មេធាវី​អតីត​បក្ស​ប្រឆាំង​​​ ត្អូញ​ត្អែរ​​ពី​​ភាព​​យឺត​​យ៉ាវ​​ផ្តល់​​សិទ្ធិ​​ធ្វើ​​នយោ​បាយ​​ឱ្យ​លោក​ឡើង​វិញ

លោក​មេធាវី ជូង ជូ​ងី ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត ក្រោយ​បញ្ចប់​សវនាការ​នៅ​តុលាការ​កំពូល ពាក់ព័ន្ធ​ករណី​លោក រ៉ុង ឈុន នៅ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

មេធាវីការពារក្តីឱ្យអតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីបក្សនេះមួយចំនួន ​គឺ​លោក ជូង ជូងី ជំរុញ​ឱ្យក្រសួងម​ហាផ្ទៃពន្លឿននីតិវិធីផ្តល់សិទ្ធិធ្វើនយោបា​យឱ្យលោកឡើងវិញ ខណៈលោក​បានដាក់​លិខិត​ស្នើសុំ​ជាង​២០ថ្ងៃមក​ហើយ តែក្រសួងមិនបានផ្តល់ចម្លើយ។

លោក ជូង ជូងី ឱ្យដឹងនៅថ្ងៃសុក្រនេះថា លោក​បាន​ដាក់​លិខិត​ស្នើ​សុំ​នីតិសម្បទាធ្វើនយោបាយ​ឡើងវិញទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ ប៉ុន្តែ​គិតត្រឹមថ្ងៃសុក្រនេះ ក្រសួង​នៅ​មិនទាន់​ឆ្លើយ​តបនៅឡើយ​។ ករណីនេះ ​លោកជំរុញឱ្យ​ក្រសួង​ពន្លឿន​នីតិវិធីនេះ ដើម្បីឱ្យ​រូប​លោកអាច​បំពេញ​ការ​ងារ​ជា​មេធាវី និង​ចូលរួមក្នុងជីវភាព​នយោបាយ​ដោយ​គ្មាន​ការ​គំរា​មកំហែង។

លោកថា៖ «យើងដឹងហើយតាំងពីឆ្នាំ២០១៨ម៉េស ខ្ញុំបញ្ចេញយោបល់ឬបង្ហាញអត្ថន័យច្បាប់ថា ការដែលមិន​ទៅបោះឆ្នោត​មិន​មាន​ទោស​ ចង់​មាន​ការ​ចោទ​ប្រកាន់​ថា ខ្ញុំហ្នឹង​ធ្វើស​កម្មភាព​នយោបាយ! អ៊ី​ចឹង​ដើម្បីឱ្យ​ខ្ញុំ​ហ្នឹងស្រួលក្នុងការការពារសកម្មជននយោបាយ ការពារសកម្មជនបរិស្ថាន ការពារសកម្មជន​​សិទ្ធិមនុស្ស​អីឱ្យស្រួល កុំឱ្យមានការចោទប្រកាន់ថា ខ្ញុំធ្វើសកម្មភាពនយោបាយ ខ្ញុំសុំសិទ្ធិធ្វើនយោ​បា​យតែម្តងទៅ»។

តាមលិខិតរបស់​លោក ជូង ជូងី ផ្ញើទៅក្រសួងមហាផ្ទៃ​ បានលើកឡើងថា លោកជា​អតីត​សមាជិកគណៈកម្មាធិការនាយក​គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងបញ្ជីឈ្មោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ​ ដែលត្រូវបាន​តុលា​ការកំពូលសម្រេចហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ៥ឆ្នាំ។

លិខិតនោះបញ្ជាក់ថា ការស្នើសុំនីតិសម្បទាធ្វើនយោបាយ​ឡើងវិញ​នេះ យោង​តាម​ព្រះរាជ​ក្រមចុះ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ២០១៩ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្ម មាត្រា៤៥ (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ​ សុភ័គ មានប្រសាសន៍ថា ​លោក ជូង ជូងី មិន​ទាន់​មាន​លក្ខណៈ​​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ផ្តល់​នីតិសម្បទា​ឱ្យធ្វើនយោបាយឡើងវិញទេ ដោយសារ​គាត់​ជាប់​បណ្តឹង​មួយនៅតុលាការដែលប្តឹងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​(គ.ជ.ប) ពីបទ «ញុះញង់​មិន​ឱ្យ​ពលរដ្ឋ​​ទៅ​បោះឆ្នោត​អំឡុង​ឆ្នាំ​២០១៨»

លោកថា៖ «សំណុំ​រឿង​ហ្នឹងកំពុងស្ថិតនៅដំណើរការក្នុងនីតិវិធីរបស់តុលាការ។ ដូច្នេះ ខ្លួន​គាត់ ​[ជូង ជូងី] មិន​ទាន់​ស្អាត​ស្អំ​ទទួល​បាន​ងារ​ ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញទេ»។

យ៉ាងណា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា ការ​បដិសេធផ្តល់​នីតិសម្បទា​ន​យោបាយឡើងវិញ​​ដល់​លោក​ ជូង ជូងី ពីសំណាក់ក្រសួងមហាផ្ទៃ​នេះ អាចមកពី​លោក​ ជូង ជូងី មិនមែនជាតួអង្គដែល​ផ្តល់​ផល​ចំណេញ​ផ្នែកនយោបាយដល់គណបក្សកាន់អំណាច។

លោកបន្ត​ថា៖ «ទី២ គាត់[ជូង ជូងី] គេហៅថា ធ្លាប់ការពារសកម្មជនបក្សប្រឆាំងទាំងអស់ ទាំងអ្នកនយោបាយ អ៊ីចឹងទៅវាជានិមិត្តរូបមួយ​ហើយដែលប្រឆាំង​នឹងបក្សកាន់អំណាច។ អ៊ីចឹង ទស្សនៈ​ហ្នឹង​ហើយ​ធ្វើ​ឱ្យគាត់​មិន​សូវទទួលការ​​ស្វាគមន៍ឱ្យ​បាន​ដិតដល់ទេ»

លោក ជូង ជូងី ត្រូវបានហាមធ្វើសកម្មភាពនយោបាយជាមួយអតីតមន្ត្រីបក្សប្រឆាំងចំនួន១១៨រូប​ផ្សេងទៀត​រយៈ​ពេល៥ឆ្នាំ ចាប់ពីថ្ងៃដែលតុលាការកំពូល​ចេញ​សាលដីកា​រំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧។ ប៉ុន្តែមួយរយៈចុងក្រោយនេះ អ្នកជាប់បម្រាមជាង​២០​នាក់បាន​ដាក់លិខិត​សុំសិទ្ធិ​ធ្វើនយោបាយឡើងវិញ និងខ្លះទៀតបានបង្កើតគណបក្សថ្មី​សម្រាប់​ត្រៀម​ប្រកួតប្រជែង​ការបោះ​ឆ្នោត​នាពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ