ក្រសួង​អប់រំ​បង្កើត​ការ​ប្រកួត​សរសេរ​គម្រោង​ «បំណងប្រាថ្នា»​ ជា​លើក​ដំបូង​តាម​ប្រព័ន្ធ​ឌីជីថល​ ខណៈ​សាលា​បន្ត​បិទ​ទ្វារ ​

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅ។ (វីអូឌី)

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើស​​សិស្សឆ្នើមទូទាំងប្រទេស តាមរយៈការដាក់ពាក្យចូលរួមពីចម្ងាយឬ​ឌីជីថល ក្នុងការសរសេរគម្រោងមួយដែលមានឈ្មោះថា «បំណងប្រាថ្នា» សម្រាប់សិស្សា​នុសិស្សទាំងអស់​ដែលកំពុងសិក្សាពីថ្នាក់ទី៧ ដល់ទី១២ ទាំងគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន។

សេចក្តីណែនាំរបស់ក្រសួងអប់រំ​ កាលពីថ្ងៃទី៨ ខែកក្កដា បញ្ជាក់ថា ព្រឹត្តការណ៍មួយនេះរៀបចំឡើងក្នុង​គោលបំណង​លើកកម្ពស់​ការសិក្សា​តាម​វិធីសាស្ត្របែបថ្មី និងផ្ដល់ឱកាសសម្រាប់បណ្ដុះ​បំណង​ប្រាថ្នារបស់សិស្សានុសិស្សចេញពីការរៀនដោយការសហការ ការដោះស្រាយបញ្ហា ការត្រិះរិះពិចារណា  និងការសិក្សាដោយការបង្កើតគម្រោង។

ប្រកាសដដែល​ឱ្យដឹងបន្ថែមថា គោលការណ៍សំខាន់បំផុតនៃព្រឹត្តិការណ៍ «បំណងប្រាថ្នា» គឺសិស្សានុសិស្សត្រូវសហការគ្នាជាក្រុម ជ្រើសរើសប្រធានបទសម្រាប់ការសរសេរគម្រោង ដោយយកខ្លឹមសារផ្អែកលើមូលដ្ឋានមេរៀនឬមុខវិជ្ជាណាមួយដែលមានក្នុងកម្មវិធីសិក្សាជាតិដែលពួកគេកំពុងរៀន ដោយផ្សារភ្ជាប់ខ្លឹមសារទៅនឹងបញ្ហាជាក់លាក់ដែលមានក្នុងសង្គមឬជីវភាពជាក់ស្ដែង។

ក្រសួងបញ្ជាក់ថា ការដាក់ពាក្យចូលរួមប្រកួតចាប់ពីថ្ងៃទី៧ ខែកក្កដា រហូតដល់ទី២២ ខែសីហា ឆ្នាំ២០២១ តាមរយៈគេហទំព័រ www.cambodiaaspiration.com ហើយសិស្សានុសិស្សអាចស្វែងយល់ឬសួរនាំព័ត៌មានផ្សេងៗតាមរយៈប្រព័ន្ធតេឡេក្រាមក្រសួងមួយដែលមានឈ្មោះថា «ព្រឹត្តិការណ៍បំណងប្រាថ្នា»

ក្រសួងអប់រំបន្តថា ប្រសិនបើគម្រោងរបស់សិស្សានុសិស្សត្រូវបានវាយតម្លៃដោយគណៈកម្មការរួច គឺអាចមានឱកាសទទួលថវិកាគាំទ្រសម្រាប់អនុវត្តគម្រោងឱ្យលេចចេញជាផ្លែផ្កាជាក់ស្ដែងនាថ្ងៃអនាគត ហើយសម្រាប់​លទ្ធផលនឹងប្រកាស​នៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២១។

អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានប្រាប់ វីអូឌី តាមសារតេឡេក្រាមកាលពីសប្តាហ៍មុនថា ក្រសួង​រំពឹងថា នឹងមានការចូលរួមច្រើនពីសំណាក់សិស្សានុសិស្សទូទាំងប្រទេសទាំងគ្រឹះស្ថាន​រដ្ឋនិងឯកជន​។

យ៉ាងណា លោក រស់ សុវាចា បញ្ជាក់ថា៖ «ការចូលរួមរបស់សិស្សានុសិស្សកម្រិតណា គឺអាស្រ័យលើកត្តាដូចមានចែងស្ដីពីគោលដៅនៃព្រឹត្តិការណ៍នេះ»។

យុវតី ពៅ អៀង អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃសាលាផារ៉ាហ្គន រាជធានីភ្នំពេញ បានប្រាប់ វីអូឌី តាមសារបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃអង្គារនេះថា នាងចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍ប្រកួតប្រជែងសរសេរគម្រោង​ «បំណងប្រាថ្នា» មួយនេះ​។

យុវតី ពៅ អៀង៖ «និយាយទៅ ខ្ញុំគិតថា វាមានផលប្រយោជន៍ វាមានរង្វាន់ មានការប្រកួតប្រជែង ឱ្យសិស្សនៅផ្ទះ Active​ [មានសកម្មភាពសិក្សា] តែគ្រាន់តែថា សិស្សនៅផ្ទះចូលរួមអត់! […] កម្មវិធីហ្នឹងមើលទៅរៀងពិបាក ហើយណាមួយមិនមានអ្នក Share [ចែករំលែក] អីអ៊ីចឹង។ អ៊ីចឹងមិនប្រាកដថា កម្មវិធីមានអ្នកដឹងទាំងអស់ទេ ប៉ុន្តែអ្នកតាមដានផេកក្រសួង​ មាន App [កម្មវិធីទូរសព្ទ] អីអាចដឹង។»

ដោយឡែក យុវសិស្ស ឈឹម នព្វន្ត អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ សាលាខ្មែរជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍ប្រាប់ វីអូឌី ថាព្រឹត្តិការណ៍ «បំណងប្រាថ្នា» គឺជាឱកាសល្អមួយសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្រូនិងសិស្ស ក៏ដូចជាសិស្សនិងសិស្ស ដែលកន្លងមកត្រូវកាត់ផ្ដាច់ដោយកូវីដ-១៩។

យុវសិិស្ស នព្វន្ត បន្ថែមថា កម្មវិធីនេះនឹងផ្ដល់ផលប្រយោជន៍ដល់សិស្សានុសិស្ស​ឱ្យមានគំនិតនិងមានក្ដីស្រមៃ ចេះបង្កើតគម្រោងដោះស្រាយបញ្ហាប្រចាំថ្ងៃ និងយកមកអនុវត្តជាក់ស្ដែង ហើយលោកនឹងចូលរួម​ដាក់ពាក្យប្រកួតប្រជែងលើគម្រោងមួយនេះ។

យុវសិស្ស ឈឹម នព្វន្ត៖​ «ខ្ញុំគិតថា ខ្ញុំនឹងដាក់ពាក្យក្នុងការប្រកួត ព្រោះនេះជាឱកាសមួយដ៏ល្អដែលផ្ដល់ឱកាលឱ្យសិស្សានុសិស្សបានបញ្ចេញសមត្ថភាព។ ហើយមួយទៀត ក៏ខ្ញុំអាចទទួលបានអាហារូបករណ៍ និងក្លាយជាសិស្សសក្ដានុពលផងដែរ។»

​នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការបង្កើតការប្រកួតប្រជែងរបស់ក្រសួងក្នុងការចូលរួមធ្វើយ៉ាងណាឱ្យអនាគតធនធានមនុស្សកម្ពុជាកាន់តែប្រសើរ ​គឺជាអ្វីមួយដែលសិស្សានុសិស្សចង់បាន។  ​

លោក សន ជ័យ៖ «សិស្សានុសិស្សរៀនចាប់ពីថ្នាក់ទី៧ឡើងទៅ ពួកគេចាប់ផ្ដើមចេះដឹង ជាមនុស្សចាប់ផ្ដើមចេះគិតហើយ។ អ៊ីចឹងគេត្រូវមានក្តីស្រមៃរបស់គេមួយ ជាមួយនឹងទេពកោសល្យដែលគេមាន។ ក្នុងនោះ ក៏ត្រូវមានការគិតគូរទៅលើកត្តាខ្លួនឯង [សិស្សផ្ទាល់] មានន័យថា រឿងទេពកោសល្យ ហើយស្ថានភាព លទ្ធភាពដែលខ្លួនមានអីជាដើម។ ដូច្នេះ ការស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយស្គាល់អ្វីដែលខ្លួនចង់ធ្វើ អ្វីដែលខ្លួនចង់បាន គឺជារឿងមួយល្អ ហើយម៉្យាងក៏ធ្វើឱ្យមនុស្សម្នាក់ៗមានចក្ខុវិស័យវែងឆ្ងាយសម្រាប់ជីវិតរបស់ខ្លួន ក៏ដូចជារៀបចំជាទិសដៅមួយដែលឱ្យពួកគេដឹងពីសមត្ថភាពរបស់ខ្លួន។»

​លោក សន ជ័យ បានបញ្ជាក់ថា ការចូលរួមប្រកួតប្រជែងតាមប្រព័ន្ធឌីជីថល ជាធម្មតាតែងមានឧបសគ្គខ្លះហើយ មិនដូចការធ្វើការងារដោយផ្ទាល់ទេ។

យ៉ាងណា លោកថា ក្នុងបរិបទកូវីដ-១៩ សិស្សានុសិស្ស ក៏ដូចជាមនុស្សគ្រប់គ្នាត្រូវរៀនបន្សាំខ្លួនក្នុងបរិបទថ្មី និងស្វែងយល់ចំណេះដឹងក្នុងការដំណើរការផ្នែកឌីជីថល ជាពិសេសប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យទៅជាប្រយោជន៍សម្រាប់ខ្លួនឯង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ