កម្ពុជា​មាន​មេ​អំបៅ​ខ្មោច​ជាង​៨០០​ប្រភេទ​ដែល​ជា​ភ្នាក់ងារ​នាំ​លម្អង​ដ៏​​សំខាន់​

ប្រភេទមេអំបៅខ្មោច។ (ហ្វេសប៊ុក៖ Angkor Centre for Conservation of Biodiversity)

កម្ពុជាមានវត្តមានមេអំបៅខ្មោចចំនួន៨៤៩ប្រភេទ ហើយប្រភេទមេអំបៅទាំងនោះគឺជាភ្នាក់ងារនាំដំណើរលម្អងយ៉ាងសំខាន់ ខណៈពពួកមេអំបៅប្រភេទនេះកំពុងរងការគំរាមកំហែងដោយកត្តាមនុស្សនិងធម្មជាតិ។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ​២០២១​ ឱ្យដឹងតាមរយៈទំព័រហ្វេស​ប៊ុក​របស់​ខ្លួន​ថា មេអំបៅខ្មោច ជាប្រភេទសត្វដែល​ត្រូវបានគេទទួលស្គាល់ថា ជាភ្នាក់​ងារ​នាំដំណើរលម្អងដ៏មានសារៈសំខាន់។ មិន​តែប៉ុណ្ណោះ វាក៏ជាប្រភពចំណីប្រូតេអ៊ីនដែលមានប្រយោជន៍​ចំពោះសត្វជាច្រើនទៀត ​ដូចជា ថលជលិក (សន្ដានកង្កែប) សន្ដានប្រចៀវ និងបក្សីសត្វ ជាដើម។

ប្រភពដដែលបន្ត​ដោយលើកយកការសិក្សាមួយមក​បង្ហាញថា តាមកំណត់ត្រាសម្គាល់ បក្សីមួយក្បាលស៊ីដង្កូវ​មេអំបៅខ្មោច​រហូតដល់ទៅ៥០​ពាន់លាន (៥០ ០០០ ០០០ ០០០) ក្បាលក្នុងមួយឆ្នាំ។

មជ្ឈមណ្ឌល ACCB បានលើកឡើងទៀតថា មេអំបៅខ្មោច ស្ថិតនៅក្នុងលំដាប់ថ្នាក់សត្វល្អិតដែលមានក្រឡាស្លាបរាងដូចស្រកា (Lepidoptera- meaning scale wing) ដូចទៅនឹងមេអំបៅធម្មតា ដែលប្រភេទសត្វទាំងនេះមានតួនាទីសំខាន់ដូចគ្នានៅក្នុងស្ថានប្រព័ន្ធ។

ទោះយ៉ាងណា មជ្ឈមណ្ឌល​ ACCB ថាទីជម្រករបស់មេអំបៅខ្មោចរងការរេចរឹល ដែលជាការគំរាមកំហែងដ៏ចម្បង​ចំពោះអនាគតចំនួនសត្វល្អិតប្រភេទនេះ ដោយសារតែការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់អំពូលអគ្គិសនីសិប្បនិម្មិតពេលយប់ ជាដើម។

មជ្ឈមណ្ឌល ACCB បន្ថែមថា៖ «ការប្រើប្រាស់អំពូលអគ្គិសនីសិប្បនិម្មិតពេលយប់ កំពុងរួមចំណែកដល់ការរុះរោយលំអង។ អំពូលអគ្គិសនីតាមដងផ្លូវទាក់ទាញមេអំបៅខ្មោច ពន្យារពេលរបស់ពួកវា កាត់បន្ថយពេលស្វែងរកចំណី ស៊ីចំណី និងការធ្វើដំណើរលម្អង។ បញ្ហានេះអាចជះឥទ្ធិពលមិនល្អដល់ប្រភេទមេអំបៅខ្មោចនាពេលអនាគត ដោយសារតែដំណើរស្វាហាប់ដ៏សំខាន់របស់វាមានការខ្ជះខ្ជាយ ហើយប្រភពចំណីកាន់តែខ្វះខាតដោយសារការបាត់បង់ទីជម្រកផង។ ពេលស្វែងរកចំណី គឺមានតម្លៃណាស់ មិនមែនជាការឈ្លក់វង្វេងនឹងពន្លឺភ្លើងអំពូលអគ្គិសនីសិប្បនិម្មិតដែលគ្មានប្រយោជន៍ចំពោះពួកវានោះទេ»។

មជ្ឈមណ្ឌល ACCB បញ្ជាក់ទៀតថា វត្តមានមេអំបៅខ្មោចដើរតួយ៉ាងសំខាន់ចំពោះការសិក្សាស្រាវជ្រាវ ដោយការពិនិត្យមើលចំនួននិងរបាយរស់នៅរបស់ពួកវា បានជួយផ្តល់តម្រុយសំខាន់ៗចំពោះការផ្លាស់ប្តូរ​នៅក្នុងបរិស្ថាន ដូចជា ផលប៉ះពាល់ពីបច្ចេកទេសកសិកម្មទំនើបបែបថ្មី ការបំពុលខ្យល់ និងការប្រែប្រួលអាកាសធាតុ ជាដើម។

បើតាម ACCB មេអំបៅខ្មោចមានចំនួន​ច្រើនប្រភេទ​លើស​លុបជាងមេអំបៅធម្មតា ដោយរាប់តាមលំដាប់ថ្នាក់មានរហូតដល់ទៅ ៨៩% ទៅ ៩៤% ដែលពួកវាសមនឹងទទួលបាននូវការស្រឡាញ់ពេញចិត្តនិងថែរក្សាពីយើងដូចគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ