កម្ពុជា​ផ្អាក​ការ​​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​កម្ពុជា​-វៀតណាម​រយៈ​ពេល​១​ខែ​ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​

បង្គោលច្រកព្រំដែនអន្តរជាតិភ្នំឌិន រវាងកម្ពុជា និងវៀតណាម។ (ជន ចាន់រ៉ែន/ ២៦ ធ្នូ ២០១៥)

រាជរដ្ឋាភិបាលសម្រេចផ្អាក​ជាបណ្ដោះអាសន្ន​ចំពោះការ​ធ្វើដំណើរ​ចេញ​ចូល​ឆ្លង​កាត់​ព្រំដែនកម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ក្នុង​លិខិ​តរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ​ចុះថ្ងៃទី១៣​ ខែកក្កដា ឆ្នាំ២០២១ ផ្ញើ​ទៅឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងថា ការផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមនេះ ធ្វើឡើង​ចំ​ពោះ​កម្មករ​ជំនាញ អ្នក​បច្ចេក​ទេស និង​បុគ្គលិក​ក្រុមហ៊ុននានា​របស់​វៀតណាម។ ប៉ុន្តែការផ្អាកនេះក៏មានការ​​លើកលែង​ចំពោះអ្នកជំងឺដែលត្រូវទៅព្យាបាលជំងឺនៅប្រទេសវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្ម តបការអញ្ជើញរបស់អាជ្ញាធរ​នៃប្រទេសទាំងពីរ ដូចជា និស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬ​ករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល​។

លិខិតដដែលបន្តថា ការផ្អាកនេះ​​មាន​រយៈ​ពេល​១ខែ និងអនុវត្តចាប់​ពីថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ២០២១​នេះទៅ។

ក្រសួងការបរទេសកម្ពុជា​ បញ្ជាក់ទៀតថា ចំពោះបុគ្គលិកនិងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាមដែល​បាន​ចូល​មក​កម្ពុជា​រួច​ហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកជាប់ធ្វើចត្តាឡីស័ក គឺ​មិនអនុញ្ញាតឱ្យត្រឡប់ទៅប្រទេសវៀតណាមវិញឡើយ ក្នុងអំឡុងពេលផ្អាកការចេញចូលបណ្តោះអាសន្ននេះ។

ក្រសួងការបរទេស ក៏បានប្រាប់ទៅឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យ​​សហការ​ជាមួយ​វៀត​ណាម ដើម្បីឱ្យអាជ្ញាធរ​នៃប្រទេសទាំងពីរជួយសម្របសម្រួល​លើការ​​​​ដឹក​ជញ្ជូន​កា​រនាំ​ចេញនិងការនាំចូលទំនិញនានា ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមវិធានការ​ក្រសួងសុខាភិបាល​របស់ប្រទេស​​ទាំងពីរផងដែរ។

អ្នកនាំពាក្យ​​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ លោក កុយ គួង មានប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​​ថា ការផ្អាកបណ្ដោះអាសន្នចំពោះការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម គឺ​ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ-១៩ មិនប៉ះពាល់ដល់ទំនាក់ទំងប្រទេសទាំងពីរនោះ​ទេ។

លោកបន្ថែមថា៖ «លិខិតដែលបណ្តាញសារព័ត៌មានបានទទួលនិងផ្សព្វផ្សាយមានខ្លឹមសារនិងហេតុផលច្បាស់លាស់ហើយ។ លិខិតគឺដើម្បីទប់ស្កាត់​ការរាលដាលជំងឺកូវីដ​ មិនប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំង​ពីរ​ទេ ហើយមានប្រសិទ្ធភាពយ៉ាងណានោះទេ សូមចាំមើលសិនទៅ»

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់​​ គិមអេង សាទរចំពោះវិធានការផ្អាកការ​ឆ្លងកាត់ព្រំដែនកម្ពុជា​-​វៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ ប៉ុន្តែលោកហាក់មិនមានជំនឿថា អាជ្ញាធរអាចទប់ស្កាត់ការលួចឆ្លងដែនខុស​ច្បាប់ក្នុងអំឡុងពេលនេះឱ្យ​មានប្រសិទ្ធភាពនោះឡើយ​។

លោកបន្ថែមថា៖ «នៅក្នុងរឿងនេះ ខ្ញុំក៏អំពាវនាវដល់អាជ្ញាធរនិងរដ្ឋាភិបាលផងដែរ បើថាបិទ គឺធ្វើយ៉ាងម៉េច​ឱ្យ​ការ​បិទ​នោះមា​នប្រសិទ្ធភាព បានយើងអាចបង្ការការឆ្លងទៅឆ្លងមកនៃវីរុសហ្នឹងបាន។ បើមិន​អ៊ីចឹងទេ នឹងធ្វើឱ្យមានបញ្ហាចោទប្រកាន់គ្នាទៅវិញទៅមក ឬក៏វិធានការបង្ការរបស់រដ្ឋាភិបាលហ្នឹង​មិនមានប្រសិទ្ធ​ភាព​ទេ»

អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តស្វាយរៀង លោក រស់ សុផារិទ្ធ មានប្រសាសន៍ថា អាជ្ញាធរខេត្ត​នឹង​អនុវត្ត​វិធានការនេះឱ្យបាន​តឹង​រ៉ឹងនិងមា​ន​​​ប្រសិទ្ធភាព​ មិនថា​នៅ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិនិង​ច្រក​របៀងនោះ​ទេ។

អ្នកនាំពាក្យរូបនេះអះអាង​ថា កន្លង​មក រដ្ឋបាលខេត្តបានធ្វើកិច្ចការងារនេះរហូតមកហើយ ក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង​ ប្រាប់ឱ្យពង្រឹងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោកបន្ថែមថា៖ «សម្រាប់នៅច្រក​របៀង យើង​បានគ្រប់គ្រង​មិន​ឱ្យ​មានការឆ្លងដែនដោយខុសច្បាប់ទេ ទៅតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មហាផ្ទៃ​ ដែល​មិនឱ្យមានការឆ្លងដែន​ខុស​ច្បាប់ច្រក​របៀង​នេះ។ ហើយយើងតែងតែពង្រឹងកិច្ចការងារនេះ​ ដើម្បីត្រួតពិនិត្យកុំឱ្យមានការឆ្លងដែនខុសច្បាប់។ ហើយទៅថ្ងៃខាងមុខ​ យើងកាន់តែរឹងបន្តឹង​ថែម​ទៀត»

កាលពីថ្ងៃទី១២ ខែកក្កដា​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ក៏​បានប្រាប់​ទៅ​ម្ចាស់ឬតំណាង​ក្រុម​ហ៊ុន​​វៀត​ណាម​​ដែល​​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ចនៅ​កម្ពុជា ត្រូវផ្អាកឱ្យ​បុគ្គលិក​និងកម្មករ​ជន​ជាតិ​វៀត​ណាមចេញចូលកម្ពុជា ជាបណ្តោះអាសន្ន ​ក្នុង​កាលៈ​ទេសៈ​នៃការរីករាលដាលជំងឺកូវីដ-១៩នេះដែរ។

យោងតាមទីភ្នាក់ងារសារ​ព័ត៌មាន Reuters រដ្ឋាភិបាលវៀតណាម​ កាលពីថ្ងៃទី១២ ខែកក្កដា ថ្មីៗ​នេះ បាន​​ដាក់​​ចេញ​វិធានការ​រឹត​បន្តឹង​​ការ​ធ្វើ​ដំណើរនៅក្នុងទីក្រុងមួយចំនួន​ក្នុងប្រទេស​ ដើម្បី​​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លងរីករាលដាលនៃជំងឺ​កូវីដ-១៩ ខណៈ​តួ​លេខ​ឆ្លង​ប្រចាំថ្ងៃ​បាន​កើន​​ឡើង​ដល់កម្រិតខ្ពស់ជិត២ ០០០ករណីក្នុងមួយថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ