ប្រធានអង្គការមួយស្លាប់ដោយសារបញ្ហាសួតធ្ងន់ធ្ងរ ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩

លោក យន់ សំបូរ ប្រធាន​អង្គការព័ន្ធកិច្ចអប់រំកុមារកម្ពុជា (ហ្វេសប៊ុកលោក យន់ សំបូរ)

ប្រធាន​អង្គការ​ព័ន្ធកិច្ចអប់រំ​កុមារ​កម្ពុជា​ម្នាក់ ស្ថិត​នៅក្រុង​សៀមរាប​ ខេត្តសៀមរាប បាន​ស្លាប់ដោយ​សារ​បញ្ហាសួត​ធ្ងន់ធ្ងរ បើទោះបី​ជា​លោក​បាន​ទទួល​ការព្យាបាល​ជំងឺកូវីដ-១៩​ ជាសះស្បើយ​ហើយក្តី។

យោងតាម​លិខិត​របស់​មន្ទីរពេទ្យ​បង្អែកខេត្តសៀមរាប ចេញកាលពីថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២១ បាន​បញ្ជាក់​ថា ប្រធាន​អង្គការព័ន្ធកិច្ចអប់រំកុមារកម្ពុជា លោក យន់ សំបូរ  អាយុ ៤២​ឆ្នាំ រស់​នៅ​ស្ថិត​ភូមិ​ស្រង៉ែ ឃុំស្រង៉ែ ក្រុងសៀមរាប បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ ប៉ុន្តែ​លោក​ត្រូវបន្ត​ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅផ្ទះបន្ថែមទៀត​​។ ប៉ុន្តែ​កំឡុង​ពេល​​ធ្វើ​ចត្តា​ឡី​ស័ក​នោះ លោក​​ក៏​មានបញ្ហា​សុខភាពធ្ងន់ធ្ងរ ដោយ​មានអាការៈស្លេកស្លាំងនិងក្អកនោះ​ ​ភរិយា​របស់​​លោក ​ក៏បានបញ្ជូនលោក​ទៅកាន់មន្ទីរពេទ្យ​វិញ។

លិខិតដដែលបន្តថា ក្រោយពីសម្រាកនៅមន្ទីរពេទ្យបានរយៈពេល ១៣​ថ្ងៃនោះ ពោលគឺ​នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោកបានទទួលមរណភាព​ដោយក្រុមគ្រូពេទ្យ​អះអាងថា មានបញ្ហាសួត​ធ្ងន់ធ្ងរ។

លោក យន់ សំបូរ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។ បន្ទាប់ពីទទួលបានការព្យាបាល គ្រូពេទ្យអះអាងថា លោកបានជាសះស្បើយពីជំងឺនេះ​ហើយ និងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក នៅថ្ងៃទី៣០ ខែមិថុនា ក្រោយពីធ្វើតេស្តអវិជ្ជមាន។

អ្នកស្រី វ៉ាត សុផាត ដែលត្រូវជាភរិយា លោក យន់ សំបូរ  បានបង្ហាញ​ការមិនអស់ចិត្តនៅពេលដែលគ្រូពេទ្យអះអាងថា ស្វាមីរបស់គាត់ជាពីជំងឺកូវីដ-១៩ ប៉ុន្តែបែរជានៅបន្តព្យាបាលម្ដងទៀត។ អ្នកស្រីថ្លែងថា ក្រុមគ្រូពេទ្យបានយកស្វាមីរបស់អ្នកស្រីទៅដាក់ព្យាបាលនៅកន្លែងសម្រាក​​អ្នកជំងឺកូវីដ-១៩ ដដែលវិញ។

អ្នកស្រីនិយាយ​ថា៖ «ប្ដីខ្ញុំឆាតមកប្រាប់ខ្ញុំថា អត់ទាន់ស្រួលខ្លួនទេ ប៉ុន្តែពេទ្យឱ្យមកផ្ទះ ខ្ញុំក៏មានអារម្មណ៍អត់សប្បាយចិត្ត ខ្ញុំថា បងអត់និយាយជាមួយពេទ្យថា ខ្ញុំក្អក។ គាត់ថា គាត់បានប្រាប់ពេទ្យហើយ ប៉ុន្តែគេថា គាត់ជាកូវីដហើយឱ្យទៅផ្ទះ។ ខ្ញុំសួរប្ដីស្រួលខ្លួនអត់ ហើយគាត់ថា ចុកដៃ ចុកជើង អត់ស្រួលខ្លួនទេ ដល់អ៊ីចឹងខ្ញុំមិនដឹងម៉េច ហើយខ្ញុំប្រាប់ពេទ្យថាគេពេទ្យគេចេះដឹង ខ្ញុំខំប្រកែកជាមួយប្ដី ខ្ញុំឱ្យប្ដីមកផ្ទះ។ ដល់ស្អែកឡើងថ្ងៃទី១ ខែកក្កដា ស្ថានភាពប្តីខ្ញុំ​យ៉ាប់ ក៏នាំទៅពេទ្យវិញ»

អ្នកស្រីបន្ថែមថា៖ «គាត់មកដល់ផ្ទះ គាត់យ៉ាប់ហ្មង គាត់ដើរអត់ចង់រួចទេ ពេលខ្ញុំយកទៅពេទ្យវិញគេមិនចង់ទទួលទេ ​ប៉ុន្តែបានគេដាក់ក្នុងក្រដាសថា បើមានបញ្ហាអីមកពេទ្យខេត្តវិញ ក្នុងពេលធ្វើចត្តាឡីស័ក១៤ ថ្ងៃហ្នឹង ​ពេលខ្ញុំទៅហើយ ម៉េចក៏យើងជាកូវីដហើយ គេយកយើងទៅដាក់នៅកន្លែងកូវីដវិញ ខ្ញុំឆ្ងល់អ៊ីចឹង»។​

អ្នកស្រី វ៉ាត សុផាត យល់ថា ស្វាមីអ្នកស្រីស្លាប់អាចបណ្ដាលមកពីភាពខ្វះចន្លោះរបស់ក្រុមគ្រូពេទ្យ។ អ្នកស្រីស្នើទៅក្រុមគ្រូពេទ្យបង្កើនការយកចិត្តទុកដាក់ពិនិត្យលើអ្នកជំងឺបន្ថែមទៀត ដើម្បីកុំឱ្យមានករណីនេះ កើតឡើងទៅអ្នកដទៃទៀត។

អ្នកស្រីថា៖ «​ខ្ញុំចង់ប្រាប់លោកគ្រូពេទ្យថា បើសិនជាគាត់ជាគ្រូពេទ្យហើយដាក់ទំនុកចិត្តខ្ពស់បន្តិចទៅ តែអ្នកឈឺត្រូវការរកគ្រូពេទ្យហើយ»

ទាក់ទងករណីនេះ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ប៉ែន ផល្គុន ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា  ការស្លាប់របស់ លោក យន់ សំបូរ គឺដោយសារលោកមានជំងឺសួតធ្ងន់​ធ្ងរ​ពីមុន​មក។

ប៉ុន្តែនៅពេលសួរថា បើតាមភរិយាអ្នកជំងឺ អះអាងថា គ្រួសារគាត់មានសុខភាពមិន​ទាន់ធូរស្រាល​នៅឡើយពីជំងឺកូវីដ-១៩ ដោយ​សារគាត់មានអាការៈចេះតែក្អកនៅឡើយ ហេតុអ្វីគ្រូពេទ្យអនុញ្ញាតឱ្យគាត់ចេញពីមន្ទីរពេទ្យបែបនេះ? លោកវេជ្ជបណ្ឌិត ប៉ែន ផល្គុន សុំមិនធ្វើអត្ថាធិប្បាយឡើយ។

លោកនិយាយ​ថា៖ «គាត់តេស្តម្តងទៀតក៏អវិជ្ជមានដែរ  គាត់ស្លាប់ ដោយសារ​ជំងឺ​សួត​ផ្សេងទៀត គាត់​មានជំងឺសួតពីមុនមកទេ ប៉ុណ្ណឹងចុះខ្ញុំជាប់បើកឡាន»

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានជំរុញឱ្យក្រុមពេទ្យធ្វើការពិនិត្យ និងបង្កើនការយកចិត្តទុកបន្ថែមទៀត ចំពោះស្ថានភាពអ្នកជំងឺ បើទោះពីជាពួកគាត់បានជាសះស្បើយពីជំងឺកូវីដ-១៩ក៏ដោយ។ ប្រសិនបើសុខភាពអ្នកជំងឺនៅមិនទាន់ធូរស្រាលនោះទេ លោកថា គ្រូពេទ្យគួរអនុញ្ញាតឱ្យគាត់សម្រាកព្យាបាលបន្ត។

លោកថា៖ «ការព្យាបាលជំងឺកូវីដជារឿងមួយដោយឡែក ប៉ុន្តែនៅពេលគាត់មានអាការៈធ្ងន់ធ្ងរដោយសារ ការវាយលុកដោយជំងឺកូវីដ អាហ្នឹងគួរតែមើលជំងឺផ្សេងទៀត មុននឹងឱ្យគាត់ចាកចេញ ដើម្បីឱ្យគាត់ចេញធានាថា គាត់មានសុវត្ថិភាព អីចឹងការមើលជំងឺគាត់ផ្សងៗ អាចបញ្ជូនទៅពេទ្យធម្មតា ឬ​មានទីកន្លែងដាក់នៅដោយឡែក ដើម្បីព្យាបាលឱ្យគាត់។ គាត់ជាពីកូវីដ ប៉ុន្តែកូវីដហ្នឹងវាយលុកប៉ះពាល់សួតធ្ងន់ធ្ងរអ៊ីចឹងទៅ ហើយមិនទាន់ជាផង ទៅផ្ទះទៀត គឺអាចមានបញ្ហា»

លោក យន់ សំបូរ គឺជាស្ថាបនិកមួយរូបនៃអង្គការព័ន្ឋកិច្ចអប់រំកុមារកម្ពុជា នៅខេត្តសៀមរាប ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១១ រហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្នអង្គការនេះ បាននឹងកំពុងបណ្ដុះបណ្ដាលកុមារផ្នែកភាសាអង់គ្លេស ក្នុងនោះ កុមារ ១៥​ភាគរយ ត្រូវអនុញ្ញាតឱ្យសិក្សាដោយគិតថ្លៃពីអង្គការនេះ ខណៈកុមារដែលមានគ្រួសារជីវភាពធូធារត្រូវបង់ថ្លៃ ៥​ភាគរយក្នុងមួយខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ