រដ្ឋា​ភិបាល​គ្រោង​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ដល់​កុមារ​ក្រោម​អា​យុ​១៨​ឆ្នាំ

គ្រូពេទ្យម្នាក់លើកស៊ីរាំងបូមវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ត្រៀមចាក់ជូនដល់បុគ្គលដែលមកទទួលការចាក់ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាលគ្រោងចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់​កុមារចាប់ពីអាយុ១២ឆ្នាំ ដល់​១៧ឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បង្កើតភាពស៊ាំក្នុងសង្គម និង​ជាការគិតគូរមួយ​សម្រាប់​​ការ​បើកសាលារៀនឡើងវិញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារពិសេស​នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលបាន​រៀប​ចំ​ផែនការ​សម្រាប់​ចាក់វ៉ាក់សាំងដល់​កុមារនិងយុវជន​ដែលក្រោមអាយុ១៨ឆ្នាំ បន្ទាប់​ពី​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​សម្រាប់​​អ្ន​ក​ដែល​មាន​អាយុចាប់​ពី១៨ឆ្នាំឡើងទៅ បានប្រមាណ៥លាន​​៤សែននាក់រួច​ហើយ។ លោក​បន្តថា ការចាក់វ៉ាក់សាំងជូនកុមារ​អាយុចាប់​ពី១២ឆ្នាំ ទៅ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការ​បើកដំណើរការសង្គមឡើងវិញ ជាពិសេស​ការបើកដំណើរការ​​​សាលារៀនឡើងវិញ​ ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ។

លោកបានបញ្ជាក់ពីមូលហេតុថា៖ «ដោយមានការគិតគូរយ៉ាងម៉ត់ចត់ទៅលើបរិយាកាសភាពស៊ាំ​ក្នុង​សង្គម និង​គិតគូរទៅដល់អនាគតរបស់កុមារនិងយុវជន ជាពិសេសផ្តោតការយកចិត្តទុកដាក់ទៅលើសុខុមាលភាព​ ពាក់ព័ន្ធការបើក​ឡើងវិញនូវសាលារៀនដែល​ជាការបាត់បង់ដ៏ធំធេងរបស់ពិភពលោក ក៏ដូចជាកម្ពុជា ក្នុងការបណ្តុះប​ណ្តាលធន​ធាន​មនុស្ស ដែល​សាលា​ត្រូវ​បាន​បិទ​ក្នុងរយៈពេលយូរ។ ដូច្នេះ ពិតប្រាកដណាស់ យើងមានតម្រូវ​ការ​ចាក់​វ៉ាក់​សាំងសម្រាប់​កុមារនិងយុវវ័យ​ចាប់​ពី​អាយុ១២ឆ្នាំ ដល់១៧ឆ្នាំ»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តទៀតថា តាមរយៈការពិភាក្សាជាមួយមន្ត្រីពាក់ព័ន្ធ រដ្ឋាភិបាលត្រូវការវ៉ាក់សាំងចំនួន៤លានដូស ឬជាង៤លានដូស ដើម្បីចាក់ជូនកុមារនិងយុវវ័យដែលមានអាយុចាប់​ពី១២ឆ្នាំ ទៅ១៧ឆ្នាំ ចំនួនប្រមាណ១លាន៩សែននាក់។

តែយ៉ាងណា លោក​មិនទាន់បញ្ជាក់ថាតើរដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងជូនកុមារអាយុ​ក្រោម១៨ឆ្នាំនៅពេលណានោះទេ។

ប៉ុន្តែលោកថា រដ្ឋាភិបាលកំពុងពិចារណាលើជម្រើសចំនួន​២ ទី១ គឺចាក់វ៉ាក់សាំងជូនមនុស្ស​ពេញ​វ័យ​ចាប់ពីអាយុ​១៨ឆ្នាំឡើងទៅ ក្នុងចំនួន​១០លាន​នាក់​ឱ្យ​រួចរាល់សិន ទើប​ចាប់​ផ្តើម​អនុវត្ត​​ការ​ចាក់​វ៉ាក់​សាំង​សម្រាប់កុមារ និងទី២ អាចធ្វើដំណាល​​​គ្នា​​នឹង​ការ​ចាក់​វ៉ាក់​សាំង​លើ​មនុស្ស​​ពេញ​វ័យ​​​ដែល​​នៅសល់ជា​ង៤លាននាក់នេះ ដោយចាប់​ផ្តើមពីរាជធានីភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្តព្រះសីហនុ រួចបន្តទៅបណ្តាខេត្ត​ផ្សេងៗ​​ទៀតដូច​ដែល​បាន​ធ្វើ​នា​ពេល​កន្លង​មក។​ ​

ស្របពេលគ្នានេះដែរ លោក​ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ​ដែល​ជា​មាតាបិតានិង​អាណាព្យាបាលត្រៀមខ្លួនដើម្បី​​នាំកូនៗ​របស់ខ្លួន ទៅចាក់វ៉ាក់សាំង នៅពេលយុទ្ធនាការ​ចាក់​វ៉ាក់​សាំង​​ដល់​​កុមារ​និងយុវវ័យ​​មក​ដល់​​ ដើម្បីការពារ​​ការ​វាយ​ប្រហារ​ពី​ជំងឺ​កូវីដ-១៩៕


អត្ថបទទាក់ទង

វិទ្យាល័យទួលស្វាយព្រៃ នៅសង្កាត់បឹងកេងកង រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

សិស្ស​និស្សិត​ខ្លះ​ប្រឈម​បោះបង់​ចោល​ការ​សិក្សា​ ខណៈ​ជំងឺ​កូវីដ-១៩​នៅ​តែ​បន្ត​អូស​បន្លាយ​

សិស្សានុសិស្សមួយចំនួនកំពុងសិក្សារៀនសូត្រនៅក្នុងថ្នាក់រៀននៃសាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​ប្រមូល​កុមារ​ឱ្យ​បាន​ចូល​រៀន​គ្រប់ៗ​គ្នា​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ