មន្ត្រី​និង​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនា​គារ​ខេត្ត​សៀមរាប​ឆ្លង​​កូវីដ-១៩​កើន​ដល់​ជាង​៣០​នាក់​

លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនិងវឌ្ឍនភាពដឹកនាំរបស់ពន្ធនាគារខេត្តកំពង់ធំ និងពន្ធនាគារខេត្តសៀមរាប កាលពីដើមខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Supt. Gen. Chhem Savuth, Director General of Prisons)

មន្ត្រីជាន់ខ្ពស់​​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អ្នកជាប់ឃុំនិងមន្ត្រីពន្ធនាគារខេត្តសៀមរាបដែល​ឆ្លង​ជំងឺកូវីដ-១៩បានកើនដល់ជាង៣០នាក់​ហើយ​​ ក្រោយ​ពី​ក្រុមគ្រូពេទ្យធ្វើតេស្តលើមនុស្សចំនួន​​ជិត​៣០០នាក់កាលពីថ្ងៃ​ម្សិលមិញ។

អ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក នុត សវនា មានប្រសាសន៍នៅថ្ងៃពុធនេះថា ក្រុមគ្រូពេទ្យនៅមន្ទីរសុខាភិបាលបានចុះទៅយកសំណាកនិងធ្វើតេស្តលើមន្ត្រីពន្ធនាគារនិងអ្នកជាប់ឃុំសរុបជិត៣០០នាក់ កាលពីថ្ងៃទី១៣ ខែកក្កដា ​ម្សិលមិញ ដោយ​​បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ​ចំនួន៣២នាក់ ក្នុងនោះមានប្រធានពន្ធនាគារខេត្ត​សៀមរាប​ លោក ភាន ឆវ័ន្ត និងមន្ត្រីឆ្មាំពន្ធនាគារចំនួន៥នាក់ រួមទាំងអ្នកជាប់ឃុំចំនួន២៦នាក់ផងដែរ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ដើមចមដែលនាំឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ចូលទៅក្នុងពន្ធនាគារ ដោយសារឆ្លងពីប្រធានពន្ធនាគារខេត្ត​ និងមន្ត្រីប្រចាំការនៅទីនោះ។

លោកមានប្រសាសន៍ថា៖ «ដំបូងផ្ទុះចេញពីមន្ត្រីយើង ដែលមានទាំងប្រធានពន្ធនាគារ។ យើង​រកឃើញថា គាត់បានឆ្លងមេរោគកូវីដ ហើយមន្ត្រីអប់រំកែប្រែក៏មានឆ្លង មន្ត្រីសន្តិសុខម្នាក់ ពេលហ្នឹងយើងធ្វើសំណាកភ្លាមៗតែម្តង»។

លោក នុត សវនា បញ្ជាក់​ថា អ្នកដែលឆ្លងជំងឺ​កូវីដ-១៩ គឺមានសុខភាព​ធម្មតា មិនធ្ងន់ធ្ងរនោះទេ ហើយ​​ក្រុមគ្រូពេទ្យបានទុកឱ្យពួកគេសម្រាកព្យាបាលនៅក្នុងពន្ធនាគារតែម្តង ខណៈអ្នកជាប់ឃុំជិត២ ០០០នាក់ផ្សេងទៀតដែលមិនពាក់ព័ន្ធ ក្រុមគ្រូពេទ្យមិនបានធ្វើតេស្តនោះទេ។

ជំងឺកូវីដ​-១៩ បាន​ឆ្លង​ទៅ​ដល់​អ្នក​ជាប់​ឃុំមុន​គេនៅ​ពន្ធនាគារ​ខេត្ត​ព្រះ​សីហនុ កាលពី​អំឡុង​ដើម​ខែ​ឧសភា ឆ្នាំ​២០២១។ បន្ទាប់​មក​ ត្រូវបាន​រក​​ឃើ​​ញឆ្លងចូលពន្ធនាគារខេត្តកណ្តាល ពន្ធនាគារព្រៃស ឬម១ និងម២ នៅ​រាជធានី​ភ្នំពេញ ពន្ធនាគារខេត្តកំពង់ស្ពឺ និងពន្ធនាគារ​​ខេត្តបន្ទាយមានជ័យ ស្វាយរៀង និងប៉ៃលិន។ ករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងពន្ធនាគារនេះ ក៏​​មាន​​ស្ត្រី​ម្នាក់​​អាយុ​​៦៦​ឆ្នាំដែល​ជា​អ្នក​ជាប់​ឃុំ​នៅពន្ធនាគារខេត្ត​កំពង់​ស្ពឺបានស្លាប់ដោយ​សារជំងឺផ្លូវដង្ហើមមួយនេះផងដែរ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៦៣ ៦១៥​​នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន៥៥ ៣៦៥នាក់ អ្នកស្លាប់សរុប៩៨៦នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប៥ ៣៤៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ