បវរ​កញ្ញា​កម្ពុជា​គាំទ្រ​យុទ្ធ​នាការ​​ “កិច្ចគាំពារ​មាតុភាព”​ របស់​អង្គការ​អុកស្វាម​ ដើម្បី​ពង្រឹង​អំណាច​ស្ត្រី

បវរកញ្ញា​ចក្រវាលកម្ពុជា​ឆ្នាំ២០២០ កញ្ញា រ៉េត សារីតា។ (ហ្វេសប៊ុក៖ Sarita Reth)

បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ ប្រកាស​គាំទ្រយុទ្ធនាការ​ “កិច្ចគាំពារមាតុភាព” របស់អង្គការអុកស្វាម និងចូលរួម​លើកកម្ពស់ការពង្រឹងសិទ្ធិអំណាចស្រ្តីនៅអំឡុងពេលជួបវិបត្តិ​កូវីដ-១៩ ខណៈស្ត្រីពុំមានសិទ្ធិក្នុងការទទួលបានកិច្ចគាំពារមាតុភាពនៅឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គការអុកស្វាម បានឱ្យដឹងនៅថ្ងៃចន្ទនេះថា កាលពីពាក់កណ្តាលខែមិថុនា បវរកញ្ញា​ចក្រវាលកម្ពុជា​ឆ្នាំ២០២០ កញ្ញា រ៉េត សារីតា បានមើល​វីដេអូនិងតាមដានយុទ្ធនាការ “កិច្ចគាំពារមាតុភាព” លើទំព័រហ្វេសប៊ុករបស់​អង្គការអុកស្វាម ហើយឃើញស្ត្រីខ្មែរជាច្រើនត្រូវ​ប្រឈមនឹងការលំបាកក្នុងការរក្សាតុ​ល្យភាពរវាងការងារនិងការថែទាំគ្រួសារ ខណៈពេលដែលពួកគេពុំមានសិទ្ធិក្នុងការទទួលបានកិច្ចគាំពារមាតុភាពនៅឡើយ។

ករណីនេះ កញ្ញា សារីតា បង្ហាញការចាប់អារម្មណ៍ និងយកជាតួនាទីរបស់ខ្លួន ដើម្បីគាំទ្រយុទ្ធនាការ “កិច្ចគាំពារមាតុភាព” របស់អង្គការអុកស្វាម តាមរយៈការប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្បីល្បាញរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ការពង្រឹងសិទ្ធិអំណាចស្រ្តីនៅកម្ពុជាផងដែរ។

កញ្ញា សារីតា និយាយក្នុងសេចក្តីប្រកាសព័ត៌មាន​ថា៖ «ក្នុងនាម​ជាស្ត្រីកម្ពុជា​មួយរូប នាងខ្ញុំមាន​ការភ្ញាក់ផ្អើលនិងសោក​ស្តាយនៅពេលដឹងថា ប្រហែលជា៩០% នៃស្ត្រីជាកម្មករក្នុងប្រទេសកំណើតរបស់ខ្ញុំ មិនមានសិទ្ធិទទួលបានអត្ថប្រយោជន៍កិច្ចគាំពារមាតុភាព ពីព្រោះពួកគេបំពេញការងារក្នុងវិស័យក្រៅប្រព័ន្ធ»។

កញ្ញាក៏បានបន្ថែមទៀតថា៖ «ស្ត្រីកម្ពុជាសមទទួលបានភាពល្អប្រសើរជាងនេះ។ ស្រ្តីជាសសរទ្រូងនៃគ្រួសារនិងសង្គម ដូច្នេះ យើងគួរតែធានាថា ពួកគេទទួលបានការគាំទ្រពេញលេញមួយអំឡុងពេលពរពោះនិងសម្រាកមាតុភាព ជាពិសេស គឺក្នុងអំឡុងពេលមានវិបត្តិជំងឺ​កូវីដ-១៩តែម្តង ដែលម្តាយធ្វើការ​ទាំង​អស់ រួ​មទាំងអ្នកធ្វើការ​ក្រៅប្រព័ន្ធក៏ដោយ ពិត​ជាសមនឹងទទួលបានការការពារពីច្បាប់ ហើយអាចទទួលបានប្រាក់ចំណូលគ្រប់គ្រាន់ក្នុងការថែរក្សាខ្លួននិងកូនៗរបស់​ពួក​គេ»។

កញ្ញា សារីតា ធ្លាប់ធ្វើការងារតស៊ូមតិជាយូរមក​ហើយអំពីបញ្ហាសិទ្ធិរបស់ស្ត្រី និងចេញមុខលើខ្សែភាពយន្តភាគដែលមានចំណងជើង​ថា Love9 របស់ ប៊ីប៊ីស៊ី មេឌា អេកស៊ិន ដ៏ល្បីល្បាញមួយ។ កាលណោះ កញ្ញាសម្តែងជាតួអង្គ ម៉ារីម៉ា ដែលមានអត្តចរិតចង់ដឹងចង់ឃើញ និងពោរពេញដោយទំនុកចិត្តនោះ។ កញ្ញា សារីតា បានប្រើប្រាស់បុគ្គលិកលក្ខណៈរបស់ខ្លួន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងសុខភាពផ្លូវភេទ និងការបន្តពូជ។

ក្រោយមក នៅក្នុងឆ្នាំ​២០១៦ កញ្ញា សារីតា ទទួលបានពានរង្វាន់ “ជើងឯកយុវជន” ពីមូលនិធិប្រជាជនអង្គការសហប្រជាជាតិ ដែលជាទីភ្នាក់ងារឈានមុខគេរបស់អង្គការសហប្រជាជាតិ លើផ្នែកសិទ្ធិមាតានិងសិទ្ធិបន្តពូជទៀតផង។

ចំណែក នយិកាអង្គការអុកស្វាម លោកស្រី លឹម សូលីន ស្វាគមន៍​ចំពោះការគាំទ្ររបស់បវរកញ្ញាចក្រវាលរូបនេះ ដែល​ចូលរួមក្នុង​​យុទ្ធនាការ​លើក​កម្ពស់កិច្ចគាំពារ​មាតុ​ភាព​សម្រាប់​ស្ត្រីនិងម្តាយនៅកម្ពុជាទាំងអស់ ដើម្បីធានាបាន​នូវ​សុខភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី កូនៗ និងគ្រួសាររបស់ពួកគេ។

លោកស្រីមានប្រសាសន៍ថា៖ «យុទ្ធនាការនេះ គឺជាការងារមួយដ៏សំខាន់នៃកម្មវិធីកិច្ចគាំពារសង្គមក្នុងតំបន់របស់អង្គការ​អុកស្វាម ដើម្បីលើកកម្ពស់ការងារសមរម្យ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព សមភាព និងវឌ្ឍនភាព នៅទូទាំងតំបន់អាស៊ាន»។

នាយិកាអង្គការអុកស្វាម មានប្រសាសន៍បន្ថែមទៀតថា៖ «កិច្ចគាំពារមាតុភាព គឺកិច្ចគាំពារសង្គមដែលបណ្តាប្រទេសជាច្រើន ដូចជាប្រទេសកម្ពុជា ពុំអាចបន្តមើលរំលងតទៅទៀតបាននោះទេ។ ប្រសិនបើមានការផ្តល់នូវកិច្ចគាំពារមាតុភាព កម្មការិនីនឹងអាចមានឱកាសក្នុងការលើកកម្ពស់ខ្លួននិងក្រុមគ្រួសារ ប្រយុទ្ធចេញពីភាពក្រីក្របាន ហើយជាពិសេសនោះ សម្រាប់កម្មការិនីក្រៅប្រព័ន្ធដែលងាយរងគ្រោះតែម្តង នេះជាការល្អសម្រាប់សង្គមនិងសេដ្ឋកិច្ច»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ