រដ្ឋាភិបាលកម្ពុជាឧបត្ថម្ភថវិកាចំនួន៣៥០ ០០០ដុល្លារ និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀតដល់ប្រទេសវៀតណាម ដើម្បីជួយដល់ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃចន្ទនេះថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងរងការវាយលុកខ្លាំងនៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿងដល់ប្រទេសវៀតណាម។
លោកបន្តថា ក្រៅពីនោះ កាកបាតក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារដល់កាកបាតក្រហមវៀតណាម និងលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បានជួយជាថវិកាចំនួន៥ម៉ឺនដុល្លារដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។
បើតាមលោកនាយករដ្ឋមន្ត្រី គ្រឿងបរិក្ខារពេទ្យនិងថវិកាទាំងនោះបានដឹកទៅដល់ប្រទេសវៀតណាមហើយនៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ។
កន្លងមក កម្ពុជាក៏បានជួយឧបត្ថម្ភជាគ្រឿងបរិក្ខារពេទ្យដល់ប្រទេសមួយចំនួនផងដែរ ដូចជា ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រឡេស្ត និងប្រទេសនេប៉ាល់៕