បទ​យក​ការណ៍​៖​ ក្នុង​ភាព​ស្ងាត់​ជ្រងំ​ រមណីយដ្ឋានអង្គរកំពុងកែលម្អមុខមាត់ចាំទទួលភ្ញៀវទេសចរ

អ្នកជួសជុលកំពុងបំពេញការងារកែលម្អនិងជួសជុលកំណាត់ផ្លូវថ្នល់សំខាន់ៗមួយចំនួននៅក្នុងវង់តូច​និងវង់ធំ​នៃរមណីយដ្ឋានអង្គរ អំឡុងពេលវិបត្តិកូវីដ-១៩នៅបន្តរាតត្បាតនាឆ្នាំ២០២១នេះ។ (ហ្វេសប៊ុក៖ អាជ្ញាធរជាតិអប្សរា Apsara National Authority)

រមណីយដ្ឋានអង្គរ ដែលមានប្រាសាទអង្គរវត្តជានិមិត្តរូបនៃមោទកភាពជាតិខ្មែរ ពេលនេះ​កំពុង​​ស្ថិត​ក្នុង​ភាព​ស្ងាត់​ជ្រងំ។ ជាកន្លែងដែលធ្លាប់តែមានមនុស្សចូលមើល​អ៊ូអររាល់ថ្ងៃ ពេលនេះរមណីយដ្ឋាន​ទាំងមូល​សឹងតែគ្មានភ្ញៀវទេសចរទៅទស្សនា ក្រោយពីពិភពលោកបានធ្លាក់ក្នុងការហ៊ុមព័ទ្ធដោយ​ជំងឺ​កូវីដ-១៩ អស់រយៈពេលជាងមួយឆ្នាំមក​​ហើយ។

ប៉ុន្តែនៅភាពស្ងាត់ជ្រងំនេះ ក៏ជាឱកាសប្រពៃមួយសម្រាប់​កែលម្អ​មុខ​មាត់​រមណីយដ្ឋានអង្គរផងដែរ។ នៅលើ​ទីធ្លា​ទល់មុខ​ប្រាសាទអង្គរវត្ត ទិដ្ឋ​ភាពដែលធ្លាប់មាន​តូបលក់ដូររកេតរកូត យានយន្តចតគ្មាន​សណ្តាប់ធ្នាប់ ឥលូវនេះ​ត្រូវ​បាន​ជំនួសមកវិញដោយ​វាលស្មៅពណ៌​បៃតង អម​ដោយ​កូនឈើ​ទើប​នឹង​ដាំ​​ថ្មី​រាប់​ពាន់​ដើម។ ផ្លូវឆ្លងកាត់រមណីយដ្ឋានអង្គរ​ ​ត្រូវ​បានអ៊ុតកៅស៊ូ​រា​បស្មើ ហើយទីលាន​ជល់​ដំរី​នៅ​មុខ​​ប្រាសាទបាយ័នដែលធ្លាប់​តែ​មាន​សភាព​ក្រៀម​ផ្អេះ​នារដូវប្រាំង​នោះ នៅ​ពេលនេះ​ត្រូវ​​បាន​គ្របដណ្តប់​ដោយ​ស្មៅពណ៌បៃតងផងដែរ។

លោក ឡុង កុសល អ្នក​នាំពាក្យ​នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ទាំងនេះសុទ្ធ​តែជាផ្នែកមួយ​នៃ​​ការ​​ងារ​​ច្រើន​មុខ​ដែល​បម្រើដល់កិច្ច​ការអភិរក្ស ក៏​ដូច​​ជា​​កែលម្អហេដ្ឋា​រចនាសម្ព័ន្ធ និង​សោភ័ណ​ភាព ក្នុងក្តីសង្ឃឹមរង់ចាំទទួលភ្ញៀវទេសចរត្រឡប់មកវិញនាថ្ងៃអនាគត។

លោក ឡុង កុសល បន្ត​ថា៖ «នៅពេលដែលយើងស្រាកស្រាន្តពីជំងឺកូវីដ សង្ឃឹមថាភ្ញៀវ​ទេសចរ​នឹង​ត្រឡប់មកវិញហ្នឹង។ ម្នាក់ៗខិតខំដើម្បីទាក់ទាញ ខិតខំផ្សព្វផ្សាយក្នុងការជំរុ​ញ​គោល​ដៅទេស​ចរណ៍របស់ប្រទេសគេនី​មួយៗ ប្រទេសកម្ពុជាយើងក៏ដូចគ្នាដែរ។ យើងខំទាំងកម្រិតថ្នាក់ជាតិក៏​យើងបានខិតខំ កម្រិតថ្នាក់តំបន់ក៏យើងបានខិតខំ ថ្នាក់កម្រិតពិភពលោកក៏យើងបានខិតខំ យើងបាន​ជំរុញ​ការងារទាំងអស់ហ្នឹង។»

របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងឆ្នាំ២០២០ កម្ពុជាមានភ្ញៀវទេសចរបរទេស​សរុបចំនួន១ ៣០៦ ១៤៤នាក់ ដែលបានន័យថា ថយចុះ ៨០,២ភាគរយ ប្រៀបធៀបទៅ​នឹង​ចំនួន៦ ៦១០ ៥៩២នាក់ ក្នុងឆ្នាំ២០១៩។ សម្រាប់តែខេត្តសៀមរាបវិញ នៅក្នុងឆ្នាំ២០២០ ស្ថិតិ​ភ្ញៀវចូល​តាម​ព្រលាន​យន្តហោះសៀមរាប​មានតែ២៤០ ៩១៧នាក់ប៉ុណ្ណោះ គឺធ្លាក់ចុះ ៨៥,៥​ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលមានចំនួន១ ៦៦៥ ៣៦៥នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៦៤ ៦១១​​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន៥៦ ១៧៨នាក់ អ្នកស្លាប់សរុប១ ០២៥នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប៥ ៥១៤នាក់។

អាជីវកម្ម​សឹងតែគ្រប់ប្រភេទបានរងការប៉ះទង្គិចយ៉ាងដំណំពីការរាតត្បាតជំងឺកូវីដ-១៩ ដែលបាន​​បង្ក​ឱ្យ​មាន​ការឆ្លងជំងឺ​ដល់មនុស្ស៦៤ ៦១១នាក់ ក្នុងនោះ ១ ០២៥នាក់​បានស្លាប់ គិត​ត្រឹមព្រឹកថ្ងៃ​ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ​។ សណ្ឋាគារ ផ្ទះសំណាក់ជាច្រើនបានបិទទ្វារ មគ្គុទេ្ទសក៍ទេសចរណ៍​រាប់​ពាន់នាក់បាន​​បាត់​បង់ការ​ងារធ្វើ ហើយ​អាជីវករ​​ដែល​នៅ​មាន​មុខរបរ​នៅតែលក់ដូរ​ទាំង​ត្រដាប​ត្រដួស។

អ្នកស្រី​ គឹម សូត រស់នៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប ក្បែររមណីយដ្ឋានអង្គរ និយាយ​ថា ​គាត់​ធ្លាប់មានភាព​កាក់​កបដែរពីការលក់រូបគំនូរប្រាសាទអង្គរវត្ត ចម្លាក់ព្រះពុទ្ធរូប និង​រូប​ចម្លាក់​ប្រាសាទ​នានា។ ប៉ុន្តែអ្នកស្រី​ថា អស់រយៈពេលជិត២ឆ្នាំមកនេះ ចំណូលពីការលក់របស់គាត់​​បាន​ធ្លាក់​ចុះប្រ​មាណ​​ជាង​៩០ភាគរយ ដែលធ្វើឱ្យ​គ្រួសារគាត់ជួបការលំបាកច្រើនក្នុងការចិញ្ចឹមជីវិត។

អ្នកស្រី​ គឹម សូត រស់នៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប ក្បែររមណីយដ្ឋានអង្គរ ជាអាជីវករលក់រូបគំនូរប្រាសាទអង្គរវត្ត ចម្លាក់ព្រះពុទ្ធរូប និង​រូប​ចម្លាក់​ប្រាសាទ​នានា។ (សុខ ចន្ទ្រាវុធ)
អ្នកស្រី​ គឹម សូត រស់នៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប ក្បែររមណីយដ្ឋានអង្គរ ជាអាជីវករលក់រូបគំនូរប្រាសាទអង្គរវត្ត ចម្លាក់ព្រះពុទ្ធរូប និង​រូប​ចម្លាក់​ប្រាសាទ​នានា។ (សុខ ចន្ទ្រាវុធ)

អ្នកស្រីពោលថា៖ «យើងអត់ដឹងយកពាក្យអ្វីមកនិយាយបានទេ។ មួយថ្ងៃគិតមួយថ្ងៃហើយ គិតលែងទៅ​មុខ​ទៀត [ឬ] មានតែផ្លាស់ប្ដូរមុខរបរទៅធ្វើជាងសំណង់ ធ្វើអីហ្នឹងឯង។»

នៅមិនឆ្ងាយពីទីនោះប៉ុន្មាន អ្នកស្រី សូន ស៊ីណាក ដែលលក់ចម្លាក់ល្ខោនខោលធ្វើពីស្បែកគោ បានរំឭកប្រាប់ពីពេល​មុនមានជំងឺកូវីដ-១៩រាតត្បាត គាត់​​ធ្លាប់​​លក់​​បាន​ចំណូល៤០០ទៅ៥០០​ដុល្លារ​ ពេលខ្លះដល់១ ០០០ដុល្លា​រ​ក៏មាន​ក្នុង​មួយថ្ងៃ។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ សឹងតែ​លក់​លែង​ដាច់​សោះ​តែម្តង។

ស្ត្រីវ័យ៣៨ឆ្នាំរូបនេះបន្តថា ​បើសំណាង គាត់​អាចលក់​វត្ថុចម្លាក់មួយឬពីរក្នុង​មួយ​សប្តាហ៍ ទៅឱ្យ​​អ្នកទិញដែលច្រើនជា​ពលរដ្ឋ​ខ្មែរទៅដើរលេងម្តងម្កាល ក្រោយពីលែង​មាន​ការ​ហាម​ប្រាម​លើ​ការ​ធ្វើដំណើរឆ្លងកាត់ខេត្តក្នុង​ប្រទេស។

 អ្នកស្រី សូន ស៊ីណាក ជាអាជីវករលក់ចម្លាក់ល្ខោនខោលធ្វើពីស្បែកគោ នៅតំបន់រមណីយដ្ឋានអង្គរ។ (សុខ ចន្ទ្រាវុធ)
អ្នកស្រី សូន ស៊ីណាក ជាអាជីវករលក់ចម្លាក់ល្ខោនខោលធ្វើពីស្បែកគោ នៅតំបន់រមណីយដ្ឋានអង្គរ។ (សុខ ចន្ទ្រាវុធ)

អ្នកស្រី ស៊ីណាក និយាយថា៖ «រូបប្រភេទដែលលក់អ៊ីចឹង ទាល់តែគាត់ជាអ្នកមានសមត្ថភាព មាន​ផ្ទះស្អាត​អ៊ីចឹងបានគាត់ចង់ [ទិញ] ព្រោះយើងប្រជាពលរដ្ឋធម្មតានៅតាមស្រុកតាមភូមិ គាត់អត់​ងាយ​ទិញទេ។ ទោះបីថាខ្មែរក្នុងស្រុកយើងទិញមែន ប៉ុន្តែបើកូវីដនៅតែផ្ទុះយូរអ៊ីចឹង ​គាត់ដែលងាយ​មក​លេង​សៀមរាប?​ មានតែអ្នកសៀមរាបគ្នាឯង មិនងាយទិញទេ ទាល់តែថាគាត់ធ្វើផ្ទះថ្មីៗ»។

អ្នកស្រី ស៊ីណាក ពោលបន្តថា៖ «បារម្ភខ្លាំងណាស់ បើកូវីដនៅតែបន្តអ៊ីចឹង ១ឆ្នាំ ២ឆ្នាំទៀត! ធ្លាប់​តែ​មានភ្ញៀវច្រើន ដល់ពេលអត់មានអ៊ីចឹង និយាយមិនចេញទេ។»

របាយការណ៍របស់ធនាគារពិភពលោក (World Bank) ដែលចេញផ្សាយនៅ​ពាក់​កណ្តាល​ខែ​មិថុនា ​ឆ្នាំ២០២១​កន្លងទៅ បានឱ្យ​ដឹងថា នៅក្នុងឆ្នាំ២០២០​ សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានគឺ -៣,១ ភាគរយ ប្រៀបធៀបទៅនឹង ៧ភាគរយ ក្នុង​ឆ្នាំ​២០១៩។ របាយការណ៍នោះបានព្យាករទុកថា នៅក្នុង​ឆ្នាំ២០២១នេះ សេដ្ឋកិច្ច​កម្ពុជា​អាច​ងើប​ឡើង​វិញ​ ដោយ​បាន​កំណើន​ខ្ពស់​បំផុត ៤​ភាគរយ។

យោងតាមធនាគារពិភពលោកនេះដែរ វិស័យទេសចរណ៍កម្ពុជា​បាន​រួមចំណែក២១ភាគរយដល់​ផលិត​ផល​សរុបក្នុង​ស្រុក (ផសស) ក្នុង​ឆ្នាំ​២០១៩។ នៅក្នុងនោះ ប្រាសាទអង្គរវត្ត និង​ប្រាសាទ​​នានានៅខេត្តសៀមរាប បាន​ដើរតួនាទីយ៉ាងសំខាន់​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវបរទេស មុន​នឹង​វិបត្តិកូវីដ-១៩​ផ្ទុះឡើង។

ប៉ុន្តែទន្ទឹមនឹងភាពស្ងប់ស្ងាត់ អ្នក​អភិរក្សនិង​កម្មករនៅតែមមាញឹក​ក្នុង​ការងារជួសជុល អភិរក្ស និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធនិង​បរិក្ខារ​នានា​សម្រាប់​សម្រួល​សេវាទេសចរណ៍។

ផ្លូវចូលនិងរត់ជុំវិញ​ប្រាសាទបាគង ប្រវែងជិត២ ៨០០​ម៉ែត្រ ត្រូវ​បាន​អ៊ុតរាបស្មើ អមដោយគំនូស​ចរាចរណ៍​ផង។ ផ្លូវកង់ត្រូវ​បាន​រៀបចំសម្រាប់អ្នក​ទេសចរដែលមានបំណងធ្វើ​ទស្សនាចរណ៍ប្រាសាទ​ជា​លក្ខណៈឯកជន និងទស្សនាព្រៃធម្មជាតិក្នុងពេលតែមួយ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា បច្ចុប្បន្ន អាជ្ញាធរអប្សរា​កំពុង​តែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពទាក់ទាញកាន់តែខ្លាំង ដើម្បីត្រៀមស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ នៅពេលវិបត្តិកូវីដ-១៩ត្រូវបានបញ្ចប់។

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ការពន្លឿនការចាក់វ៉ាក់សាំង​ជូនប្រជា​ពល​រដ្ឋនៅក្នុងខេត្ត ជាវិធានការ​មួយ​ចាំបាច់​សម្រាប់​​ឈានទៅស្តារស្ថានភាពសេដ្ឋកិច្ចនៅ​សៀម​រាបឱ្យ​​ងើប​​ឡើង​វិញ។

លោក​មានប្រសាសន៍ថា៖ «តាមក្រុមជំនាញគេនិយាយ បើឱ្យ​​កូវីដ​បាត់ ប្រហែលវា​មិន​បាត់ទេ! អ៊ីចឹង​យើង​មាន​របៀប​រស់​នៅរបស់​យើង និងចូលរួមចាក់វ៉ាក់សាំង ទេសចរណ៍ក្នុងស្រុក​អាច​ធ្វើ​ធម្មតា​ឡើង​វិញ​បណ្ដើរៗ»។

សម្រាប់ឆ្នាំ២០២១ គិតត្រឹមខែមេសា ភ្ញៀវបរទេសមកដល់ប្រទេសកម្ពុជាមានចំនួន៨២ ៨៣៩នាក់ គឺធ្លាក់ចុះ៩៣ភាគរយ បើប្រៀបនឹងឆ្នាំ​២០២០។

លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ យល់ឃើញថា ដំណើរការវិស័យ​ទេសចរណ៍អាចល្អប្រសើរឡើងវិញ នៅពេលដែល៧០​ទៅ៨០ភាគរយ​នៃប្រជាជនទូទាំង​​ប្រទេស​បាន​​ចាក់​វ៉ាក់សាំង​ការ​ពារ​រួច។ លោកស្រីមានប្រសាសន៍ថា នៅពេលនោះ ប្រជាពលរដ្ឋអាច​នឹង​ចាប់​ផ្ដើម​ដើរ​លេង​កម្សាន្ត ដែលជាផ្នែកមួយជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

ចំពោះភ្ញៀវទេសចរបរទេសវិញ លោកស្រី ឆាយ សៀវលីន មានប្រសាសន៍ថា៖ «ជារួម យើងមិនរំពឹង​ថា [នឹងមាន] ភ្ញៀវច្រើនទេ ព្រោះអីការចាក់វ៉ាក់សាំងនៅបណ្ដាប្រទេសអាស៊ីហ្នឹង ក៏គាត់ចាក់មានកម្រិត​ដែរ គាត់ចាក់យឺតជាងយើង។ អ៊ីចឹងខ្ញុំគិតថា ពួកគាត់នឹងបន្តិចម្ដងៗចូលមកកម្ពុជា។ តាមរយៈបន្តិច​ម្ដង​ហ្នឹងឯងដែលធ្វើឱ្យយើងត្រៀមខ្លួនរួចរាល់នៅពេលណាការស្ដារឡើងវិញមានទំហំធំ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ