សមត្ថ​កិច្ច​បញ្ជូន​ជន​សង្ស័យ​១៨​នាក់​ទៅ​តុលាការ​ពាក់​ព័ន្ធ​នឹង​ករណី​ក្លែង​បន្លំ​ធ្វើ​ព្រះសង្ឃ​

ជនសង្ស័យចំនួន១៨នាក់ដែលស្លៀកស្បង់ចីវរក្លែងបន្លំជាព្រះសង្ឃ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចាប់ខ្លួនជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ (អគ្គសង្នការដ្ឋាននគរបាលជាតិ)

សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ១៨នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹង​ករណីក្លែងបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាត្រ និងរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងខណ្ឌកំបូល។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សព្វផ្សាយនៅលើទំព័រហ្វេស​ប៊ុកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ​​ថា កាល​ពីថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១មក សមត្ថកិច្ច​​ខណ្ឌកំបូល បាន​​ចាប់ឃាត់ខ្លួន​មនុស្ស​ចំនួន១៨នាក់ ក្នុង​នោះ​មាន១៧​នាក់បន្លំខ្លួនជាព្រះសង្ឃ និងម្នាក់ទៀត​ជាអ្នកបើកបររថយន្ត នៅចំណុច​ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា ជនសង្ស័យទាំងនោះបាន​គ្រងស្បង់ចីរវ ក្លែងជាព្រះសង្ឃ និងបាន​ដើររៃអង្គាស​ប្រាក់ពីប្រជាពលរដ្ឋ ក្នុងនោះមានជនសង្ស័យម្នាក់ជាអ្នកបើកបរ​រថយន្ត​ម៉ាកកូរ៉ូឡា ដើម្បីដឹកប្រមូល​​សង្ឃក្លែងក្លាយទាំងនោះពីគោលដៅមួយចំនួន ក្រោយពីរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរួចហើយ។

បើតាមចម្លើយសារភាពពីជនសង្ស័យប្រាប់សមត្ថកិច្ចថា ពួកគេធ្វើសកម្មភាពក្លែងបន្លំជាព្រះសង្ឃដើរ អាយុប្រហែលជា២៥ឆ្នាំ ដោយក្នុងមួយថ្ងៃ ពួកគេរៃអង្គាសប្រាក់​បានពី៨ម៉ឺនរៀល​ ទៅ១០ម៉ឺនរៀល ក្នុងនោះ មេខ្យល់ឈ្មោះ ម៉េង តម្រូវឱ្យ​បង់ក្នុងម្នាក់​ពី៣ម៉ឺនរៀល​ ទៅ៣ម៉ឺន៥ពាន់រៀល ទៅឱ្យ​ខ្លួន។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មាន​ប្រសាសន៍ថា សមត្ថកិច្ចខណ្ឌកំបូល បាន​រៀបចំសំណុំបែបបទនិងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ​ហើយ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ។ ​

លោកបន្ត​​ថា៖ «ការងារបន្ទាប់ជាការសម្រេចរបស់[តុលាការ]សម្រេចចិត្ត និងឆន្ទានុសិទ្ធិរបស់តុលាការ»។

តែយ៉ាងណា អ្នកនាំពាក្យសាលាដំបូង​​រាជធានីភ្នំពេញ លោក ប្លង់ សុផល ពុំបានដឹងថាតើជនសង្ស័យ​ទាំង​​នោះនឹងត្រូវចោទប្រកាន់ពីបទអ្វីនោះទេ ដោយថា លោក​មិនបានកាន់សំណុំរឿងនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ