គណ​បក្ស​កែ​ទម្រង់​កម្ពុជា​ នឹង​សុំ​ចុះ​បញ្ជី​នៅ​ចុង​ខែ​នេះ​ដើម្បី​ប្រកួត​ប្រជែង​ការ​​បោះឆ្នោត

លោក អ៊ូ ច័ន្ទរ័ត្ន លោក ប៉ុល ហំម និងសហការី បានចុះមកផ្តិតស្នាមមេដៃពីបងប្អូនប្រជាពលរដ្ឋ អ្នកគាំទ្រ ដែលស្ថិតនៅក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ គណបក្សកែទម្រង់កម្ពុជា Cambodia Reform Party)

គណបក្សកែទម្រង់កម្ពុជា នឹងដាក់ពាក្យសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃនាចុងខែនេះ ក្រោយពីប្រមូលស្នា​​មមេដៃ​​អ្នកគាំទ្របានគ្រប់ចំនួនតាមច្បាប់តម្រូវ ដើម្បីត្រៀមប្រកួតប្រជែង​ការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សា​​ឃុំ-ស​ង្កាត់នាពេលខាងមុខ។

លោក អ៊ូ ច័ន្ទរ័ត្ន ជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បាននិ​យា​យ​​នៅ​​ថ្ងៃនេះថា គណបក្សនឹងដាក់ពាក្យសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៅចុងខែកក្កដា ឆ្នាំ២០២១នេះ ​ដោយ​មាន​​ភ្ជាប់​ស្នាម​មេដៃអ្នកគាំទ្រ​ចំនួន៤ ៥០០ ​បើទោះជាច្បាប់តម្រូវឱ្យ​តែ៤ ០០០​ស្នាម​មេដៃក៏ដោយ។

លោកថា៖ «យើងដាក់ឱ្យលើស ដោយសារករណីខ្លះថតមិនច្បាស់ ករណីខ្លះវាផ្តិតអត់ល្អអីជាដើម»។

ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បង្កើត«គណបក្សកែទម្រង់កម្ពុជា» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

បើ​តាមលោក អ៊ូ ច័ន្ទរ័ត្ន ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ គណបក្សនេះនឹងធ្វើសមាជដែលមានអតីតមន្ត្រី​ជាន់​ខ្ពស់​គណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ឈរឈ្មោះជាបេក្ខជនប្រធានគណបក្សកែទម្រង់កម្ពុជា។

បើតា​មច្បាប់ស្តីពី​គណបក្សនយោបាយ ការបង្កើតគណបក្សនយោបាយតម្រូវឱ្យ​ដាក់ពាក្យស្នើសុំពី​ក្រសួងមហា​ផ្ទៃ ដោយភ្ជាប់ទៅជាមួយនឹងស្នាម​មេដៃអ្នកគាំទ្រចំនួ​ន​៨០។ ប៉ុន្តែ​បើគណបក្សនោះចង់ចូលរួមប្រកួតការបោះឆ្នោត គណបក្សត្រូវសុំចុះបញ្ជីឈ្មោះគណបក្សន​យោបា​យនៅក្រសួងមហាផ្ទៃ ដែលមាន​ស្នាមមេដៃ​អ្នកគាំទ្រចំនួន៤ ០០០​ រួម​ទាំង​ភ្ជាប់​នឹង​ឯកសារ​មួយ​ចំនួ​នទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ