សហរដ្ឋអាមេរិកប្រគល់រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» មួយទៀតឱ្យមកកម្ពុជាវិញ

សហរដ្ឋអាមេរិកសម្រេចប្រគល់បដិមាព្រះស្កន្ទគង់លើក្កោកមកឱ្យកម្ពុជាវិញកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក សម្រេច​បញ្ជូន​វត្ថុបុរាណ «រូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក» ដែល​រឹបអូបពី​ការកាន់កាប់​ខុសច្បាប់​នៅទីក្រុង​ញូយ៉ក ប្រគល់​មកកម្ពុជា ដែលជា​ប្រទេសម្ចាស់​ដើម​វិញ។

បើតាម​សេចក្ដីជូនព័ត៌មាន​ចេញដោយ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​ក្នុងថ្ងៃទី១៦​ ខែកក្កដានេះ ឱ្យដឹងថា វត្ថុបុរាណដ៏ល្អរបស់ខ្មែរ​មួយទៀតនេះ បានរឹបអូសយកមកវិញ​ដោយការិយាល័យ​ស៊ើបអង្កេត​សន្តិសុខជាតិ​អាមេរិក​ សហការ​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំសង្កាត់​ខាងត្បូង​ទីក្រុងញូវយ៉ក​ ហើយនឹង​ត្រូវបញ្ជូមមកដល់​កម្ពុជា​វិញឆាប់ៗ​ខាងមុន។ ប៉ុន្ដែមិន​ទាន់​បញ្ជាក់​ថ្ងៃមកដល់​ច្បាស់លាស់​នៅឡើយទេ។

ក្នុង​សេចក្ដីជូនព័ត៌មាន​ថា រូបចម្លាក់ «ព្រះស្កន្ទគង់លើក្ងោក» នេះត្រូវបានយកចេញពីប្រាសាទ​ក្រចាប់ ជាប្រាសាទមួយក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ខេត្តព្រះវិហារ អតីត​រាជធានី​នៃអាណាចក្រខ្មែរ​នាសតវត្សទី១០ នៃគ.ស. ដែលធ្លាប់តំបន់​អសន្តិសុខ​ និងជាគោលដៅ​នៃការលួច​ទ្រង់ទ្រាយធំ​អស់​ជាច្រើន​ឆ្នាំ អំឡុង​ពេល​សង្រា្គម។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែង​ក្នុងសេចក្ដីជូនដំណឹង​ថា៖ «ការវិលត្រឡប់នៃរូបចម្លាក់នេះ បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរក និងនាំយកមកវិញនូវព្រលឹងរបស់បុព្វបុរសយើង ដែលបានចាកចេញពីមាតុភូមិអស់រយៈជាច្រើនឆ្នាំកន្លងមក ក្នុងអំឡុងពេលសង្គ្រាម»។

លោកស្រីបន្ដថា៖ «យើងខ្ញុំរំភើបឥតឧបមា នៅពេលដែល​អាចទទួលបានមកវិញ​នូវ​សម្បត្តិវប្បធម៌​ដ៏មានតម្លៃ​ជាច្រើន ដែលបាននាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា ជាអាទិ៍ រូបចម្លាក់ព្រះឥសូរ និងព្រះស្កន្ទ ដែលនឹងបញ្ជូនមកកម្ពុជាឆាប់ៗខាងមុខនេះ។ ហើយជឿជាក់ថាបានយកចេញពីកន្លែងតែមួយជាមួយរូបចម្លាក់ព្រះស្កន្ទគង់លើក្ងោក នៃតួប៉មកណ្ដាលប្រាសាទក្រចាប់»។

ក្រសួងបញ្ជាក់ថា ការប្រគល់នេះ គឺអនុលោមតាមអនុស្សារណៈយោគយល់គ្នារវាងកម្ពុជា និងអាមេរិក។ តាមរយៈអនុស្សារណៈនេះ កន្លងមកអាមេរិក បានប្រគល់វត្ថុបុរាណមកកម្ពុជាវិញជាបន្តបន្ទាប់។

សូមបញ្ជាក់ថា កាលពីខែមិថុនា ២០២១ កន្លងទៅថ្មីៗ អាមេរិកក៏បានប្រកាសបញ្ជូនសម្បត្តិវប្បធម៌ខ្មែរ ដែលជារូបចម្លាក់បុរាណចំនួន ២៧រូប មកឱ្យកម្ពុជាវិញផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ