កម្ពុជារកឃើញកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ (Delta) លើអ្នកដំណើរជិត៤០នាក់ ដែលចូលមកម្ពុជា

បុគ្គលិកសុខាភិបាលយកសំណាកពលរដ្ឋដើម្បីតេស្តកូវីដ-១៩ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ (ស្រី សុភ័ក្រ្ត)

ក្រសួង​សុខាភិបាល ប្រកាសរក​ឃើញ​អ្នក​ដំណើរ​ចំនួន​ ៣៧ នាក់​ ដែលបាន​ត្រឡប់ពី​ប្រទេសថៃ​ចូលមក​កម្ពុជា វិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មី​ប្រភេទ B.1.617.2 (Delta) ដែល​មាន​ប្រភព​ពីប្រទេស​ឥណ្ឌា។

ក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញផ្សាយ​នៅថ្ងៃទី១៦ ​ខែកក្កដា ​ឆ្នាំ២០២១ ឱ្យដឹងថា អ្នកដំណើរចំនួន ៣៧ នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) បានមកដល់កម្ពុជានៅថ្ងៃទី០៧ ដល់១៤ ខែកក្កដា ឆ្នាំ២០២១។ ក្រសួងបញ្ជាក់ថា អ្នកដំណើរទាំង ៣៧ នាក់ ក្នុងនោះ មានស្រ្តី ២២នាក់  ដែលពួកគេបានវិលត្រឡប់មកពីប្រទេសថៃវិញ តាមច្រកព្រំដែនកម្ពុជាចំនួន៣៤នាក់ និងអ្នកដំណើរបរទេសតាមយន្តហោះចំនួន៣នាក់។

បើតាមក្រសួងសុខាភិបាលឱ្យដឹងថា ចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ប្រភេទដែលតា (Delta) ដែលមានប្រភពចេញពីប្រទេសឥណ្ឌា សរុប ៧៥នាក់ ក្នុងនោះ ស្រ្តី ៤០នាក់ ដែលជាករណីនាំចូលពីក្រៅប្រទេស។

ក្រោយពីរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទដែលតា ជាបន្តបន្ទាប់កាលពីដើមខែកក្កដា ឆ្នាំ២០២១។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញវិធានការថ្មីទៀត ដើម្បីទប់ស្កាត់រលកចម្លងជំងឺកូវីដ-១៩ បំប្លែងថ្មី (Delta) ដោយបង្ហាញការព្រួយបារម្ភថា មេរោគបំប្លែងថ្មីនេះអាចនឹ​ង​ប​ង្កសោកនាដកម្មដល់កម្ពុជា បើមិនអាចទប់ស្កាត់បាន។

ការដាក់ចេញវិធានការថ្មីនេះ ធ្វើឡើងស្របពេលដែលរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុន​ហេង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១  បានចេញសេចក្តីជូនដំណឹងថា ជំងឺកូវីដ-១៩​ ឈ្មោះ «ដែលតា (Delta)» ជាវីរុ​សបំប្លែងខ្លួនថ្មី មានភាព​សាហាវ​ជាង​វីរុសបំប្លែងខ្លួនមុនៗចំ​នួនដល់ទៅ១៥ដង។ បច្ចុប្បន្ននេះ វីរុសកូវីដ-១៩ បំប្លែងថ្មីដែលតា បាននឹងកំពុងវាយលុកនិងបង្កសោកនាដកម្មនៅប្រទេសឥណ្ឌា និងបណ្ដាលប្រទេសផ្សេងៗទៀតនៅលើពិភពលោក។

ក្រសួងសុខាភិបាលបានជូនដំណឹងថា ខ្លួនបានរកឃើញជំងឺកូវីដ-១៩ បំប្លែងថ្មី (Delta) ២២ករណី គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០​២១ លើពលករវិលត្រឡប់ពីប្រទេសថៃ ស្របពេល​មេរោគនេះ ធ្លាប់វាយលុកនិងបង្កសោកនាដកម្មនៅប្រទេសឥណ្ឌាម្តងរួចមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ