បទ​យក​ការណ៍៖​ យុវជន​មួយ​ចំនួន​បោះបង់​អាជីព​ជា​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​

មន្ត្រីប៉ូលិសចរាចណ៍និងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ ឈរនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ (Matt Surrusco)

យុវជនមួយចំនួនហាក់មានការ​​ចាប់​អារម្មណ៍ទៅលើអាជីពជាអ្នកសារព័ត៌មាន ជាពិសេស​សារ​ព័ត៌​មាន​ដែល​ឯករាជ្យនិង​មាន​វិជ្ជាជីវៈ។ តែយ៉ាងណា ពួកគេហាក់មានការរារែកចិត្តនិងដក​ថយ​​​វិញ នៅ​ពេល​បាន​ប្រឡូក​ចូលការងារក្នុងវិស័យនេះមួយរយៈ ដោយសារកត្តាប្រឈមនិងមូលហេតុមួយចំនួន។

តួយ៉ាងដូចយុវជនម្នាក់ឈ្មោះ អ៊ុន ស៊ីឡុង ដែលមានជំនាញផ្នែកវិទ្យាសាស្ត្រ​នយោបាយ បាន​ប្រឡូក​ចូល​បម្រើ​ការ​ងារ​ជា​​អ្នក​​សារ​ព័ត៌​មាន​ឯករាជ្យ​នៅ​ស្ថាប័ន​មួយអស់រយៈពេល​៣ខែ ប៉ុន្តែរូបគាត់​បាន​សម្រេច​ចិត្ត​​បោះ​បង់​អាជីព​នេះ​​វិ​ញ​ទាំង​បង្ខំ​ចិត្ត ដោយសារ​តែបារម្ភពីការសងសឹកពីអ្នកនយោបាយ។

លោកបន្ត​ថា៖ «អ្វីដែលខ្ញុំប្រឈម គឺកត្តាចិត្តខ្លួនឯង! អ្វីដែលយើងចង់​ធ្វើ យើងមិនអាចធ្វើ យើង​មិនអាចធ្វើកើត អ្វីដែលយើងដឹង យើងមិនអាចនិយាយបាន។ ជារឿងមួយដែលយើងធ្វើជាមនុស្សគថ្លង់ខ្វាក់​អីអ៊ីចឹង​ទៅ ប៉ុន្តែខ្ញុំគិតគូរពីក​ត្តាគ្រួសារដែរ បើយើងនៅតែឯង អត់អីទេ! យើងអាចលះបង់ពេលវេលាឆន្ទៈ​សម្រាប់ខ្លួន​ឯង»។

បុរសអាយុ៣២ឆ្នាំរូប​នេះប្រាប់ទៀតថា មូលហេតុដែលជំរុញឱ្យគាត់ធ្វើជាអ្នកសារព័ត៌មាន ដោយសារតែគាត់ចង់ចូលរួមក្នុងកិច្ចការសង្គម ជាពិសេសលោកមានការ​​ចាប់អារម្មណ៍ខ្លាំងចំពោះកិច្ចការនយោបាយ។

នៅចុងឆ្នាំ​២០១៩ យុវជនរូប​នេះបានចាប់ផ្តើមចូលរួមវគ្គបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលកម្ពុជា ដើ​ម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) រយៈពេល៣ខែ ដើម្បីចាប់យកជំនាញជាអ្នកសារព័ត៌មានឯករាជ្យ និងបាន​បំពេញការងារនេះអស់រយៈ​​ពេល៣ខែ។

អំឡុងពេលចាប់អាជីពជាអ្នកសារព័ត៌មាន សេចក្តីរាយការណ៍របស់លោក ស៊ី​ឡុង សរសេរ​ផ្តោត​សំខាន់អំពី​ស្ថានភាពនយោបាយនិងបញ្ហាសិទ្ធមនុស្ស។

ស៊ីឡុង សិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យខេមរៈ។ គាត់បញ្ជាក់ថា ការសម្រេចចិត្តដើរចេញពីការងារដែលខ្លួនស្រឡាញ់នេះ គឺដោយសារតែក្រុមគ្រួសារ​បារម្ភពីសុវត្ថិភាពរបស់​លោក ខណៈលោកសង្កេតឃើញមានអ្នក​សារព័ត៌មាន​​ខ្លះត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​ និង​អ្នករិះគន់សង្គមខ្លះទៀតត្រូវគេសម្លាប់ រកមុខជនដៃដល់មិនឃើញជាដើម។

លោកនិយាយថា៖ «មែនទែនទៅ គាត់ [ក្រុមគ្រួសារ] អត់ចង់ឱ្យយើងពាក់ព័ន្ធទៅលើបញ្ហាសង្គម ជាពិសេសទាក់ទង​ទៅនឹងនយោបាយ ប៉ះពាល់អ្នកធំឬអ្នកមានអំណាចទេ។ គាត់តែងមានការភ័យខ្លាច ជាពិសេស​គា​ត់​​​ឃើញ​រូបភាពនៃការចាប់ចង ការបាញ់សម្លាប់ទៅលើអ្នកសារព័ត៌មានឬក៏អ្នកវិភាគហ្នឹង។ អ៊ីចឹងគាត់អត់ច​​ង់​​ឱ្យខ្ញុំប៉ះពាល់ឬប្រឡូកក្នុងវិស័យហ្នឹងទេ»។

បញ្ហាចម្បងមួយទៀតដែលជំរុញឱ្យយុវជន ស៊ីឡុង ដើរចេញពីជំនាញដែលខ្លួនស្រឡាញ់នោះ ដោយសារ​​សេរីភាព​សារ​ព័ត៌មាននៅកម្ពុជា ពិសេសអ្នករាយការណ៍ព័ត៌មាន​មួយចំនួនដែលហ៊ានសរសេរ​រិះគន់បញ្ហាសង្គម ដូចជា អំពើពុក​រលួយ កា​ររំលោភដីធ្លី និងការកាប់បំផ្លាញព្រៃឈើជាដើម​នោះ បាន​រងនូវ​វិធានការ​ច្បាប់និង​ការគំរាមកំហែងផ្សេងៗតាមគ្រប់រូបភាព។

លោកបន្ថែម​ថា‍‍៖ «សម្រាប់ជាសារទៅដល់រដ្ឋាភិបាល យើងនៅតែទទូចឱ្យរដ្ឋាភិបាលផ្តល់សេរីភាព​និងលទ្ធ​ភាព​ពេញលេញ ឬក៏បានស្របទៅតាមរដ្ឋធម្មនុញ្ញ​របស់ព្រះរាជាណាចក្រ​​កម្ពុជាដែលបានចែងពីសិទ្ធសេរីភាពរបស់ពលរដ្ឋ ក៏ដូចជាផ្នែកសារព័ត៌មាន»។

បច្ចុប្បន្ន យុវជនរូបនេះបានសម្រេចចិត្តធ្វើជាអ្នកគ្រប់គ្រងឃ្លាំងទំនិញនៅរោងចក្រចំណីសត្វមួយកន្លែងនៅឯ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែ​លជាស្រុកកំណើត​របស់​លោកវិញ។

មិនខុសប៉ុន្មានពីយុវជន ​ស៊ីឡុង នោះ​ទេ អ្នកសារព័ត៌មាន​ជាស្ត្រី​​ម្នាក់ទៀត កញ្ញា តូច ធីណា ដែលបានចាប់យកអាជីពមួយនេះ​​រយៈពេល១ឆ្នាំមក​ហើយនោះ បាន​លើកឡើងថា បើទោះជាកញ្ញា​បម្រើការងារ​ជា​អ្នក​សារព័ត៌មាន​​ពិត​មែន ប៉ុន្តែកញ្ញាសរសេរអត្ថបទ​ដោយ​ផ្តោតតែទៅលើ​ព័ត៌មាន​បែប​កម្សាន្តភ្ជាប់​នឹង​សារ​អប់រំ មិន​ផ្តោត​លើ​រឿង​នយោបាយ​ឬបញ្ហា​ដែលកើតមានក្នុងសង្គម​នោះទេ ព្រោះបារម្ភពីសុវត្ថិភាព។

ជាអ្នកសារព័ត៌មានធ្វើការនៅសារព័ត៌មាន​អនឡាញ Focus កញ្ញា តូច ធីណា បានថ្លែងថា៖ «យើងឃើញមានការគាប​សង្កត់​ខ្លះដែរពីសំណាក់រដ្ឋាភិបាលឬក៏បុគ្គលមួយចំនួនដែ​ល​មានអំណាច ព្រោះអីយើងឃើញដូចជាករណីអ្នកកាសែតខ្លះត្រូវឃាត់ខ្លួន សកម្មជនព្រៃឈើអីអ៊ីចឹង​ក៏ត្រូវបានឃាត់ខ្លួន»។

របាយការណ៍ស្ទង់មតិរបស់​មជ្ឈមណ្ឌលកម្ពុជា ​ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលបាន​​សម្ភាស​​អ្នក​សា​រព័ត៌មានឯករាជ្យ​ក្នុងឆ្នាំ២០២០ បង្ហាញថា អ្នកសារព័ត៌មាន៩៥,៥ភា​គរយ ឆ្លើយថា ពួកគេបារម្ភអំពីការរាយការណ៍ព័ត៌មានរឿងអាស្រូវនៃអំពើពុករលួយ ចំណែក៨៩,៧២ភាគរយ មានការព្រួយបារម្ភអំពីការរាយការណ៍ព័ត៌មានពាក់ព័ន្ធបទល្មើស​​ព្រៃឈើ និង ៨៥,០៥ភាគ​​រ​យ បារម្ភអំពីការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងធនធានធម្មជាតិនិង​បញ្ហានយោបាយ។

ចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៦ ឃាតកម្មបានកើតឡើងជាបន្តបន្ទាប់លើបុគ្គលឆ្នើមៗមួយចំនួនដែលហ៊ាននិយាយឆ្លុះបញ្ចាំងបញ្ហាសង្គម ក្នុងនោះ​ក៏មាន​អ្នកកាសែតជើងចាស់ដែលតែងសរសេររិះគន់រដ្ឋាភិបាល លោក ឃឹម​ សំបូរ និងកូនក្រុស ត្រូវបានគេបាញ់សម្លាប់កាលពីឆ្នាំ២០០៨ នៅជិតស្តាតអូឡាំពិក ខណៈលោកកំពុងដើរហាត់​ប្រាណ។

​នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី មើលឃើញថា បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយមិនដល់៥ភាគរយ​នោះទេ ដែលហ៊ាន​ធ្វើ​សេចក្តី​រាយ​ការណ៍​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ដោយ​ឈរលើវិជ្ជាជីវៈត្រឹមត្រូវ និង​មិនមានភាពលម្អៀងទៅរកគណបក្សនយោបាយណាមួយ។

លោកគូស​បញ្ជាក់ថា កត្តាចម្បងនៃបញ្ហានេះ ដោយសារតែមានការ​បង្រ្កាប​ជា​បន្តបន្ទាប់ទៅលើពួកគេ ជាពិសេស​ក្រោយពេលដែលតុលាការកំពូលបានរំលាយអតីត​គណបក្សសង្គ្រោះ​ជាតិនៅ​ឆ្នាំ២០១៧។

លោក​បន្តថា នៅពេលនោះ មានការចាប់ខ្លួនអ្នកនយោបាយមួយចំនួន ការបឹ្តងផ្តល់ប្រឆាំងជាមួយសកម្មជនអង្គការក្រៅរដ្ឋាភិបាល និងការដាក់ពាក្យបណ្តឹងប្រឆាំងជាមួយនឹងអ្នកសារព័ត៌មានផងដែរ។

លោកថា៖ «ខ្ញុំមើលឃើញថា […] ការបង្រ្កាបបន្តបន្ទាប់ ហើយការគំរាមគំហែងជាបន្តបន្ទាប់ចំពោះប្រព័​ន្ធផ្ស​ព្វ​ផ្សាយដែលឯករាជ្យ ដែលអ្នកសារព័ត៌មានគាត់ហ៊ានធ្វើសេចក្តីរាយការណ៍នូវរឿងរ៉ាវបញ្ហាសង្គមផ្សេងៗ​​ រួមទាំងព្រឹត្តិការណ៍នយោបាយផង ចាប់តាំងពីឆ្នាំ២០១៧មក»។

លោក ណុប វី យល់ថា ដើម្បីស្តារសេរីភាពសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យពួកគេបា​ន​ចួលរួមជំរុញតម្លាភាពសង្គមនោះ​ រដ្ឋាភិបាលត្រូវធានាថា គ្មានអ្នករាយការណ៍ព័ត៌មានណាម្នាក់ត្រូវបានចា​​ប់ច​ងឬគំរាមកំហែង ដោយសារការហ៊ាននិយាយបញ្ហាសង្គមឈរលើ​វិជ្ជាជីវៈនោះទេ។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ចាត់ទុកការលើកឡើងនេះថា គ្រាន់តែជាការយល់ឃើញតែមួយជ្រុងប៉ុណ្ណោះ ដោយ​មិនបានឆ្លុះបញ្ចាំង​បញ្ហាសង្គមទាំងមូលទេ។

មន្ត្រីរដ្ឋាភិបាលរូបនេះមើលឃើញថា ប្រជាពលរដ្ឋកំពុងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ តាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយដែលលោកថាកំពុងតែមានការរីកដុះដាលនៅកម្ពុជា។

លោកថា៖ «តាមរយៈការរីកចម្រើនប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណីនិងប្រព័ន្ធផ្សព្វផ្សាយបែបទំនើបនេះ គឺ​ប្រជាពលរដ្ឋរបស់យើងបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ គ្រប់ហេតុការណ៍ទាំងជាតិនិងអន្តរជាតិដែលកំពុងកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅក្នុងតំបន់»។

កំណត់ត្រារបស់ក្រសួងព័ត៌មា​ន​​ឆ្នាំ២០២០ បាន​ឱ្យដឹងថា កម្ពុជាមានអង្គភាពសារព័ត៌មានបោះពុម្ពផ្សាយសរុប​៤៥​០​អង្គភាព ​វិទ្យុចំនួន២២០ ស្ថានីយទូរទស្សន៍២៦ ទូរទស្សន៍ខ្សែកាបចំនួន២០០ ប្រព័ន្ធផ្ស​ព្វ​ផ្សាយ​​តាម​ប្រ​ព័ន្ធ (OTT) ចំនួន៧ និងប្រព័ន្ធផ្សព្វផ្សាយផ្កាយរណបចំនួន២ផងដែរ។

នាយិកា​មជ្ឈមណ្ឌលសិទ្ធិ​មនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សេរីភាពបញ្ចេញ​មតិអំពីបញ្ហាសង្គម​ បញ្ហានយោបាយ របស់ពលរដ្ឋកម្ពុជា ហាក់បានធ្លាក់ចុះខ្លាំង ដោយសារតែមានការព្រួយបារម្ភពីសុវត្ថិ​ភាព​ផ្ទាល់​ខ្លួន។

លោកស្រី​ថា ការ​ទទួល​បានព័ត៌មានគ្រប់ជ្រុងជ្រោយអំពី​ទស្សនៈនយោបាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយជារឿងសំខាន់ ព្រោះអាច​វែកមុខមន្ត្រីខិលខូច និង​ជំរុញឱ្យមានតម្លាភាពសង្គម។

លោកស្រីថា៖ «បើសិនជាពលរដ្ឋគាត់ចាប់ផ្តើមមានការខ្លាចរអាបញ្ហាសង្គមដែលកើត​ឡើង យើង​នឹង​ឃើ​ញ​​មន្រ្តីដែល​មានការប្រព្រឹត្ត​ខុស​ឆ្គងឬមាន​បញ្ហាមិនប្រក្រតីនៅក្នុងសង្គម​នានា គឺត្រូវបាន​បិទបាំង! ឬ​មិនមាន​ការ​ចូលរួម​ពីពលរដ្ឋហ្នឹង អ៊ីចឹងធ្វើឱ្យអភិបាលកិច្ចនិងទំនួលខុសត្រូវអ្នកពាក់ព័ន្ធធ្លាក់ចុះ ហើយនោះគឺជាការខាតប្រយោជន៍សង្គមរបស់យើងទាំងមូល»។

មាត្រា៤១ នៃរដ្ឋធម្មនុញ្ញចែងថា «ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​​ សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ​ សេរីភាព​ខាង​ការ​ប្រជុំ។

សម្រាប់សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្ត លោក សំបូរ មាណ្ណារ៉ា វិញ មានប្រសាសន៍ថា ការចេះតាមដាន​ស​ក​ម្ម​​ភា​ព​អ្នក​នយោបាយ ជាការព្យាយាមរំដោះខ្លួនចេញពីវិបត្តិផ្សេងៗ ព្រោះពលរដ្ឋ​​ប្រើប្រាស់សិទ្ធិនេះអំ​ឡុង​ពេលបោះឆ្នោតជ្រើសរើសមេដឹកនាំ។

លោកគូសបញ្ជាក់ថា៖ «រឿងតាមដាន គឺជាកិច្ចការចាំបាច់របស់ពលរដ្ឋខ្មែរគ្រប់រូប ត្រូវតាមដានដើម្បីស្វែងយល់ ដើម្បីធ្វើការសម្រេចចិត្ត ដើម្បីធ្វើការតាំងចិត្ត ដើម្បីធ្វើការរំដោះខ្លួនចេញអំពីវិបត្តិ»៕


អត្ថបទ៖ ទុយ អេងលី និង ទួក ពិសិដ្ឋ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ