ពលរដ្ឋ​និង​សង្គម​ស៊ីវិល​សោក​ស្តាយ​ចំពោះ​ការ​បន្ត​បាត់​បង់​ដើម​ឈើ​កម្រ​នៅ​តំបន់​អង្គរ

មន្ត្រីបរិស្ថានខេត្តសៀមរាប និងមន្ត្រីពាក់ព័ន្ធ ចុះល្បាតនៅព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរបរិស្ថានខេត្តសៀមរាប)

ពលរដ្ឋនៅក្រុងសៀមរាប​ និងសង្គមស៊ីវិលមួយចំនួន សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​ដើម​ឈើកម្រ​​ៗ​​នៅ​ក្នុង​តំប​​ន់រមណីយដ្ឋានអង្គរ ដោយសារ​តែ​ជនល្មើសបានលួចកាប់ជាបន្តបន្ទាប់​។

ការលើកឡើងនេះបាន​ធ្វើឡើងក្រោយពីដើមឈើមួយដើមនៅរមណីដ្ឋានអង្គរ ស្ថិតនៅ​ភូមិ​ធ្លង់ ឃុំ​លាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបាន​ជន​ល្មើស​​លួច​កាប់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ មន្ត្រីអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ដើមឈើ​ដែល​ត្រូវជនល្មើស​លួចកាប់នេះ ជាដើមឈើទាល​មានអាយុកាល​ច្រើនឆ្នាំមកហើយ។

អ្នកលក់ភេសជ្ជៈ​​នៅក្បែរតំបន់​​ប្រាសាទ​អង្គរវត្ត នៅ​ភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប លោកស្រី អឿន មុំ នៅថ្ងៃទី១៣ ខែកក្កដា​នេះ​ បាន​បង្ហាញ​ការ​សោក​ស្តាយ​ ក្រោយ​ទទួលបាន​ព័ត៌​មាន​​ពីការបាត់បង់​ដើមឈើ​នៅតំបន់រមណីយដ្ឋានអង្គរបន្ថែមទៀតនេះ។ ករណីនេះ ​អ្នក​ស្រី​បាន​​ជំរុញ​​ឱ្យ​​អាជ្ញាធរ​ពាក់​ព័ន្ធពង្រឹងវិធានការទប់ស្កាត់និងបង្កើនការយកចិត្តទុកដាក់​បន្ថែម​ទៀត។

អ្នកស្រីថា៖ «នៅក្នុងចិត្តយើង​សោកស្ដាយដែរ ប៉ុន្តែមិនដឹងធ្វើម៉េច! បើគេកាត់ទៅហើយ គ្រាន់តែ​ថា អ្នកដែលធ្វើហ្នឹងអត់មានគិតថាជួយ​ថែរក្សាអីទេ។ បើមាន​ហើយ ​ជួយ​រក្សាទុក​ទៅ ព្រោះកន្លែងនេះ វាមិនទៅប៉ះពាល់អីដល់​លំនៅដ្ឋាន​យើង​ណា! […] ព្រៃឈើអង្គរ យើងថែរក្សាទៅ ដូនតាយើងបានបន្សល់ទុកឱ្យ​»។

ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀតជាអ្នកលាងម៉ូតូនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ជាប់នឹងរមណីយ​​ដ្ឋាន​អង្គរ​ដែរ​នោះ លោក សន់ គឹមសុង ក៏បាន​បង្ហាញការសោកស្តាយផងដែរដែលជនល្មើស​នៅតែបន្តលួចកាប់ឈើដោយខុសច្បាប់​នៅតំបន់​អង្គរ។ លោកថា ដើមឈើទាំងនោះ​ជា​កេរមរតកពីដូនតា ដែលប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ​ចូលរួមអភិរក្សទាំងអស់គ្នា។

បុរសវ័យ៣៤ឆ្នាំរូបនេះចោទជាសំណួរថា​ កន្លងមក លោក​​សង្កេតឃើញមន្ត្រីឧទ្យាន​អង្គរ​តែ​ងតែ​ចុះល្បាត​ព្រៃឈើនៅតំបន់នោះជាហូរហែមក ប៉ុន្តែមិនដឹងថាមូលហេតុអ្វីបានជា​នៅមានជនល្មើស​អាចលួចកាប់​បាន។

លោកថា៖ «ត្រង់ហ្នឹង​ខ្ញុំដូចឆ្ងល់ដែរ! ខាង​អភិរក្សព្រៃ ខាង​អប្សរា​អីមានអស់ហើយ ហេតុអ្វីចោរលួចបានទៀត? ខ្ញុំឆ្ងល់ដែរហ្នឹង មិនដឹងម៉េចដែរដល់អ៊ីចឹងទៅ។ ការពារហើយ នៅតែលួចបានទៀត»។

ចំណែកសកម្មជនបរិស្ថាន​នៃ​​​សមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា មានប្រសាសន៍ថា ការបាត់បង់ព្រៃឈើប្រភេទកម្រនៅតំបន់រមណីយដ្ឋាន​អង្គរ បានបញ្ជាក់ពីភាពខ្វះចន្លោះនៃការទប់ស្កាត់បទល្មើសពីសំណាក់អាជ្ញាធរនិងអ្នកពាក់ព័ន្ធ។ ​

ករណីនេះ លោកថា ​បើសិន​ជាអាជ្ញាធរ​នៅតែបន្តព្រងើយកន្តើយ​ មិនរកឱ្យ​ឃើញ​ជន​ប្រព្រឹត្តទេ​ នោះព្រៃឈើនិង​ធនធានធម្មជាតិដទៃទៀតនឹងបន្តបាត់បង់កាន់តែខ្លាំង។

លោក សាន់ ម៉ាឡា បានគូសបញ្ជាក់​ថា៖ «ខ្ញុំគិតថា បើស្ថានភាព​បែបនេះនៅតែបន្ត វានឹងបង្កជាផលប៉ះពាល់ខ្លាំងចំពោះធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋលែងមានក្ដីសង្ឃឹមឬការជឿជាក់ចំពោះការគ្រប់គ្រងធនធានធម្មជាតិរបស់អាជ្ញាធរ»។

ទោះជាយ៉ាងណា អ្នកនាំពាក្យ​អាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា អាជ្ញាធរ​បាន​យកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សានិងអភិរក្ស​ព្រៃឈើនិងធនធានធម្មជាតិក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ប៉ុន្តែនៅមានជនខិលខូចមួយចំនួនតូចនៅបន្តឆ្លៀតឱកាស​​លួចកាប់នៅ​ពេល​យប់។

លោកបន្តថា ពាក់ព័ន្ធនឹងករណីបាត់បង់ដើមឈើទាលមួយដើមនេះ អាជ្ញាធរកំពុងស្រាវជ្រាវ​ដើម្បីតាមចាប់ជនល្មើស​យកមកផ្តន្ទាទោស​ទៅតាមច្បាប់។​​

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធ​ចូលរួម​អភិរក្សនិងការពារព្រៃឈើ​ទាំងអស់គ្នា នោះទើបអាចទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធភាព។

លោកថា៖ «វាពិតណាស់ តំបន់របស់យើងហ្នឹងគឺថា វាធំទំហំដល់ទៅ​៤០១ម៉ែតក្រឡា។ អាហ្នឹងចាំបាច់​ណាស់​ក្នុង​ការទាម​ទារការសហការគ្រប់រូបភាព​ពីគ្រប់អង្គភាព គ្រប់ផ្នែកពាក់ព័ន្ធ មិនតែយើងអាជ្ញាធរជាតិអប្សរាជាតិនោះទេ»។

កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក៏មាន​ករណី​ជន​ល្មើស​បាន​លួច​កាប់​ដើម​ឈើ​គ្រញូង​មួយ​ដើមនៅ​ក្នុង​តំបន់ការពារទី១ នៃរមណីយដ្ឋានអង្គរផងដែរ។

បើតាមរបាយការណ៍ពីមន្ត្រីបរិស្ថាន​ខេត្តសៀមរាប ឱ្យដឹងកាលពីពេលថ្មីៗនេះថា គិតចាប់ពីឆ្នាំ២០២០ រហូតដល់ដើមឆ្នាំ២០២១​នេះ បទល្មើសលួចកាប់ដើមគ្រញូងក្នុងតំបន់អង្គរមានប្រមាណ​ជាង​១០ករណី ក្នុងនោះក៏មានករណីមួយចំនួន ត្រូវ​បាន​មន្រ្តីបរិស្ថាន​​បាន​​រឹ​បអូសវត្ថុតាងនិងកសាងសំណុំរឿងទៅតុលាការ​ផងដែរ។ ក្រៅពីការលួចកាប់ឈើប្រណិត ក៏មានករណី​ពលរដ្ឋខ្លះបានកាប់ទន្រ្ទានព្រៃធ្វើចម្ការខុសច្បាប់ ដោយករណីនេះ អាជ្ញាធរគ្រាន់តែធ្វើកិច្ចសន្យានិងផាកពិន័យតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ