ចំនួន​សត្វ​​ក្រៀល​នៅ​​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ ស្រប​ពេល​នៅ​លើ​ពិភព​លោក​ក៏​មាន​ការ​ធ្លាក់​ចុះ​ដូច​គ្នា

ហ្វូងសត្វក្រៀល រស់នៅតំបន់អភិរក្សមួយនៃប្រទេសកម្ពុជា។ (ហ្វេសប៊ុក៖ Ministry of Environment)

ក្រសួងបរិស្ថាន អះអាងថា ចំនួន​សត្វ​ក្រៀល​នៅលើពិភពលោក រួមទាំង​នៅ​​​កម្ពុជា បាន​​ធ្លាក់​​ចុះ​ ដោយសារ​អត្រា​ស្លាប់​មាន​កម្រិត​ខ្ពស់​ ខណៈ​អត្រា​បង្ក​កំ​ណើត​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​។ 

ទំព័រហ្វេសប៊ុករបស់ក្រសួង​បរិស្ថាន​ ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា​ ឆ្នាំ​២០២១ បានលើកឡើងថា​ សត្វ​ក្រៀល​​ដែល​ជា​ប្រភេទ​សត្វ​កម្រ​ និង​ជា​សត្វ​ស្លាប​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភព​​លោក​ មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ ​ក្នុង​នោះ ប្រទេស​កម្ពុជា​ក៏​មាន​ការ​ធ្លាក់​ចុះដែរ។ ប៉ុន្តែក្រសួងមិន​បានបញ្ជាក់ថា ការធ្លាក់ចុះសត្វក្រៀលនៅកម្ពុជាក្នុងទំហំប៉ុន្មានឱ្យ​​ប្រាកដ​នោះឡើយ​។ 

រដ្ឋលេខាធិការ និងជាអ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ លោក​ នេត្រ​ ភក្រ្ដា​ បាន​ពន្យល់​​អំ​ពី​កត្ដា​គំរាម​កំហែង​ដល់​សត្វ​ក្រៀលទាំងនោះ​ថា​ ចំនួន​សត្វ​ក្រៀល​យ៉ាង​ច្រើន​ដែល​ធ្លាក់​ចុះ​នៅ​លើ​ពិភព​លោក​ គឺ​បណ្ដាល​មក​ពី​អត្រា​ស្លាប់មាន​កម្រិត​ខ្ពស់​ ខណៈ​អត្រា​បង្ក​កំណើតនៅ​​មាន​​​កម្រិត​ទាប​​នៅ​ឡើយ ព្រមទាំងកត្តាផ្សេងៗទៀត​។

លោកបញ្ជាក់ថា៖ «​ការធ្លាក់ចុះចំនួនសត្វក្រៀលនៅទូទាំងពិភពលោកនេះ គឺបណ្ដាលមកពីកត្តាគំរាមកំហែងផ្សេងៗដែលបង្កឡើងដោយមនុស្សនិងធម្មជាតិ ដូចជា ការបាត់បង់តំបន់ដីសើមដែលជាទីជម្រកដ៏សំខាន់របស់សត្វក្រៀល ការរំខាននៅតំបន់ពងកូនដែលនាំឱ្យអាត្រាបង្កកំណើតទាប ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវវត្តមានចំណីអាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង ការយកស៊ុតឬកូនសត្វក្រៀលពីសំបុកដើម្បីចិញ្ចឹម​ឬជួញដូរ ការសម្លាប់ដោយសត្វឆ្កែខាំ និងការប្រែប្រួលអាកាសធាតុ ជាដើម»។

យ៉ាងនេះក្តី លោក​ នេត្រ​ ភក្រ្ដា​ បាន​អំពាវ​នាវដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ចូលរួម​ការពារ​និងអភិរក្ស​សត្វ​ក្រៀល​ដែល​ជា​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​ រួម​មាន​ ការ​ថែរក្សា​ទីជម្រក​ពង​កូន និងតំបន់​​ដីសើម​​ដែល​ជា​កន្លែង​ស្វែងរក​ចំណីរបស់​សត្វ​ក្រៀលនិង​សត្វ​ស្លាប​ផ្សេងទៀត។ 

យោង​ទៅ​តាម​ជំរឿន​សត្វ​ក្រៀល​នៅ​កម្ពុជា​ នា​ឆ្នាំ​​២០១៩ និង​ដើម​ឆ្នាំ​២០២០​ សត្វ​ក្រៀល​ចំនួន​១៩៤​ក្បាលត្រូវ​បាន​គេ​រក​ឃើញ​និង​​កត់​ត្រា​ទុក​ ដែល​ស្ថិតនៅ​ប្រមាណ​១០​ទី​តាំង​ផ្សេងៗ​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការ​​ជំរឿន​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ​ ចាប់ពី​ខែ​ធ្នូ ដល់​ខែ​ឧសភា​​ ដើម្បី​តាម​ដាន​ចំនួន​កើន​ឡើង​ឬ​​ថយ​ចុះ​ចំនួន​សត្វ​ក្រៀល​ និង​ដើម្បី​ការពារ​និង​អភិរក្ស​បន្ថែម​ទៀត​។ 

ស្រប​ពេល​នេះ​ដែរ​ យោង​ទៅ​តាម​ទិន្ន​ន័យ​របស់​អ្នក​ជំនាញ​ ចំនួន​សត្វ​ក្រៀលនៅ​លើ​ពិភព​លោក​​មាន​ចំនួន​ចន្លោះ​ពី​១៣ ០០០ ទៅ១៥ ០០០ក្បាល​នា​ពេល​បច្ចុប្បន្ន​ ហើយ​ក្នុ​ងនោះ​មាន​នៅ​ប្រទេស​ឥណ្ឌា​ ប្រទេស​អូស្រ្ដា​លី​ ប្រទេស​វៀត​ណាម​ ប្រទេស​ឡាវ​ និង​ប្រទេស​កម្ពុជា។ សត្វក្រៀលត្រូវបានចាត់ជាប្រភេទសត្វងាយរងគ្រោះនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ផងដែរ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ