អ្នក​ជាប់​ឃុំ​ម្នាក់​​ទៀត​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ពន្ធនា​គារ​ខេត្ត​បន្ទាយ​មានជ័យ

នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​ ក្នុងពិធី​ប្រកាស​លើកលែងទោស​ដល់​ទណ្ឌិត​ជា​ជនជាតិ​ខ្មែរ​ ចំនួន​២៧​នាក់​ ពី​៣​ខែ​ និង​៦​ខែ​ នៅ​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​។​ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា មានអ្នកជាប់ឃុំម្នាក់ទៀត​បាន​ស្លាប់​ដោយសារជំងឺកូវីដ-១៩ និងឆ្លង​ទៅកាន់អ្នកផ្សេងទៀតនៅក្នុង​ពន្ធនាគារខេត្តបន្ទាយមានជ័យ ប៉ុន្តែមិនច្រើនដូចព័ត៌មានដែលបានចែកចាយលើបណ្តាញសង្គមនោះទេ។

អ្នកប្រើប្រាស់បណ្តាញសង្គម កាលពីម្សិលមិញ បានចែករំលែកព័ត៌មានតៗគ្នាថា មាន​អ្នកជាប់ឃុំ​នៅពន្ធនាគារខេត្តបន្ទាយមានជ័យ ចំនួន​៣នាក់​ស្លាប់ និងជាង១០០នា​ក់ទៀតបានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះមានទាំងមន្ត្រីពន្ធនាគារផងដែរ។

ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់ ​VO​D នៅថ្ងៃអង្គារ​នេះថា ករណីនៅពន្ធនាគារខេត្តបន្ទាយមានជ័យ មានអ្នកជាប់ឃុំតែ​ម្នាក់ប៉ុ​ណ្ណោះដែលស្លាប់ ដោយ​សារ​គាត់​មានបញ្ហាសួតធ្ងន់ធ្ងរ។

តែយ៉ាងណា លោកសុំមិនបង្ហាញចំនួនតួលេខអ្នកឆ្លងសរុបក្នុងពន្ធនាគារនេះទេ ដោយឱ្យសួរទៅអាជ្ញាធរខេត្តវិញ។

លោកថា៖ «មាន[ស្លាប់]មួយរូបកាលពីម្សិលមិញហ្នឹង ដោយសារគាត់មានជំងឺប្រចាំកាយធ្ងន់ធ្ងរពីមុនមក ជំងឺសួតតែម្នាក់ទេ! មិនមែន៣នាក់​ដូចការផ្សព្វផ្សាយទេ! [ឆ្លងប៉ុន្មាននាក់បង?] អាហ្នឹង ខ្ញុំស្នើឱ្យសួរទៅរដ្ឋបាលខេត្ត ខ្ញុំអត់មានសមត្ថកិច្ចបកស្រាយរឿងហ្នឹងទេ ដោយសាររឿង​នេះជាការងារសន្តិសុខ»។

អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអ្នកនាំពាក្យ លោក លី សារី បដិសេធឆ្លើយតប ដោយថា លោកមិន​មាន​តួលេខ​នៃការឆ្លងទេ ហើយ​លោក​បានបង្វែរសំណួរ​ឱ្យសួរទៅអ្នកគ្រប់គ្រងពន្ធនាគារវិញ។​

ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុង ស៊ីផាន សុំមិនអត្ថាធិប្បាយលម្អិតឡើយ ដោយឱ្យសួរទៅអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃវិញ។

លោកថា៖ «កុំជឿគេ អារឿងហ្នឹងនោះ! [អ្នកវិជ្ជមាន]ជាជនជាប់ឃុំថ្មី គេយកទៅធ្វើតេស្តទេ! បងឯងចង់ដឹងអី សួរទៅខាងអ្នកនាំពាក្យ​ទៅ»។

អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងជាអ្នកនាំពាក្យ លោក រឿន សុធី ថ្លែង​ថា លោក​មានតែតួលេខ​អ្នកឆ្លងសរុបនៅទូទាំងខេត្ត ហើយមិនបានញែកចំនួនអ្នកស្លាប់និងអ្នក​ឆ្លងនៅក្នុងព​ន្ធនាគារទេ។

លោកថា៖ «ខ្ញុំបានទទួលតែតួលេខសរុប តែខាងពន្ធនាគារប៉ុន្មាន អត់បានដឹងផង! [សរុបប៉ុន្មាននៅខេត្តឥលូវ?] ឆ្លងជាង៨ ០០០​នាក់ និង​ស្លាប់៦៥នាក់»។

បើតាមលោក នុត សវនា គឹតត្រឹមថ្ងៃអង្គារនេះ មានពន្ធនាគារចំនួន​៨ហើយដែលមានការ​​​ឆ្លងរាលដាល​ជំងឺ​កូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ ក្នុងនោះក៏មានស្ត្រីម្នាក់​ជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺបានស្លាប់ផងដែរ។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កន្លងមក ​ស្ថាប័នជាតិនិងអន្តរជាតិ ធ្លាប់បានជំរុញទៅរដ្ឋាភិបាល​ឱ្យបង្ហាញតម្លាភាពពីករណីឆ្លងជំងឺកូវីដ-១៩ទៅលើ​អ្នកជាប់ឃុំ​ ដើម្បីងា​យ​ស្រួលក្នុងការចូលរួម​ស្វែងរកដំណោះស្រាយ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះបារម្ភថា ហានិភ័យអាចកើតឡើង បើអាជ្ញាធរនៅតែបន្តលាក់បាំងការពិត ខណៈ​​​វិធានការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារនៅបន្តជាប់គាំងនោះ។

លោកថា៖ «ខ្ញុំគិតថា វាគួរតែមានតម្លាភាពក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធស្ថានភាពឆ្លងកូវីដ​នៅក្នុងពន្ធនាគារ។ ទី២ វាគួរតែដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ​ឱ្យបានលឿនផងដែរ ទាក់ទងនឹងការដោះលែងអ្នកជាប់ឃុំ ទៅតាមសេចក្តីសម្រេចរបស់ក្រសួងយុត្តិធម៌ ទាក់ទិននឹងការដោះលែងទណ្ឌិតដែលជិតផុតទោស»។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បាននិយាយក្នុងរបាយការ​ណ៍​រួ​ម​គ្នាមួយថា បច្ចុប្បន្ន កម្ពុជាមានអ្នកជាប់ឃុំសរុប៣៩ ០០០​នាក់នៅ​ក្នុងពន្ធនា​គារ​ទូទាំង​ប្រទេស​ចំនួ​​ន​២​៨​ពន្ធនាគារ ហើយថា ភាពចង្អៀតណែននៅក្នុ​ង​​ពន្ធនាគារ គឺជាហានិភ័យនៃការ​ឆ្លងជំងឺកូវីដ-១៩​។

ស្ថា​​ប័នអន្តរជាតិទាំងពីរនេះបានទាមទារឱ្យអាជ្ញាធរកម្ពុជាស្វែងរកជម្រើសដោះលែងអ្ន​ក​ទោសស្រា​ល​ៗ និងជនជាប់ឃុំបណ្តោះអាសន្នរង់ចាំសវនាការកាត់ទោស ឱ្យបាននៅក្រៅឃុំ ដើម្បីកាត់បន្ថយហា​និភ័​យ​នៃរលក​ចម្លងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរមួយនេះ។

យ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ឱ្យដឹង​កាលពីដើមខែកក្កដានេះថា វិធានការដោះលែងទណ្ឌិតតាមល​ក្ខខណ្ឌច្បាប់ ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារក្នុងបរិបទកូវីដ-១៩ បានពិ​ភាក្សា​ចប់​សព្វគ្រប់ហើយជាមួយក្រសួងមហាផ្ទៃ នៅរង់ចាំការចុះហត្ថលេខាចុងក្រោយពីរដ្ឋមន្ត្រីក្រសួងយុ​ត្តិធ​​ម៌ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ