អាជ្ញាធរ​ខេត្ត​កែប​ គ្រោង​រៀប​ទីតាំង​មួយ​​ឱ្យ​អាជីវ​ករ​ផ្សារសេះ​ស​​លក់​​ដូរ​​បណ្តោះ​​អាសន្ន​ក្រោយ​​ផ្សារ​នេះ​​ឆេះ​

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មានហេតុការណ៍អគ្គិភ័យបានឆាបឆេះនៅទីតាំងផ្សារសេះស ខេត្តកែប បណ្ដាលមកពីផ្ទុះចរន្តអគ្គិសនី ធ្វើឱ្យឆេះតូបចំនួន១២១តូប ត្រូវបានពន្លត់ទាំងស្រុងដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៨គ្រឿង។​ (ហ្វេសប៊ុក៖ សោម ពិសិដ្ឋ អភិបាលខេត្តកែប – Som Piseth Governor of Kep Province)

អាជ្ញាធរខេត្តកែប គ្រោង​សាងសង់កន្លែងលក់ដូរជាបណ្តោះអាសន្នសម្រាប់​អាជីវករនៅ​«ផ្សារ​សេះ​ស»បានប្រកបអាជីវកម្មរបស់ពួកគាត់ឡើងវិញ ​ក្រោយ​ពីផ្សារ​នេះត្រូវ​បាន​អគ្គិភ័យឆេះទាំងស្រុង​អស់​ជាង​១២០​តូបកាលពីយប់ថ្ងៃចន្ទ។

អភិបាលរង និង​ជាអ្នកនាំពាក្យ​រដ្ឋបាលខេត្តកែប លោក វ៉ៅ សុខា បានថ្លែងនៅថ្ងៃអង្គារម្សិលមិញ​​ថា ផ្សារ​សេះ​ស មានទីតាំង​នៅ​សង្កាត់​អូរក្រសារ ក្រុងកែប ត្រូវបានអគ្គិភ័យ​ឆាបឆេះទាំង​​ស្រុងកាល​ពី​ល្ងាច​​​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ២០២១ បណ្តាលឱ្យឆេះតូបនិងសម្ភារលក់ដូររបស់អាជីវករអស់​ចំនួន១២១តូប ប៉ុន្តែមិនបណ្តាលឱ្យ​មានអ្នករងរបួស​ឬស្លាប់ក្នុងហេតុការណ៍នេះទេ។

លោក​បន្តថា តាមការស្រាវជ្រាវបឋម អគ្គិភ័យនេះកើតឡើងបណ្តាលមកពីឆ្លង​ចរន្តអគ្គិសនី ដោយសារ​មុន​​ពេល​​កើត​​ហេតុ​​​​ មាន​ខ្យល់​កន្ត្រាក់​បក់បោកខ្លាំងបណ្តាល​ឱ្យ​ប៉ើងដំ​បូល​ផ្សារ​ទៅ​ប៉ះ​នឹង​ខ្សែ​ចរន្ត​អគ្គិសនី បង្ក​​ជា​​អណ្តាត​​​ភ្លើងឆាបឆេះផ្សារនេះតែម្តង។

លោក វ៉ៅ សុខា បន្ថែមទៀតថា ក្រោយហេតុការណ៍នេះ អាជ្ញាធរខេត្ត​​បាន​ជួយឧបត្ថម្ភជាថវិកា ស្បៀង​អាហារ និងសម្ភារប្រើប្រាស់មួយចំនួនដល់អាជីវករ និងគ្រោង​សាងសង់កន្លែង​លក់​បណ្តោះ​អាសន្ន ដើម្បី​ឱ្យអាជីវករបានលក់ដូរ បន្ទាប់មកនឹងចរចាជាមួយម្ចាស់ទីតាំងផ្សារដែលឆេះនោះ ដើម្បីសាងសង់​ផ្សារឡើងវិញ។

លោកថា៖ «យើងនឹងធ្វើការចរចាជាមួយម្ចាស់ទីតាំង ព្រោះទីតាំងផ្សារហ្នឹងជារបស់ឯកជន»។

តែយ៉ាងណា លោកនៅពុំទាន់បញ្ជាក់ពីទីតាំងនិងការចាប់ផ្តើមរៀបចំទីតាំងថ្មីនៅពេលណានោះ​ទេ។

ដោយឡែក ចំពោះការខូចខាតសម្ភារនិងទ្រព្យសម្បត្តិ​ក្នុងផ្សារដោយសារគ្រោះអគ្គិភ័យនេះ លោក វ៉ៅ សុខា បញ្ជាក់ថា អាជ្ញាធរនៅមិនទាន់វាយតម្លៃបាននៅឡើយ ដោយសារអាជ្ញាធរ​កំពុង​ស្រង់របាយការណ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ