ក្រុមអង្គការសង្គមស៊ីវិលជំរុញទៅអាជ្ញាធរត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យមានតម្លាភាព ចំពោះអាជ្ញាធរមូលដ្ឋានដែលគប់គិតគ្នាជាមួយម្ចាស់ក្លឹបនិងហាងខារ៉ាអូខេលួចបើកដំណើរការអាជីវកម្មរបស់ខ្លួន ល្មើសបម្រាមក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ការជំរុញនេះធ្វើឡើងបន្ទាប់ពីអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានជំរុញដល់អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់និងប្រុងប្រយ័ត្នចំពោះបញ្ហាល្មើសវិធានសុខាភិបាលដែលបង្កឱ្យមានហានិភ័យរីករាលដាលជំងឺកូវីដ-១៩។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា បើអាជ្ញាធរមិនទប់ស្កាត់លើម្ចាស់ហាងដែលលួចបើកក្លឹបឬខារ៉ាអូខេ ឬមន្ត្រីថ្នាក់ក្រោមដែលគប់គិតគ្នានោះទេ នឹងធ្វើឱ្យការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩របស់រដ្ឋាភិបាលមិនមានប្រសិទ្ធភាពនោះទេ ពោលគឺកាន់តែធ្វើឱ្យមានហានិភ័យក្នុងការឆ្លងរាលដាលជំងឺនេះបន្តទៀត។
លោកមានប្រសាសន៍ថា៖ «បើសិនជាគ្មានវិធានការដាក់ទោសទណ្ឌឱ្យតឹងរ៉ឹងទៅអាជ្ញាធរថ្នាក់ក្រោមឱ្យតឹងរ៉ឹងទេ ជាធម្មតាគឺបញ្ហាការបើកហាងផឹកស៊ីខារ៉ាអូខេនៅតែជាកង្វល់សម្រាប់ការចម្លងជំងឺកូវីដ-១៩។ ហើយយើងឃើញថា ជាហានិភ័យខ្ពស់ដែលយើងមិនអាចធ្វើឱ្យសម្រេចបានតាមការគ្រោងទុករបស់រដ្ឋាភិបាល [ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩]»។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ការបណ្តែតបណ្តោយឱ្យមានការបើកក្លឹបកម្សាន្តនិងខារ៉ាអូខេ ការជួបជុំគ្នាផឹកស៊ី ច្រៀងរាំសប្បាយ ល្មើសវិធានក្រសួងសុខាភិបាល នឹងធ្វើឱ្យវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩របស់រដ្ឋាភិបាលបរាជ័យនៅពេលខាងមុខនេះ។
ករណីនេះ លោកស្រី ចក់ សុភាព លើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធត្រូវសហការគ្នាធ្វើការងារប្រកបដោយតម្លាភាព កុំប្រកាន់បក្ខពួកនិយមរវាងអ្នកមានលុយ មានអំណាច និងអ្នកក្រីក្រ បើពុំដូច្នោះទេ នឹងធ្វើឱ្យសង្គមជួបបញ្ហាប្រឈមផងដែរ។
លោកស្រីមានប្រសាសន៍ថា៖ «ខ្លួនជាអ្នកដាក់ច្បាប់ចេញ ខ្លួនជាអ្នកអនុវត្តច្បាប់ ប៉ុន្តែពេលខ្លួនធ្វើខុស ហើយរួចខ្លួន ហើយពលរដ្ឋដែលបំពាន តែងតែប្រឈមនឹងទោសទណ្ឌ អ៊ីចឹងវាអត់មានជាគំរូល្អក្នុងការអនុញ្ញាតឱ្យពលរដ្ឋគោរពច្បាប់ដែលខ្លួនចេញ។ ហើយទី២ វាបង្ហាញភាពមិនស្មើភាពគ្នាចំពោះមុខច្បាប់ ហើយទី៣ វាបង្កវិនាសកម្មដល់សង្គម»។
វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានទេ នៅថ្ងៃនេះ។
តែយ៉ាងណា គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ដែលចុះផ្សាយនៅថ្ងៃពុធនេះ បានស្រង់សម្តីរបស់លោក ស ថេត ដោយព្រមានដល់មន្ត្រីក្រោមឱវាទថា ក្នុងករណីបណ្តែតបណ្តោយឱ្យមានការបើកក្លឹបកម្សាន្តជួបជុំគ្នាផឹកស៊ី ច្រៀងរាំសប្បាយ ល្មើសវិធានក្រសួងសុខាភិបាល គឺអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ ហើយនៅពេលមានបទល្មើសកើតឡើងក្នុងមូលដ្ឋាន មិនត្រូវឆ្លើយថា «មិនដឹង» នោះទេ។
កាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ អភិបាលរងខណ្ឌមានជ័យ លោក មា សុភាព បានចុះបិទហាងខារ៉ាអូខេមួយកន្លែងយីហោ «គោដុត រិទ្ធ វិទូ» ជាបណ្តោះអាសន្ន ដោយសារហាងនេះបើកដំណើរការខារ៉ាអូខេ បំពាននឹងបម្រាមក្រសួងសុខាភិបាល។ ក្រោយពីចុះបង្ក្រាប អាជ្ញាធរបានត្រឹមតែធ្វើការអប់រំ ណែនាំឱ្យធ្វើកិច្ចសន្យា និងដោះលែងមនុស្សឱ្យត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ។
កាលពីថ្ងៃទី៧ ខែកក្កដា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយប្រាប់ទៅម្ចាស់អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេទាំងអស់ អាចបើកដំណើរឡើងវិញ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន។ ប៉ុន្តែម្ចាស់អាជីវកម្មទាំងនោះ ត្រូវគោរពលក្ខខណ្ឌមួយចំនួនដូចជា ត្រូវស្នើសុំលិខិតអនុញ្ញាតបើកអាជីវកម្មទៅតាមយន្តការ«ច្រកចេញតែមួយ» រាជធានីភ្នំពេញ ហើយគោរពនូវវិធានសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការសុវត្ថិភាពរបស់ក្រសួងទេសចរណ៍ផងដែរ៕