រដ្ឋា​ភិបាល​ឱ្យ​មន្ត្រី​ទប់​ស្កាត់​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ (ហេង វិចិត្រ​)

ក្រសួងមហាផ្ទៃ ក្រើន​រំឭកមន្ត្រីឱ្យសិក្សាឡើងវិញនូវភាពខ្វះចន្លោះនៃបទប្បញ្ញត្តិនានាដែលមានស្រាប់ ដើ​ម្បី​ចូ​លរួមទប់ស្កាត់បទល្មើសកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញឱ្យមានប្រសិទ្ធភាព។

ការក្រើនរំឭកនេះធ្វើឡើងនៅក្នុង​ពិធីប្រកាសដាក់​ឱ្យប្រើប្រាស់​​ជាផ្លូវការនូវ​​ផែនការសកម្មភាព ដើម្បីបង្ការទប់ស្កាត់ និង​ឆ្លើយតប​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​កុមារ​តាម​ប្រ​ព័ន្ធ​អន​ឡាញឆ្នាំ២០២១-២០២៥ តាមប្រព័ន្ធវីដេអូ នៅថ្ងៃពុធនេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងក្នុងពិធីនោះ​ថា ការកេងប្រវ័ញ្ចផ្លូវភេទកុមារ​បច្ចុប្បន្ន​ជាបញ្ហាសកល ក្នុងនោះមានទាំងកម្ពុជា​ផងដែរ ដែលករណីនេះកំពុងបង្កឱ្យ​មានការព្រួយបារម្ភពី​ហានិភ័យដល់កុមារ។

លោកបន្តថា នៅឆ្នាំ២០២០ របាយការណ៍មជ្ឈមណ្ឌលជាតិសម្រាប់កុមារបាត់ខ្លួននិងត្រូវបានកេងប្រ​វ័ញ្ចរ​បស់​សហរដ្ឋអាមេរិក បានបង្ហាញពីចំនួនកើនឡើង​​នៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញដែល​មាន​ដល់​​ទៅជាង​​​​២១,៧​លាន​ករណី ក្នុងនោះ ជនល្មើសភាគច្រើនជាមនុស្ស​ដែល​កុមារមិនស្គាល់មុខ។

លោកបន្តទៀត​​ថា របាយការណ៍របស់សហគមន៍បណ្តាញរាយការណ៍បន្ទាន់អន្តរជាតិ ឆ្នាំ២០២០ ក៏​បានបង្ហា​​ញ​​ថា ៧៦ភាគរយនៃកុមាររងគ្រោះពីរូបភាពរំលោភបំពានផ្លូវភេទ មានអាយុចន្លោះ​ពី៣ទៅ១៣ឆ្នាំ និង ១ភាគរយ​ជា​កុមារមានអាយុចន្លោះ​ពី០ទៅ២ឆ្នាំ ក្នុងនោះ​ ៩៣ភាគរយ​ជា​ក្មេង​ស្រី។

លោក ស ខេង គូសបញ្ជាក់ទៀត​​ថា សម្រាប់​​នៅកម្ពុជា មិនទាន់មានទិន្នន័យផ្លូវការជាក់លាក់បញ្ជាក់ពីទំហំនៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញនៅឡើយទេ។ ប៉ុន្តែលោកថា បើ​តាម​ការ​រាយការណ៍ពីសាធារណជនមកកាន់សមត្ថកិច្ច និង​បណ្តាញរាយការណ៍តាមអ៊ីនធឺណិត (Internet Hotline) គឺ​ជាមធ្យមមាន​ជាង១៥០ករណីក្នុង១​ឆ្នាំ ដែល​ជាករណីសង្ស័យ​ទាក់ទងនឹងការលួងលោមកុមារតាមអនឡាញ ការផលិត និងចែកចាយរូបភា​ព-សម្ភារអាសអាភាសកុមារ និងគំរាមខាងផ្លូវភេទ ជាដើម។

មួ​យ​វិញទៀត លោកថា យោងតាមការសិក្សាស្រាវជ្រាវស្តីពី «ការវិភាគស្ថានភាពដំបូងនៃការកេងប្រវ័ញ្ចផ្លូ​វភេទកុមារតាមអនឡាញនៅកម្ពុជា​ឆ្នាំ២០២០» របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បង្ហាញថា ៦០ភាគ​រយ​​នៃកុមារកម្ពុជាដែលបានចូលរួមក្នុងដំណើរការអង្កេត ត្រូវបានរាយការណ៍ថា ធ្លាប់បានជួបប្រទះហានិភ័យ​នៃការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ នៅពេលពួកគេប្រើប្រាស់អ៊ិនធឺណិត។

ករណីនេះ ​លោក ស ខេង រំឭកថា ដើម្បីចូលរួមទប់ស្កាត់បទល្មើសនេះ ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យានិងកា​រវាយលុកពីជំងឺកូវីដ-១៩ មន្ត្រីពាក់ព័ន្ធត្រូវសិក្សាឡើងវិញនូវភាពខ្វះចន្លោះ​បទប្បញ្ញត្តិដែល​មា​​នជា​ធរមាន លើបទល្មើសឧក្រិដ្ឋ​កម្មផ្នែកបច្ចេកវិទ្យា​លើកុមារ លើកកម្ពស់វិធានការបបង្ការ ទប់ស្កាត់ និង​ស្តារនីតិសម្បទាជនរងគ្រោះ និង​លើកកម្ពស់យុត្តិធម៌​ព្រហ្មទណ្ឌ ជាដើម ប្រកបដោយឆន្ទៈ​​ខ្ពស់និងការទទួលខុសត្រូវ។

លោកថា៖ «សូមអនុវត្តដោយឈរលើគោលការណ៍ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សនិងសិ​ទ្ធិកុមា​រដែលកម្ពុជាបានផ្តល់សច្ចាប័ន និង​មានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា គាំទ្រនឹងវិធានការនេះ ប៉ុន្តែជំរុញទៅរដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាពរវាងអ្នកមាននិងអ្នកក្រី ទើបទទួលបានផលវិជ្ជមានខ្ពស់។​

លោកមានប្រសាសន៍ថា៖ «ដើម្បីឱ្យមានយុត្តិធម៌ទាំងអស់គ្នានៅក្នុងសង្គម គឺថា ត្រូវអនុវត្តច្បាប់​ឱ្យបានស្មើភាពគ្នា មិនថាអ្នកនោះមាន ឬអ្នកហ្នឹងក្រ អ្នកមានអំណាចទេ ត្រូវតែអនុវត្តច្បាប់ដូចគ្នា។ បើសិនជាអ្នកនោះមានកំហុស ត្រូវទទួលទោស ទទួលទណ្ឌកម្ម ឬក៏វិន័យដូចគ្នាដែរ»។

ចំណែកប្រធានស្តីទីអង្គការយូនីសេហ្វប្រចាំកម្ពុជា លោក ចាឡា អាប់ដែលវ៉ាអាប់ ថ្លែងថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ជាទិសដៅថ្មីមួយនៃការរំលោភបំពានដែល​សម្របសម្រួលដោយអ៊ីនធឺណិត តាមរយៈការប្រើប្រាស់គេហទំព័រ បណ្ដាញទំនាក់ទំនងសង្គម និងកម្មវិធីទូរសព្ទឆ្លាតវៃ។ ​

លោកបន្តថា ការបិទសាលាដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ជុំវិញពិភពលោក រួមទាំងកម្ពុជា បានធ្វើឱ្យកុមារកាន់តែប្រឈមនឹងការកេងប្រវ័ញ្ចនិងការរំលោភបំពាន ប្រសិនបើគ្មានការគាំទ្រពីឪពុកម្ដាយ ព្រោះកុមារកាន់តែច្រើនប្រើប្រាស់វេទិកាអនឡាញ ដើម្បីរៀនសូត្រនិងធ្វើទំនាក់ទំនងសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ