ក្រសួង​កសិកម្ម​ហាម​ប្រើ​ប្រាស់​សារធាតុ​គ្រោះ​ថ្នាក់​ដល់​​សុខភាព​និង​ផលិត​កម្ម​សត្វ​

រូបឯកសារ៖ កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង

ក្រសួងកសិកម្ម ហាមប្រើប្រាស់សារធាតុគ្រោះថ្នាក់មួយចំនួនដែលប៉ះពាល់​ដល់​សុខភាពនិងផលិតកម្មសត្វ ក្រោយពីក្រសួង​រកឃើញថា សារធាតុគ្រោះថ្នាក់ទាំងនោះកំពុងចរាចរនៅតាមទីផ្សារ និងប្រើប្រាស់​ដោយ​ខុសច្បាប់នៅតាមកសិដ្ឋានចិញ្ចឹមសត្វ។

ក្នុង​សេចក្តីណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ​ចុះថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ២០២១​ ​ឱ្យ​ដឹង​​ថា ថ្មីៗនេះ សមត្ថកិច្ចជំនាញ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះធ្វើអធិការកិច្ចនៅតាមទីតាំង​កសិដ្ឋាន​ចិញ្ចឹមសត្វ រោងចក្រឬកន្លែងផលិតចំណីសត្វ ក្រុមហ៊ុនពាណិជ្ជកម្ម និងដេប៉ូលក់ចំណីសត្វនៅ​តាម​បណ្តា​រាជធានី-ខេត្ត។

ក្រសួង​បន្តថា ការចុះធ្វើអធិការកិច្ច​នោះ មន្ត្រី​ជំនាញ​បាន​​​រក​ឃើញ​ថា មាន​ទីតាំងអាជីវកម្ម​មួយ​​ចំនួន​បាន​ធ្វើទាំងបំពាន​ច្បាប់ ដោយ​បាន​ប្រើប្រាស់សារធាតុហាមឃាត់ សារធាតុគ្រោះថ្នាក់ សារធាតុជំរុញឱ្យសត្វលូតលាស់ខុសប្រក្រតី និង​ប្រើប្រាស់អង់ទីប៊ីយូទិកលើសការកំណត់ ដែល​អាចបង្កគ្រោះថ្នាក់ដល់សុខភាពនិងអាយុជីវិតមនុស្សសត្វ។

ក្រសួងបញ្ជាក់ថា សារធាតុ អង់ទីប៊ីយូទិក ដែលហាមឃាត់នោះមានដូចជា Chloramphenicol, Clenbuterol, Fluoroquinolones, Glycopeptides, Vancomycin, Nitromidazoles, Dimetridaszole, Ipronidazole, Meteronidazole, និងអង់ទីប៊ីយូទិកហាមឃាត់ដទៃទៀតដែលមានចែង​ក្នុង Codex Alimentarius សម្រាប់ចំណីសត្វ។

ករណីនេះ ក្រសួងកសិកម្ម បានណែនាំដល់កសិដ្ឋានចិញ្ចឹម​សត្វ អ្នកចិញ្ចឹមសត្វ រោងចក្រ ឬកន្លែងផលិតចំណីសត្វ ក្រុមហ៊ុនពាណិជ្ជកម្ម និងដេប៉ូលក់ចំណីសត្វ រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត ឈប់ប្រើប្រាស់សារធាតុទាំងនេះ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ដល់ជីវិតសត្វនិងមនុស្ស។

ក្រសួងបាន​ស្នើដល់ម្ចាស់កសិដ្ឋានត្រូវប្រើប្រាស់សា​រធាតុគីមីនិងថ្នាំសម្លាប់មេរោគដែលត្រូវបានអនុ​ញ្ញាត​​ដោយ​ច្បាប់ ខណៈដែលចំណីសត្វ វត្ថុធាតុដើម សារធាតុបន្ថែម​ផ្សំ​ចំណី​សត្វ និងបសុឱសថ ត្រូវចុះបញ្ជី​មុនធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា រួមទាំងអនុវត្តនូវវិធានការផ្សេងៗទៀត។ ក្រសួងក៏​បានព្រមានចាត់​វិធានការច្បាប់ចំពោះអ្នកពាក់ព័ន្ធណាដែលមិនគោរពតាមសេចក្តីណែនាំនេះផងដែរ។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីប្រតិភូរាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក​ដ្ឋាន​សុខភាពសត្វ និងផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម លោក តាន់ ផាន់ណារ៉ា បានទេ នៅថ្ងៃសុក្រនេះ។

ប្រធាន​សមាគមចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានសាទរចំពោះសេចក្តីណែនាំរបស់ក្រសួងកសិកម្មនេះ។ លោកថា សារធាតុដែលក្រសួងហាមប្រើប្រាស់ ជាសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

លោក ស្រ៊ុន ពៅ បន្តថា ប្រសិនបើគ្រប់ភាគីពាក់ព័ន្ធអនុវត្តបាននូវសេចក្តីណែនាំរបស់ក្រសួងនេះ វាជាគុណ​តម្លៃរបស់អ្នកផលិតឬចិញ្ចឹមសត្វ និងមិនប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋថែមទៀត។

ប្រធាន​សមាគមរូបនេះ អះអាងថា រូបលោកក៏​បានណែនាំបន្ត​ទៅដល់​សមាជិករួចហើយ​ពីផលប៉ះពាល់ និងមិនឱ្យប្រើសារធាតុគ្រោះថ្នាក់ទាំងនោះទៅតាមសេចក្តីណែនាំរបស់ក្រសួងកសិកម្មផងដែរ។

លោកបន្ថែមថា៖ «សារធាតុហាមឃាត់នេះជាសារធាតុគីមី ប្រសិន​ណាជាយើងចៀសវាង​បាន វាជាការល្អសម្រាប់​កសិដ្ឋានឬក្រុមហ៊ុនចិញ្ចឹម​សត្វ និងប្រជាពលរដ្ឋនៅក្នុងប្រទេសរបស់យើង។ សេចក្តីណែនាំនេះបានធ្លាក់មកដល់សមាគមហើយ ហើយខ្ញុំក៏ប្រជុំមួយចំនួនហើយដែរ ដើម្បីណែនាំដល់កសិដ្ឋានឬក្រុមហ៊ុន​ចិញ្ចឹមសត្វ គឺសុំចៀសវាងការប្រើប្រាស់អ្វីដែលរដ្ឋហាមឃាត់នេះ។ បើយើងនៅតែធ្វើ គេនឹងចុះចាត់វិធានការតាមហ្នឹងហើយ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ