កម្លាំង​ស៊ីម៉ាក់​ ចុះ​ប្រមូល​​គ្រាប់​​បែក​ដៃ​ជាង​៤០០​​គ្រាប់​​ដែល​បាន​រក​ឃើញ​នៅ​ជាប់​​របង​​វិទ្យាល័យ​​​​១០​មករា

នៅថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២១​ ស្ថិតជាប់របងសាលាវិទ្យាល័យ​ ១០​ មករា​ ១៩៧៩​ នៅខេត្តសៀមរាប​ កម្លាំងជំនាញស៊ីម៉ាក់បានបញ្ចប់ការបោសសម្អាតគ្រាប់បែកដៃមួយរណ្តៅមានចំនួន៤២៥គ្រាប់ ជាប្រភេទ N36 ផលិតនៅប្រទេសអង់គ្លេស​។ (ហ្វេសប៊ុក៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC)

មន្ត្រីជំនាញបានចុះ​ប្រមូល​គ្រាប់បែកដៃជាង៤០០គ្រាប់ ក្រោយ​ពីបុគ្គលិក​ក្រុម​ហ៊ុន​​ខ្សែកាប​មួយ​​បាន​ជីកដីប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​ទាំង​នោះនៅក្បែររបង​វិទ្យា​ល័យ​​១០មករា​ ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

កាលពីថ្ងៃទី១០ ខែកក្កដា ​ថ្មីៗនេះ​ បុគ្គលិក​​ក្រុមហ៊ុនខ្សែកាប​មួយបាន​​​ជីកដី​នៅ​ក្បែរ​របង​វិទ្យា​ល័យ​​១០​​មករា ដើម្បី​កប់​ខ្សែ​កាប ក៏​​បានប្រទះឃើញគ្រាប់បែកដៃ​មិនទាន់ផ្ទុះ​ចំនួន៣២៥គ្រាប់​ ហើយ​ពួកគេ​ក៏​​បាន​ផ្តល់ដំណឹង​ទៅខាង​​សមត្ថកិច្ចនិងកម្លាំងស៊ីម៉ាក់។

ប្រធានកងឯកភាពកម្ចាត់មីនទី៤​ ប្រចាំខេត្តសៀមរាប និងខេត្តកំពង់ធំ លោក អ៊ាន សុធា មាន​ប្រសាសន៍នៅថ្ងៃអង្គារនេះ​ថា ក្នុងប្រតិបត្តិការចុះពិនិត្យនិងប្រមូល​គ្រាប់​បែក​មិន​ទាន់ផ្ទុះនេះ ក្រុម​មន្ត្រីជំនាញបានរកឃើញ​គ្រាប់​បែកដៃសរុប​ជាង៤២០គ្រាប់ ក្នុងនោះ ៣២៥គ្រាប់ បាន​រកឃើញ​កាលពីថ្ងៃទី១០ ខែកក្កដា និងជាង​៨០គ្រាប់​ទៀត រកឃើញថ្ងៃទី១២ ខែកក្កដា ម្សិល​មិញ។

លោកបន្តថា គ្រាប់បែកដៃទាំងនោះត្រូវបាន​ប្រមូល​យក​ទៅរក្សាទុក​នៅសា​រមន្ទីរសន្តិភាពសកម្មភាព​កម្ចាត់មីន ដើម្បីត្រៀមកម្ទេច​ចោល​នៅពេលខាងមុខ។

ចំណែកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានសរសេរនៅលើទំព័រហ្វេស​ប៊ុករបស់​លោក​ថា គ្រាប់បែកដៃទាំងជាង៤០០​គ្រាប់នោះ​ ជាប្រភេទគ្រាប់​បែក​ដៃ No36 UK​ ផលិតនៅប្រទេសអង់គ្លេស ដែលជាសំណល់​ពីសង្រ្គាម។ លោក​បន្តថា គ្រាប់​បែកដៃប្រភេទ No36 UK នេះ ផលិតនិង​ប្រើប្រាស់តាំង​ពីឆ្នាំ១៩១៥​មកម៉្លេះ។

លោកបន្ថែមថា គិតមកដល់​ថ្ងៃនេះ បេសកកម្មជីករាវរកគ្រាប់បែកដៃនៅក្បែររបងវិទ្យាល័យ​១០មករានោះ បានបញ្ចប់​ដោយ​​​ជោគជ័យនិង​ប្រកបដោយសុវត្ថិភាព ហើយគ្រាប់បែកទាំងនោះត្រូវ​​​បានយកទៅរក្សាទុក ដើម្បី​ត្រៀមកម្ទេចនៅពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ