ក្រសួង​អំពាវនាវ​ឱ្យ​​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្យល់​កន្ត្រាក់​ ​​ខណៈ​កម្ពុជា​រង​​ឥទ្ធិពល​​ព្យុះ​​និង​​ជ្រលង​​សម្ពាធ​​ទាប

ភ្លៀងធ្លាក់កម្រិតខ្សោយ-មធ្យម លាយឡំនឹងខ្យល់កន្ត្រាក់ ស្ថិតនៅក្នុងភូមិសាស្ត្រមួយនៃខេត្តតាកែវ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology)

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្នចំពោះបញ្ហា​អាកាសធាតុនៅក្នុងសប្តាហ៍នេះ ខណៈកម្ពុជារងឥទ្ធិពល​ខ្យល់​ព្យុះទី៧ និងឥទ្ធិពល​​ពីមូសុង​និរតី​កម្រិត​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​​តំបន់​​មួយចំនួន​​មានភ្លៀងធ្លាក់​ពីមធ្យមទៅច្រើនលាយឡំខ្យល់កន្ត្រាក់បក់​ខ្លាំង។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅព្រឹកថ្ងៃទី២០ ខែកក្កដា​នេះ​ បានបញ្ជាក់ថា ចាប់ពី​ថ្ងៃទី២១និង២២ ខែកក្កដា កម្ពុជានឹងទទួលនូវឥទ្ធិពល​ពីមូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាបភ្ជាប់​នឹងព្យុះ​លើក​ទី​៧ សេម​ប៉ាកា (CEMPAKA) ហើយ​ពី​ថ្ងៃទី២៣ដល់ទី២៧ ខែកក្កដា ទទួល​ឥទ្ធិពល​ពីមូសុងនិរតីកម្រិតខ្លាំង ជ្រលងសម្ពាធទាប​ពីប្រទេសចិន និងប្រព័ន្ធសម្ពាធទាប។

ក្រសួងដដែលបន្តថា ស្ថានភាពអាកាសធាតុនេះនឹងធ្វើ​ឱ្យ​បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាច​នឹងមានភ្លៀង​​ធ្លាក់ពីមធ្យម​ទៅបង្គួរ លាយឡំនឹងខ្យល់​កន្ត្រាក់​បក់ខ្លាំង លើកលែងតែបណ្តាខេត្តនៅភាគ​ខាងក្រោមដែលនឹងមានភ្លៀងពីតិចទៅមធ្យមលាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង។

ចំណែកបណ្តាខេត្ត​ជាប់​ជួរភ្នំដងរែក និងខ្ពង់រាប​ឦសាន ក្រសួងថា អាចនឹងមានភ្លៀងធ្លាក់​ពីកម្រិត​បង្គួរ​ទៅ​ច្រើន លាយឡំនឹងផ្គររន្ទះតិចតួច និងខ្យល់កន្ត្រាក់ក្នុងល្បឿន​ខ្លាំង ពិសេស​នៅតាមតំបន់ជួរភ្នំក្រវាញ ជួរ​​ភ្នំ​​ដង​រែក និង​បណ្តា​ខេត្តស្ថិតនៅតាមដងទន្លេមេគង្គ។​

ដោយឡែក នៅតំបន់​​មាត់សមុទ្រវិញ ក្រសួងថា អាចនឹងមាន​ជំនន់ទឹកភ្លៀងដែលបណ្តាល​មក​ពីភ្លៀង​ធ្លាក់ពី​កម្រិតបង្គួរទៅច្រើន ផ្គររន្ទះបង្គួរ លាយឡំនឹង​​​ខ្យល់កន្ត្រាក់ក្នុងល្បឿន​ខ្លាំង និងរលកសមុទ្រខ្ពស់។

ករណីនេះ ក្រសួងបានអំពាវនាវដល់​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថាន​ភាព​អាកាស​ធាតុ​នេះ ជាពិសេស​​ប្រជា​នេសាទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ