រាតែយើងបិទការផឹកស៊ី បិទការលក់ដូរគ្រឿងស្រវឹង ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងអីហ្នឹង​មួយរយៈសិន»។ 

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ រដ្ឋាបាលរាជធានីភ្នំពេញបានសម្រេចបិទបញ្ចប់បម្រាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និ​ង​​​​អនុញ្ញាតឱ្យគ្រប់ភោជនីយដ្ឋានទាំងអស់អាចបើកដំណើរការឡើងវិញនិងទទួលភ្ញៀវឱ្យចូលអង្គុយញ៉ាំអាហារក្នុងបរិវេណអា​ហារដ្ឋានបាន ប៉ុន្តែត្រូវគោរពវិធានការ «៣កុំ៣ការពារ» បន្ទាប់ពីប្រកាសផ្អាកចាប់ពីថ្ងៃទី១០ ខែមេសា។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ករណីឆ្លងជំងឺកូវីដ-១៩នៅទូទាំងប្រទេសបានកើនឡើងប្រមាណ២ដង គិ​ត​ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយ បៀបធៀបនឹងរយៈពេល២សប្តាហ៍មុនពេលដកបម្រាមលក់គ្រឿងស្រវឹងនិ​ងការអនុញ្ញាតឱ្យភោ​ជនីយដ្ឋាននានាបើកទទួលភ្ញៀវធម្មតាឡើងវិញ ជាមួយតួលេខកើនជាមធ្យមប្រមាណពី៤៥០ករណីដល់ជាង​៩០០ករណីក្នុងមួយថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ