អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​ថា​ក្រុមហ៊ុន​ឯកជន រុះរើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​គ្រឿង​ស្រវឹង​ចេញ​អស់​មុន​ថ្ងៃ​កំណត់

បុរសម្នាក់ធ្វើការរុះរើស្លាកយីហោផ្សព្វផ្សាយស្រាបៀរនៅទីតាំងមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ ក្រោយពីមានសេចក្ដីណែនាំពីរដ្ឋបាលខេត្តឱ្យរៀបចំនិងរុះរើបដាពាណិជ្ជកម្មស្រាបៀរកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ)

អាជ្ញាធរខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រុមហ៊ុនឯកជនដែលផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង បានរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មស្រា ឬស្លាក​​យី​​ហោ​​ដែលជ្រកក្រោមស្លាកស្រាបៀរចេញអស់ពីខេត្តមួយនេះ ធ្វើឱ្យ​ខេត្តមានសោភ័ណភាព និងជួយកាត់បន្ថយការពិសារគ្រឿងស្រវឹងថែមទៀត។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់ វីអូឌី នៅថ្ងៃទី១៨​ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រោយពីលោកទុកពេលយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ គឺក្រុមហ៊ុនឯកជនដែលផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ត្រូវរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ឬស្លាក​​យី​​ហោ​​ដែលជ្រកក្រោមស្លាកស្រាបៀរចេញឱ្យអស់ពីខេត្តដើម្បីរៀបចំសោភ័ណភាពខេត្តកំពង់ស្ពឺ   ។ ប៉ុន្តែលោកថា មិនទាន់ដល់ថ្ងៃកំណត់ផង ស្រាប់តែក្រុមហ៊ុនឯកជនទាំងនោះ បានរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងចេញអស់ពីខេត្តតែម្តង។

លោកអះអាងដូចនេះថា«ជាការល្អដែលក្រុមហ៊ុនឯកជនចូលរួមជាមួយអាជ្ញាធរក្នុងការរៀបចំសណ្តាប់ធ្នាប់ កាត់បន្ថយបាននូវការបំពុលនៅការផ្សព្វផ្សាយនូវគ្រឿងស្រវឹង ហើយកាត់បន្ថយការចង់សាក ចង់ផឹក ហើយវាសល់ពេលវេលារកស៊ី រកលុយទុកឱ្យប្រពន្ធកូន»

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកំពង់ស្ពឺ លោក អ៊ុង សាមិត្ត គាំទ្រវិធានការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យក្រុមហ៊ុនឯកជនដែល​មានផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ឬស្លាកពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមដងផ្លូវ រុះរើចេញអស់តាមការកំណត់របស់អាជ្ញាធរ។

លោកលើកទឹកចិត្តដល់អាជ្ញាធរខេត្តផ្សេងៗទៀត ត្រូវយកគំរូតាមខេត្តកំពង់ស្ពឺ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាត់បន្ថយការជួបជុំ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅពេលពិសារគ្រឿងស្រវឹងជាដើម។

លោកមានប្រសាសន៍ថា«បើសិនជាខេត្តផ្សេងៗគាត់អាចធ្វើបែបហ្នឹងបានដែរ វានឹងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ដូចជា គ្រោះថ្នាក់ចរាចរណ៍ ដែលកើតចេញពីការពិសាគ្រឿងស្រវឹង ហើយកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ កាត់បន្ថយការជួបជុំ ហើយធ្វើឱ្យទីក្រុងមានសោភណ្ឌភាពល្អ»

យុទ្ធនាការណែនាំឱ្យពលរដ្ឋនិងក្រុមហ៊ុនឯកជនរុះរើស្លាកពាណិជ្ជកម្មស្រា ឬយីហោដែលជ្រកក្រោមស្លាកស្រាបៀរនេះ ទើបតែមាននៅខេត្តកំពង់ស្ពឺមួយប៉ុណ្ណោះ ខណៈខេត្តផ្សេងទៀតនៅមិនទាន់អនុវត្តវិធានការនេះនៅឡើយទេ ស្របពេលក្រុមសង្គមស៊ីវិលមួយចំនួនចង់ឃើញវិធានការផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងបែបនេះធ្វើឡើងនៅទូទាំងប្រទេសតែម្តង។

មជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ធ្លាប់បាន​​បង្ហាញ​​ពី​​លទ្ធ​ផល​​នៃការស្ទង់មតិរបស់ខ្លួន​នៅអំឡុងឆ្នាំ២០១៧ ដោយ​រកឃើញថា មាន​​មនុស្ស​​ប្រ​​មាណ៩០​​ភាគ​​រយបាន​​ឃើញ​​​​ការផ្សព្វផ្សាយពីផលិតផលគ្រឿងស្រវឹងនៅតាម​​មធ្យោ​បាយ​​ផ្សេង​​ៗ ហើយ​ក្នុងចំណោមអ្នកដែលបានឃើញការផ្សព្វផ្សាយ​នោះ ប្រមាណ៧០ភាគរយ ចង់សាកល្បងប្រើ​​ប្រាស់​គ្រឿងស្រវឹងផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ